អន្តរជាតិ
រដ្ឋមន្ត្រី​ការពារ​ជាតិចិន​៖ ទោះ​ខ្លាំង​ប៉ុនណា​ក៏ដោយ ចិន​នឹងមិន​ដើរ​គំរាម​គេឯង​ឡើយ​
03, Jun 2019 , 10:05 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិចិន វៃ ហ្វឹងហឺ ថ្លែងនាកិច្ចសន្ទនា Shangri-La នៅសិង្ហបុរី។ រូបភាព Xinhua
រដ្ឋមន្ត្រីការពារជាតិចិន វៃ ហ្វឹងហឺ ថ្លែងនាកិច្ចសន្ទនា Shangri-La នៅសិង្ហបុរី។ រូបភាព Xinhua
​ពី​សិង្ហ​បុរី រដ្ឋមន្ត្រី​ការពារ​ជាតិចិន វៃ ហ្វឹ​ង​ហឺ បាន​និយាយ​ការពារ​ការ​ងើបឡើង​ឥតឈប់ឈរ​របស់​កង​ទ័ព​រំដោះប្រជាជន​ចិន​។ ចំពោះមុខ​រដ្ឋមន្ត្រី​ការពារជាតិ និង​ប្រមុខ​កងទ័ព​ជាច្រើនរូប លោក វៃ ហ្វឹ​ង​ង​ហឺ និយាយ​ច្បាស់ៗ​ថា យោធា​ចិន អនុវត្ត​នយោបាយ​ការពារ​ខ្លួន​សុទ្ធសាធ ហើយ​មិន​គំរាម​ប្រទេស​ផ្សេង​ឡើយ ទោះ​មាន​សមត្ថ​ភាពខ្លាំង​ប៉ុណ្ណា​ក្ដី​។ ប៉ុន្តែ​រដ្ឋមន្ត្រី​រូបនេះ​ក៏​ព្រមាន​វិញ​ថា បើ​មាន​ប្រទេស​ណា​វាយប្រហារ​មុន យោធា​ចិន​ប្រាកដ​តដៃ​មិន​ខាន​។​

 
​ការកើនឡើង​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​របស់​កងទ័ព​រំដោះប្រជាជន ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​មានការ​ភ័យព្រួយ ពិសេស​ប្រទេស​ដែលមាន​ជម្លោះ​ជាមួយ​ចិន​។ យ៉ាងណាមិញ បើតាម​កាសែត​ចិន China Daily​ប្រមុខ​ការពារ​ជាតិចិន វៃ ហ្វឹ​ង​ហឺ បញ្ជាក់ថា ចិន​នឹងមិន​ធ្វើសង្គ្រាម​ជាមួយ​ណា​ឡើយ លុះត្រាតែ​ខ្លួន​រង​ការវាយប្រហារ​ជាមុន​។​
 
​នា​វេទិកា​កិច្ចសន្ទនា​សន្តិសុខ Shangri-la នៅ​ថ្ងៃទី​២ ខែមិថុនា ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វឹ​ង​ហឺ និយាយថា កងទ័ព​រំដោះប្រជាជន​ចិន ដើរ​លើផ្លូវ​អភិវឌ្ឍ​ដោយ​សន្តិភាព បន្ត​ការប្ដេជ្ញាចិត្ត​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ ហើយ​ជួយ​រក្សា​សន្តិភាព និង​សន្តិសុខ​តំបន់ ក៏ដូចជា​ពិភពលោក​។ បើតាម​លោក​រដ្ឋមន្ត្រី ការប្ដេជ្ញាចិត្ត​របស់​យោធា​ចិន​ក្នុង​ការរក្សា​សន្តិភាព មានចែង​ក្នុង​ធម្មនុញ្ញ​បក្ស​កុម្មុយនីស្ត​ចិន និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទៀតផង​។ 
 
«​បើ​ដល់​ថ្នាក់​នេះហើយ នៅមាន​ប្រទេស​ដែល​មិន​ជឿជាក់​ចិន​ទៀត​នោះ គ្មានអ្វី​ដែល​ចិន​ធ្វើបាន​ទៀតឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក វៃ ហ្វឹ​ង​ហឺ ក្នុង​សម្លៀកបំពាក់​ឧ​ត្ត​ម​សេនីយ៍​របស់​យោធា​ចិន​ដែល​បន្តថា នៅ​ថ្ងៃ​ខាងមុខ មិន​ថា​ចិន​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​យោធា​ចិន​នឹងមិន​ដើរ​គំរាម​ប្រទេស​ផ្សេង អនុវត្ត​គោលនយោបាយ​អនុត្តរភាព ឬ​បង្កើន​តំបន់​ឥទ្ធិពល​របស់ខ្លួន​អ្វី​ឡើយ ព្រោះ​វា​មិន​ស្របតាម​ជំហរ និង​ផលប្រយោជន៍​របស់ខ្លួន​។​
 
​លោក វៃ ហ្វឹ​ង​ហឺ ជា​រដ្ឋមន្ត្រី​ការពារជាតិ​ទីមួយ​ចូលរួម​ក្នុង​វេទិកា​នេះ​តាំងពី​ឆ្នាំ​២០១១ មក​។ វត្តមាន​របស់លោក កើត​ចំពេល​ដែល​ស្ថានការណ៍​ក្នុង​តំបន់ និង​ពិភពលោក​គ្របដណ្ដប់​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ព្រមទាំង​ការព្រួយបារម្ភ​ពី​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​។ ត្រង់ចំណុច​នេះ ប្រមុខ​ការពារជាតិ​លើកឡើងថា គ្មាន​បំណង​បង្កបញ្ហា​អ្វី​ឡើយ តែ​ក៏​មិន​ខ្លាច​ដែរ បើ​អ្នកណា​ហ៊ាន​វាយប្រហារ​ចិន យោធា​ចិន​នឹង​វាយបក​វិញ​។​
 
​ទោះ​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា ក្នុង​ចិត្ត​របស់លោក វៃ ប្រាកដ​ជាមាន​ពាក្យ​អាមេរិក​មិន​ខាន​។ ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ កាន់តែ​ជូរចត់​ខ្លាំង​ដោយសារ​បញ្ហា​ជាច្រើន​ចាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម ការគាំទ្រ​កោះ​តៃវ៉ាន់​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន រហូត​ការបញ្ចេញ​សាច់ដុំ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​របស់​កងទ័ព​ចិន​ផង​។ 
 
​ក្នុង​គោលដៅ​ទប់ទល់​ឥទ្ធិពល​ចិន អាមេរិក​តែ​បញ្ជូន​នាវា​របស់ខ្លួន​បើក​កាត់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ពេលខ្លះ​ចូល​កៀក​ដែន​កោះ​ដែល​ត្រួតត្រា​ដោយ​ចិន​ទៅទៀត​។ អាមេរិក​តែង​លើកឡើង​ពី​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​វត្តមាន​យោធា​របស់ខ្លួន ប៉ុន្តែ​ការបកស្រាយ​បែបនេះ​មិន​ចូល​ត្រចៀក​ចិន​ឡើយ​។ ក្នុង​វេទិកា​ដដែល រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ចោទ​អាមេរិក​ថា បាន​បង្កើន​កម្ដៅ​ភាណ​តានតឹង​ដោយ​យក​សេរីភាព​នាវាចរណ៍​ជា​លេស​៕

Tag:
 ចិន​
  អាមេរិក​
  វៃ ហ្វឹ​ង​ហឺ
© រក្សាសិទ្ធិដោយ thmeythmey.com