វេជ្ជសាស្ត្រ​សម្រាប់​ព្យ​បាល​សត្វ​ថ្មី​មួយ​ត្រូវបាន​បង្កើត​សម្រាប់​សត្វ​ពង្រូល​នៅក្នុង​ទ្វីបអាហ្វ្រិក​
អន្តរជាតិ
វេជ្ជសាស្ត្រ​សម្រាប់​ព្យ​បាល​សត្វ​ថ្មី​មួយ​ត្រូវបាន​បង្កើត​សម្រាប់​សត្វ​ពង្រូល​នៅក្នុង​ទ្វីបអាហ្វ្រិក​
04, Jun 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្រុង JOHANNESBURG ៖ អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens ដែលជា​ពេទ្យសត្វ​មួយរូប​បាន​ក្លាយជា​ទៅជា «​វេជ្ជបណ្ឌិត​ព្យ​បាល​សត្វ​ពង្រូល​» នៅ​អាហ្វ្រិក​ដើម្បី​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​សត្វ​ប្រភេទ​នេះ​ចេញពី​ការធ្វើ​ជំនួញ​សត្វព្រៃ​ខុសច្បាប់​។ វិធីសាស្ត្រ​បញ្ចុក​ចំណី​តាម​ទុយោ និង​ការធ្វើ​តេស្ត​ឈាម​ដែល​ណែនាំ​ដោយ​អ្នកស្រី​វេជ្ជបណ្ឌិត​ជួយសង្គ្រោះ​ជីវិត​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ​បាន​ច្រើន​។​


​អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens ដែល​ព្យាបាល​សត្វ​ពង្រូល​បាន​ថ្លែងថា​៖ «​ប្រសិនបើ​អ្នកមើល​ជើង​របស់​សត្វ​ពង្រូល​នេះ យើង​អាច​ដឹងថា វា​ជាប់​នៅក្នុង​ទ្រុង​យូរ​ប៉ុនណា​...»​។​

​សត្វ​ពង្រូល​ជិត​ផុត​ពូជ​នេះ ជា​អំបូរ​មួយ​ប្រភេទ​ដែល​រកឃើញ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​អាហ្វ្រិក​ខាងកើត ហើយ​វា​ជា​សត្វ​ដែលមាន​សំណាង​។​

​សត្វ​ពង្រូល​នេះ​ស្ថិត​ក្នុងចំណោម​សត្វ​ពង្រូល​៥០​ក្បាល ដែល​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ឆ្នាំនេះ ចេញពី​អ្នកជួញដូរ​សត្វព្រៃ និង​ត្រូវបាន​អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens មើលថែទាំ​។​

​វិធីសាស្ត្រ​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ថ្មីស្រឡាង​របស់​អ្នកស្រី​សម្រាប់​សត្វ​ពង្រូល​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​វា​អាច​ត្រឡប់​ទៅ​ទីជម្រក​របស់​វា​វិញ​បាន​ក្នុងពេល​ឆាប់ៗ​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖




​អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens បាន​ថ្លែងថា​៖ «​យើង​ដឹង​ពី​សត្វ​ពង្រូល​អំបូរ Temminck តិច​ណាស់​។ មានការ​ប្រ​ម៉ាញ់​យក​សត្វ​នេះ​ជាច្រើន និង​យូរយារ​មកហើយ​នៅក្នុង​ទ្វីបអាស៊ី​។ ដូច្នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ចំណាយពេល​ច្រើន​ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​អំបូរ​សត្វ​ប្រភេទ​នេះ​។ ចំណែក​ពួកយើង​វិញ យើង​អាចជួយ​សង្គ្រោះបាន​ម្តង​មួយៗ​។ សត្វ​ពង្រូល​នៅ​អាស៊ី​ស៊ី​ចំណី​នៅលើ​ចាន ប៉ុន្តែ​សត្វ​ពង្រូល​នៅទីនេះ​អត់​ស៊ី​ទេ​។ យើង​ត្រូវយក​វា​ទៅ​ដា​ក់នៅ​កន្លែង​ដែល​វា​រស់​នៅតាម​ធម្មជាតិ​វិញ និង​ត្រូវ​តាមដាន​មើល​វា​រាល់ពេល​យើង​ឲ្យ​ចំណី​វា​ស៊ី​»​។​

​ក្រុមការងារ​របស់​អ្នកស្រី​វេជ្ជបណ្ឌិត Lourens បាន​បង្កើត​វិធីសាស្ត្រ​បញ្ចុក​ចំណី​តាម​ទុយោ ដោយ​ប្រើ​អាហារ​មាន​ជាតិ​ខ្លាញ់​តិច និង​ប្រូតេអ៊ីន​ច្រើន ដើម្បី​ជួយ​ឲ្យ​សត្វ​ពង្រូល​ដែល​ត្រូវបាន​សង្គ្រោះ​ទាំងនោះ នៅរស់ និង​អាចជា​សះស្បើយ​។​

