ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ការដំឡើង​ស្ដង់ដា​«​ផ្កាយ​»​ដោយ​ខ្លួនឯង ក្នុង​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ជិះ​ឥទ្ធិពល​មិនល្អ​ដល់​វិស័យ​សណ្ឋាគារ​
02, Jun 2019 , 4:59 pm        
រូបភាព
​សៀមរាប​៖ វិស័យ​សណ្ឋាគារ​នៅក្នុង​ខេត្តសៀមរាប​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នាពេល​បច្ចុប្បន្ននេះ ស្រប​ពេលដែល​កម្ពុ​ជាមាន​កំណើន​ភ្ញៀវទេសចរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ យ៉ាងណាក៏ដោយ បើតាម​ការលើកឡើងរ​បស់​ប្រតិបត្តិ​ករ​ទេសចរណ៍ បរិមាណ​បន្ទប់​នៅក្នុង​ខេត្ត​មួយ​នេះ​ហាក់​លើសពី​តម្រូវការ​ដែលមាន​សព្វ​ថ្ងៃ គឺ​បរិមាណ​ទេសចរ​មាន​ប្រហែល​៣០​ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ចំនួន​បន្ទប់​សណ្ឋាគារ​ទាំ​ង​អស់​។ ដោយ​កត្ដា​នេះហើយ ទើប​ធ្វើឱ្យមាន​ការប្រកួតប្រជែង​កើតចេញ​ជាច្រើន​ទម្រង់​។ សណ្ឋាគារ​ខ្លះ បាន​ទម្លាក់​តម្លៃ​ជាង​ពាក់កណ្ដាល ឯ​ខ្លះទៀត​ដើម្បី​តម្រូវការ​ភ្ញៀវ​ឬ​ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ បាន​ដំឡើង​ផ្កាយ​សណ្ឋាគារ​របស់ខ្លួន​ពី​ផ្កាយ​២ ផ្កាយ​៣ ទៅ​ផ្កាយ​៤​ឬ​ផ្កាយ​៥ តែ​តម្លៃ​លក់​នៅ​ផ្កាយ​ទាប​ដដែល​។ ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​មើលឃើញ​រូបភាព​មិនល្អ​នៅលើ​ចំណុច​ទាំងនេះ​ដែល​ចង់​មិន​ចង់វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​សណ្ឋាគារ​ទាំងមូល​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 


ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​លេខ​មួយ​របស់​កម្ពុជា​។ ដោយសារ​កត្ដា​នេះហើយ​ទើប​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​នេះ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ចំណែក​វិស័យ​សណ្ឋាគារ ក៏​រីក​ជា​ហូរហែ​ដែរ​។ យ៉ាងណាក៏ដោយ នា​រយៈពេល​ចុងក្រោយ​នេះ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច លើ​សកលលោក និង​បញ្ហា​ក្នុង​តំបន់​របស់​ប្រទេស​មួយចំនួន បាន​ជិះ​ឥទ្ធិពល​មិនល្អ ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​
 
​យោងតាម​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នា​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ ទេសចរ​អន្ដរជាតិ​មក​ទស្សនា​ខេត្តសៀមរាប ធ្លាក់ចុះ​ជាង​៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ ទេសចរ​មាន​ជាង​៩៧​ម៉ឹ​ន​នាក់ ដែល​សរុប​ជា​ទឹកប្រាក់​ស្មើនឹង​ជាង​៤៤​លាន​ដុល្លារ​អាមេរិក ថយចុះ​ជាង​៨​ភាគរយ​។​
 
​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ខេត្ត​នេះ​មាន​បន្ទប់​ស្នាក់នៅ ប្រមាណ​២​ម៉ឺន​បន្ទប់ ដែល​ចំនួន​នេះ​ហាក់​លើស​តម្រូវការ​ច្រើន បើ​ធៀប​នឹង​ចំនួន​ទេសចរ​ត្រឹម​៥​ពាន់​ក្នុង​មួយថ្ងៃ នៅក្នុង​ខេត្តសៀមរាប​។ តម្រូវការ និង​ផលិតផល​មិន​ស្មើគ្នា​បែបនេះហើយ ទើប​ធ្វើឱ្យ​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារ​មិន​ស្មើភាព​គ្នា ពិសេស​នា​រដូវ​ខ្សត់​ភ្ញៀវ​តែម្ដង​។ ការប្រកួតប្រជែង​នេះ ក៏​ឈានដល់​ការទម្លាក់​ថ្លៃ​បន្ទប់​ខ្ពស់ ប៉ះពាល់​ដល់​សណ្ឋាគារ     ផ្សេងៗ​ដែល​នៅ​រក្សា​តម្លៃ​ដដែល​។ ឯ​ខ្លះទៀត​ដំឡើង​ផ្កាយ​សណ្ឋាគារ​ដោយ​ខ្លួនឯង តាម​តម្រូវការ​ភ្ញៀវ​។​
 
