ជាតិ
សុខភាព
អ្នកផ្តល់​សេវា​សុខភាព​តាម​ភូមិ​រាប់រយ​នាក់​ត្រូវ​បង្ខំចិត្ត​ឈប់​ផ្តល់​សេវា ក្រោយ​រដ្ឋាភិបាល​ចាត់វិធានការ​ផ្លូវច្បាប់​
03, Jun 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងបីចៅ ខណៈដែលមន្ត្រីសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មូស និងដង្កូវទឹក នៅ​គេហដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងបីចៅ ខណៈដែលមន្ត្រីសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មូស និងដង្កូវទឹក នៅ​គេហដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
ដោយ: VOA
​ភ្នំពេញ ៖ អ្នកស្រី​ម៉ៅ សា​វី បម្រើ​ការងារ​ជា​បុគ្គលិក​ផ្តល់​សេវាកម្ម​សុខភាព​តាំងពី​អ្នកស្រី​នៅ​វ័យ​១៨​ឆ្នាំ នៅ​មណ្ឌល​សុខភាព​តា​សួស នៅក្នុង​ខេត្តស្វាយរៀង ដែល​ជាទី​កំណើត​របស់​អ្នកស្រី​។ អ្នកស្រី​យល់ថា ការងារ​នេះ​អាចជួយ​ជីវិត​អ្នកភូមិ​របស់​អ្នកស្រី​។​

 
​អ្នកស្រី សា​វី ដែលជា​មន្ត្រី​ជាប់​ក្របខណ្ឌ​បម្រើការ​នៅ​ផ្នែក​ផ្តល់​ថ្នាំ​បង្ការ និង​សម្រាលកូន បានចាប់ផ្តើម​ពី​ការងារ​ជា​អ្នក​ចាក់​ថ្នាំ​បង្ការ​ជូន​អ្នកភូមិ​។ ក្រោយមក​អ្នកស្រី​អនុវត្ត​ផ្នែក​សម្រាលកូន​អស់​រយៈពេល​១០ ឆ្នាំ​ទៀត​។​
 
​ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ អ្នកស្រី សា​វី ដែល​បច្ចុប្បន្ន​មាន​វ័យ​៤០​ឆ្នាំ បានទទួល​ដំណឹង​ថា អ្នកស្រី​មានឈ្មោះ​នៅក្នុង​ចំណោម​បញ្ជី​ឈ្មោះ​មនុស្ស ៣៩៣ នាក់​ដែលជា​«​អ្នកដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​អត់​លិខិតអនុញ្ញាត និង​គ្មាន​សញ្ញាប័ត្រ​ជំនាញ​សុខាភិបាល​» ដែល​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។​
 
​អ្នកស្រី សា​វី ដែល​បានទទួល​ព័ត៌មាន​ពី​អ្នក​រួម​ការងារ​នៅឯ​មណ្ឌល​សុខភាព​បាន​ប្រាប់​វី​អូ​អេ​ថា​៖
 
«​គេ​អត់​មាន​ប្រាប់​មុន​ថា បញ្ជូន​ឈ្មោះ​អី​ទេ ស្រាប់តែ​ចេញ​អ៊ីចឹង​មក​។ ខ្ញុំ​ខកចិត្ត​ហ្មង​។ ខ្ញុំ​ចង់​គាំងបេះដូង​»​។​
 
​មកដល់ពេលនេះ​យ៉ាងហោចណាស់​ឈ្មោះ​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ចំនួន​ជាង ១០០០ នាក់​ត្រូវបាន​មន្ត្រី​សុខា​ភិល​បាល​ដាក់ចូល​ក្នុង​បញ្ជី​អ្នកបម្រើ​សេវា​សុខ​ភាពមិន​ស្របច្បាប់​។​
 
​នៅក្នុង​ខែឧសភា​នេះ មន្ទីរ​សុខាភិបាល​តាម​បណ្តា​ខេត្ត​មួយចំនួន​ចាប់ផ្តើម​ប្រមូល​បញ្ជី​ឈ្មោះ​«​អ្នកដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​អត់​លិខិតអនុញ្ញាត និង​គ្មាន​សញ្ញាប័ត្រ​ជំនាញ​សុខាភិបាល​»​។ ក្រុមមន្ត្រី​មន្ទីរ​សុខាភិបាល​ថា ក្រសួង​រឹតបន្តឹង​ច្បាប់​នេះ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​អ្នកស្លាប់​ដោយសារ​ការចាក់​ថ្នាំ ដោយ​ពេទ្យ​មិន​ស្របច្បាប់​។​
 
​កាលពីដើម​ខែឧសភា នៅ​ខេត្តស្វាយរៀង គិលានុបដ្ឋាយិកា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​លោក​ធ្វើ​ការចាក់​ថ្នាំ​ព្យាបាល​ជំងឺ​បុរស​ម្នាក់ ដែល​ក្រោយមក​បណ្តាល​ឲ្យ​អ្នកជំងឺ​នោះ​ស្លាប់​។ ហេតុការណ៍​នេះ​នាំ​ឲ្យ​មន្ត្រី​មន្ទីរ​សុខាភិបាល​បញ្ជូន​បញ្ជី​ឈ្មោះ​ក្រុមគ្រូពេទ្យ​តាម​មូលដ្ឋានចំនួន ៣៩៣ នាក់​ទៅ​តុលាការ​។​
 
