ជាតិ
សង្គមជាតិ
ករណីហិង្សាលើកូនស្រី៖ ស្នងការខេត្តត្បូងឃ្មុំ បកស្រាយថា ក្មេងស្រីគ្មានរបួសធ្ងន់ធ្ងរទេ ខណៈឪពុកត្រូវបានអប់រំ រូបពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
× ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបកស្រាយថា ករណីឪពុកប្រើអំពើហឹង្សារលើកូន ដោយចាប់ចងភ្ជាប់នឹងសសរផ្ទះនាពេលថ្មីៗនេះ មិនបានបង្ករបួសធ្ងន់ធ្ងរ ដូចការចោទប្រកាន់នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។ ហើយសមត្ថកិច្ច បានអប់រំលើឪពុកកុមារីរូបនេះដែរ។
ក្រោយចុះត្រួតពិនិត្យ និងសួរនាំក្មេងស្រីរងគ្រោះ ដែលមានឈ្មោះ ចន សុខណា អាយុ ១០ ឆ្នាំហើយ សមត្ថកិច្ចបានរកឃើញថា ក្មេងស្រីពុំមានស្នាមរបួសធ្ងន់ធ្ងរ ដូចការចោទប្រកាន់របស់បណ្ដាញសង្គមមួយចំនួននោះទេ ហើយសមត្ថកិច្ចក៏បានកោះហៅឪពុកក្មេងស្រី ដែលមានឈ្មោះ ញឹក ពឿន អាយុ ៥២ ឆ្នាំ មកធ្វើកិច្ចសន្យា និងអប់រំណែនាំផងដែរ។
ស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ខេត្តត្បូងឃ្មុំ លោក ហៃ ឡាលិន បានបញ្ជាក់ថា៖« ក្រោយពីជំនាញបានពិនិត្យទៅលើកុមាររងគ្រោះនោះ ឃើញថា ពុំមានស្នាកស្នាមធ្ងន់ធ្ងរ ដូចការចោទប្រកាន់ពីបណ្ដាយសង្គមនោះឡើយ»។
ឪពុកម្ដាយរបស់កុមារីខាងលើបានធ្វើចំណាកស្រុក ហើយបានផ្ញើកូនស្រីរបស់ខ្លួនឲ្យរស់នៅជាមួយជីដូនមួយរយៈសិន លុះដល់ថ្ងៃកើតហេតុឪពុកបានមកយកកូនស្រីទៅរស់នៅជាមួយខ្លួនវិញ ប៉ុន្តែកូនស្រីរូបនោះបានប្រកែក និងរត់គេចមិនព្រមទៅជាមួយខ្លួន។ ដូច្នេះឪពុកក្មេងស្រីបានចាប់នាងចងទៅហ្នឹងសរសេផ្ទះ ដើម្បីរៀបចំខោអាវ តែកូនស្រីចេះតែរើបម្រាស់ ឪពុករូបនេះក៏វាយបន្តិចបន្តួច។ ហើយពេលនោះជីដូនក៏បានប្ដឹងទៅសម្ថកិច្ចឲ្យជួយអន្តរាគមន៍ផងដែរ។ នេះជាការបញ្ជាក់របស់សម្ថកិច្ច។
គួររម្លឹកថា កាលពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ ២០១៩ មានអ្នកលេងហ្វេសប៊ុកបានបង្ហោះវីឌីអូអំពី ឪពុកបង្កើតបានប្រើអំពើហឹង្សា មកលើកូនស្រីរបស់ខ្លួន ដែលស្ថិតនៅ ភូមិពោធិព្រឹក្សកើត ឃុំដូចតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយការចាប់ចងកូនផ្អោបទៅនឹងសសរផ្ទះ ហើយមានក្រម៉ាជាប់នឹងករកូន វាយធ្វើបាបកូនស្រីរបស់ខ្លួនយ៉ាងចាស់ដៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com