​ចំពោះ​បញ្ហា​ខាងលើនេះ ប្រធាន​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប លោក កៅ ហ្វី​លី​ព លើកឡើងថា ការដំឡើង​ផ្កាយ​ដោយ​ខ្លួនឯង ពី​សណ្ឋាគារ​មួយចំនួន គឺជា​ការមិន​ត្រូវ​ឡើយ ដ្បិតថា​ការងារ​នេះ ជា​សមត្ថកិច្ច​របស់​ក្រសួងទេសចរណ៍​ប៉ុណ្ណោះ​។ លោក​បន្តថា ក្រសួងទេសចរណ៍​មាន​គណៈកម្មាធិការ​វាយតម្លៃ​ផ្កាយ​សណ្ឋាគារ និង​មាន​នីតិវិធី​ត្រឹមត្រូវ ហើយ​ការកំណត់​ផ្កាយ​ខ្លួនឯង​នៅលើ​ការលក់​នេះ គឺ​ប៉ះពាល់​ខ្លាំង​ដោយ​វិស័យ​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប​។​
 
​លោក ហ្ស​ង វណ្ណៈ នាយក​ចាត់ការ​ទូទៅ​ស្ដីទី​នៃ​សណ្ឋាគារ​សុខា បាន​មើលឃើញ​ខ្ពស់​ពីស​ក្កា​នុព​ល​ក្នុង​វិស័យ​សណ្ឋាគារ​នៅ​ខេត្តសៀមរាប ថា​នៅតែ​ល្អ​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​។ តែ​អ្វី​ជាការ​ព្រួយបារម្ភ​សម្រាប់​លោក នោះ​គឺ​ការប្រកួតប្រជែង​តម្លៃ​ដ៏​ស្រូ​ច​ស្រាវ​ទៅវិញ​ទេ ដែល​អាចធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​អាច​ជួប​ហានិភ័យ ប្រសិនបើ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​។ តាម​ការមើលឃើញ​ជាក់ស្ដែង​របស់លោក វណ្ណៈ គឺ​សណ្ឋាគារ​ភាគច្រើន​បាន​ដំឡើង​កម្រិត​ផ្កាយ​របស់ខ្លួន ដោយ​មិន​ខ្វល់​ពី​គុណភាព សេវាកម្ម រួម​និង​តម្លៃ​ឡើយ សំខាន់​អាច​ប្រជែង​យក​ភ្ញៀវ​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ​របស់ខ្លួន​។ ចំណុច​នេះ​ធ្វើឱ្យ​លោក វណ្ណៈ បារម្ភ​ថា​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​បរទេស ពេល​ឃើញ​តម្លៃ​ផ្សេងគ្នា​ខ្លាំង រវាង​សណ្ឋាគារ​ដែលមាន​កម្រិត​ផ្កាយ​តាម​ស្ដង់ដា និង​សណ្ឋាគារ​ដែល​ដំឡើង​ផ្កាយ​ដោយ​ខ្លួនឯង​តាម​បណ្តាញ​អ៊ិន​ធើ​ណិ​ត​។​
 
​ចំពោះ​បញ្ហា​ដំឡើង​ផ្កាយ​ដោយ​ឯកឯង​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ ថា​នឹង​ឱ្យ​ជំនាញ​ធ្វើការ​រឿងនេះ និង​ព្រមាន​ឱ្យ​សណ្ឋាគារ​ទាំងនោះ​ដកចេញ​ពី​វេ​ប​សាយ​វិញ​។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ក្នុង​ខេត្តសៀមរាប សណ្ឋាគារ​ដែលមាន​កម្រិត​ផ្កាយ​៥​មាន​ចំនួន​២០ រីឯ​ផ្កាយ​៤​មាន​ត្រឹម​២៤​ប៉ុណ្ណោះ​។​
 