​ការស្រាវជ្រាវ​របស់​អ្នកស្រី​វេជ្ជបណ្ឌិត​លើ​ការធ្វើ​តេស្ត​ឈាម​បានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​រៀបចំ​គម្រោង​ព្យាបាល​សត្វ​ពង្រូល​នីមួយៗ​។​

​លោក​សាស្ត្រាចារ្យ Leith Meyer គឺជា​នាយក​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ពេទ្យសត្វ​នៃ​សាកលវិទ្យាល័យ Pretoria​។ លោក​និយាយថា​ការស្រាវជ្រាវ​របស់​អ្នកស្រី​វេជ្ជបណ្ឌិត Lourens មាន​សារៈសំខាន់​ខ្លាំងណាស់​។ លោក​បាន​ថ្លែងថា​៖

«​អ្នកស្រី​វេជ្ជបណ្ឌិត​រកឃើញ​វិធី​ព្យាបាល​ដ៏​មាន​សារៈសំខាន់​មួយ​។ អ្នកស្រី​បាន​រកឃើញ​រឿង​ដ៏​សំខាន់​មួយ​អំពី​ទម្លាប់​រស់នៅ​ធម្មតា​របស់​សត្វ​ពង្រូល និង​អំពី​ដំណើរការ​របស់​រាងកាយ​ពួកគេ​។ ការរកឃើញ​ទាំងនេះ​បានធ្វើ​ឲ្យ​អ្នកស្រី និង​មនុស្ស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​អាច​ថែទាំ​សត្វ​ពង្រូល​បានល្អ​ជាង​មុន​»​។​

​អ្នកស្រី Nicci Wright ធ្វើការ​ឲ្យ​អង្គការ​ក្រុមការងារ​ការពារ​សត្វ​ពង្រូល​អាហ្វ្រិក និង​ការពារ​ការជួញដូរ​ស​ត្វ​អន្តរជាតិ ឬ African Pangolin Working Group and Humane Society International​។ អ្នកស្រី​បាន​និយាយថា វា​ច្បាស់​ណាស់​ថា​ការអភិរក្ស​សត្វ​អ​ង្រូ​ល​នៅ​ទ្វីបអាហ្វ្រិក​មិនមែន​គ្រាន់តែ​អាច​បញ្ចប់​ការ​ប្រ​ម៉ាញ់​សត្វ​ពង្រូល​ប៉ុណ្ណោះ​ទេ​។​

​អ្នកស្រី Wright និយាយថា «​យើង​ត្រូវការ​វិធីសាស្ត្រ​ផ្សេងៗ​។ អ្វីដែល​សំខាន់បំផុត​គឺ​ការព្យាបាល​ដោយ​ពេទ្យសត្វ​»​។​

​លោក​សាស្ត្រាចារ្យ Raymond Jansen គឺជា​ប្រធាន​អង្គការ​ការពារ​សត្វ​ពង្រូល​អាហ្វ្រិក ឬ African Pangolin Working Group​។ លោក​និយាយថា សត្វ​ពង្រូល​ដែល​ទទួលបាន​ការព្យាបាល​ពី​អ្នកជំនាញ​នៅ​អាហ្វ្រិក​ខាងត្បូង​មាន​សុខ​ភាពល្អ​។ 

​លោក​និយាយថា «​ប្រសិនបើ​យើង​អាច​សង្គ្រោះ​ពួកវា​បាន​លឿន​នោះ យើង​អាចយ​កវា​ចេញពី​មន្ទីរពេទ្យ​បាន​ជាង​៩០%​។ យើង​តាមដាន​ពួកវា​រយៈពេល​១​ឆ្នាំ​បន្ទាប់ពី​យើង​ដោះលែង​ពួកគេ​ចូលទៅ​ក្នុងព្រៃ​។ អត្រា​ជោគជ័យ​របស់​ពួកវា​គឺមាន​ប្រមាណ​ជា​៧៥%»​។​

​សត្វ​អ​ង្រូ​ល​គឺជា​សត្វ​មួយ​ប្រភេទ​ក្នុងចំណោម​សត្វ​នានា​ដែល​ត្រូវបាន​ពួក​ឈ្មួញ​ជួញដូរ​ច្រើន​បំផុត​។​

​វិធីសាស្ត្រ​ថែទាំ​ថ្មី​របស់​អ្នកស្រី​វេជ្ជបណ្ឌិត Lourens គឺ​គ្រាន់តែ​ជា​វី​ធី​សាស្ត្រ​មួយ​អាចជួយ​ទប់ស្កាត់​មិន​ឲ្យ​សត្វ​ប្រភេទ​នេះ​ផុត​ពូជ​ទាំងស្រុង​ចេញពី​ភពផែនដី​៕

© រក្សាសិទ្ធិដោយ thmeythmey.com