​ប្រធាន​គ្រប់គ្រង​សណ្ឋាគារ សា​រ៉ៃ លោក ជា សុខន ហាក់​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្រើន​ទេពី​ការដំឡើង​ផ្កាយ​សណ្ឋាគារ​នេះ តែ​លោ​កថា ប្រសិនបើ​មាន​ពិតមែន​គឺ​ប៉ះពាល់​ដល់​សណ្ឋាគារ​ដែល​មាន​ផ្កាយ​ខ្ពស់​តាម​ស្ដង់ដា​ពិតប្រាកដ​ណាស់​។ លោក​ពន្យល់ថា សណ្ឋាគារ​មួយៗ​គ្មាន​សិទ្ធិ​ដំឡើង​ផ្កាយ​ដោយ​ឯកឯង​ទេ គឺ​ត្រូវមាន​ការត្រួតពិនិត្យ​និង​ផ្តល់ជូន​ដោយ​ក្រសួងទេសចរណ៍​។ ឯ​ផលប៉ះពាល់​មួយទៀត​គឺ​សតិអារម្មណ៍​ភ្ញៀវ​តែម្ដង ដែល​រំពឹង​ទទួលបាន​សេវាកម្ម​និង​គុណភាព​ផ្កាយ​ខ្ពស់ តែ​ត្រូវ​ខកចិត្ត ហើយ​ពួកគេ​នឹង​ចោទប្រកាន់​ចំណាត់ថ្នាក់​សណ្ឋាគារ​ក្នុង​តំបន់​នោះ​ថា​គ្មាន​គុណភាព​ជាដើម​។ 
 
​ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​ដ៏​ធំ​មួយ កន្លងមក លោក សុខន សង្កេតឃើញថា​មាន​សណ្ឋាគារ​មួយចំនួន​បាន​ទម្លាក់​តម្លៃ​លក់​របស់ខ្លួន​នៅតាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​រាល់ពេល​ខែ​ខ្សត់​ភ្ញៀវ​ឬ​ខែ Low Season ម្ដងៗ​។ លោក​បន្ថែមថា សណ្ឋាគារ​ខ្លះ​ដែល​ធ្លា​ប់លក់​ក្នុងតម្លៃ​ពី​៦០​ទៅ​៨០​ដុល្លារ មក​លក់​ត្រឹម​២៥​ឬ​៣៦​ដុល្លារ​។ លោក សុខន ថា​ការធ្វើ​របៀបនេះ​មិនអាច​ស្រោង​ស្រង់​ចំនួន​ទេសចរ​ឱ្យមក​ច្រើន​វិញ​បានទេ ផ្ទុយទៅវិញ​សណ្ឋាគារ​នឹងរង​ការខាតបង់​ច្រើន ហើយ​ការខាតបង់​នេះ​រួមទាំង​សណ្ឋាគារ​ដែល​ទម្លាក់​តម្លៃ​និង​មិន​ទម្លាក់​តម្លៃ​។ 
 
​ករណី​នេះដែរ លោក សុខន យល់ឃើញ​ទៀតថា សណ្ឋាគារ​ដែល​ទម្លាក់​ត​ម្លៃ​នេះ ហាក់​កំពុង​សម្លាប់​ខ្លួនឯង​ទៅវិញ​ទេ​។ លោក​ក៏​ស្នើឱ្យ​បញ្ឈប់​ការលក់​បែប​នោះ ហើយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​នានា​ក៏​គួរ​យល់​ពី​បញ្ហា​នេះដែរ ដោយ​មិន​ត្រូវយក​តម្លៃ​លក់​របស់​សណ្ឋាគារ​ដែល​លក់​តាម​ស្ដង់ដា​ទៅ​ដាក់​សម្ពាធ​ប្រៀបធៀប​តម្លៃ​លក់​ទៅនឹង​សណ្ឋាគារ​ដែល​ទម្លាក់​តម្លៃ​ធ្វើឱ្យ​ខូចគុណភាព​វិស័យ​សណ្ឋាគារ​ខ្លួន​ឡើយ​៕
 
 
 

Tag:
 សណ្ឋាគារ​
  សៀមរាប​
  កៅ ហ្វី​លី​ព​
  ហ្ស​ង វណ្ណៈ​
  ង៉ូ​វ សេង​កាក់
© រក្សាសិទ្ធិដោយ thmeythmey.com