​ឯ​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ សប្តាហ៍​នេះ អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ចំនួន ១៧ នាក់​ត្រូវបាន​សាលាដំបូង​កោះហៅ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ក្នុង​សវនាការ​ពាក់ព័ន្ធ​រឿង​ប្រកបមុខរបរ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​។ នៅ​ខេត្ត​ត្បូងឃ្មុំ បញ្ជី​ឈ្មោះ​គ្រូពេទ្យ​ដែល​ត្រូវគេ​បញ្ជូនទៅ​តុលាការ​មាន​ចំនួន ១៤៨ នាក់​។​
 
​ចំណែក​នៅ​ខេត្តកំពង់ឆ្នាំង ប្រធាន​មន្ទីរ​សុខាភិបាល​លោក​ប្រាក់ វុន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ ២០១៨ លោក​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ចំនួន​៩ ករណី​ទាក់ទិន​នឹង​ក្រុម​អ្នកផ្តល់​សេវាកម្ម​សុខភាព​ដែល​លោក​ថា បាន​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​។ ប្រធាន​មន្ទីរ​សុខាភិបាល​រូបនេះ​បញ្ជាក់ថា មុន​ឆ្នាំ​២០១៧ ខេត្ត​របស់លោក​មាន​អ្នកដើរ​ចាក់​ថ្នាំ​តាម​ភូមិ​រហូតដល់​ជាង ៦០០ នាក់​។​
 
​លោក ប្រាក់ វុន ប្រាប់​វី​អូ​អេ​ថា​៖
 
«​ធម្មតា​អ្នកប្រព្រឹត្ត​អ៊ីចឹង​ច្រើនតែ​កើតឡើង​វិញ​។ យើង​ធ្លាប់មាន យើង​ធ្លាប់​លុប​អស់ហើយ​។ តែ​ជួនណា ពេល​យើង​ក្តាប់​មិនបាន​គ្រាប់​ជ្រុងជ្រោយ គាត់​ចេញ​ប្រព្រឹត្ត​ឡើងវិញ​។ ពេល​យើង​ដឹង យើង​មានតែ​ប្តឹង​ទេ លែងមាន​ណែនាំ ឬ​កិច្ចសន្យា​ទៀត​ទ‍េ​»​។​
 
​មន្ត្រី​សុខាភិបាល​យល់ថា ការ​រឹតបន្តឹង​ផ្នែក​ច្បាប់​យ៉ាង​ដូច្នេះ​អាច​ទប់ស្កាត់​មិន​ឲ្យ​មាន​អ្នកស្លាប់​ដោយសារ​ការទទួល​សេវាកម្ម​សុខភាព​គ្មាន​គុណភាព និង​ពង្រឹងគុណភាព​វិស័យ​សុខាភិបាល ដែល​កន្លង​មកជា​វិស័យ​មួយ​ដែលមាន​ការរិះគន់​ខ្លាំង​ពី​ប្រជាពលរដ្ឋ​។​
 
​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ ២៧ ខែឧសភា​នេះ បាន​បង្គាប់​ឲ្យ​គ្រប់​មន្ទីរ​សុខាភិបាល​នៅ​ខេត្ត​ផ្សេងទៀត បន្ត​រៀបចំ​ពាក្យបណ្តឹង​ដូចគ្នានេះ​ទូទាំងប្រទេស​។​
 
​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​អ្នក​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី ស្វែងរក​ឯកសារ​ផ្លូវច្បាប់​ដើម្បី​ពួកគេ​អាច​បន្តការងារ​ទៅមុខទៀត​។​
 
«​ចំពោះ​អ្នក​ដែលមាន​សញ្ញាប័ត្រ​ត្រឹមត្រូវ គួរតែ​មកសុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ មក ដើម្បី​បើក បើ​អត់​ទេ យើង​ហ្នឹង​ប្តឹងទៅ​តុលាការ​»​។​
 
​ចំពោះ​ផ្នែក​បម្រើ​សេវាកម្ម​សុខភាព​ជា​ឯកជន លោក​លី សូ​វ៉ាន់ បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវមាន​សញ្ញាប័ត្រ​ដែលមាន​ការទទួលស្គាល់​ចុះបញ្ជី​ជា​សមាជិក​គណៈ​នៃ​វិជ្ជាជីវៈ​ណាមួយ និង​ក្រោយមក​ទៅ​ចុះបញ្ជី​ដើម្បី​ទទួលបាន​អាជ្ញា​បណ្ណ​បើក​អាជីវកម្ម និង​ប្រក​បរបរ​នេះ​ជា​លក្ខណៈ​វិជ្ជាជីវៈ​ដោយ​ឯករាជ្យ​។​
 
«​យើង​ទុក​ឱកាស​ឲ្យ​គាត់​ជិត ១០ ឆ្នាំ​ទៅហើយ ដូច្នេះ​គួរ​ជា​ដំណាក់កាល​មួយ​រួមគ្នា​បំបាត់​ហើយ គួរតែ​ដល់​ដំណាក់កាល​មួយ​ដែល​យើង​ត្រូវអនុវត្ត​ការងារ​ហ្នឹង​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រកបដោយ​ប្រសិទ្ធភាព​ហើយ​»​។​
 
​លោកហាស់ ស៊ុន វ័យ​៦៨ ជា​អតីតមន្ត្រី​ជាប់​ក្របខណ្ឌ​នៅ​មណ្ឌល​សុខភាព​អង្គ​តា​សូ នៅ​ខេត្តស្វាយរៀង​។ បច្ចុប្បន្ន​លោក​ចូលនិវត្តន៍​។ លោក​ភ្ញាក់ផ្អើល​បន្ទាប់ពី​ដឹងថា លោក​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​ពាក្យបណ្តឹង​ទៅ​តុលាការ​ដែរនោះ​។ លោក​មានប្រសាសន៍ថា លោក​ផ្តល់​សេវា​សុខភាព​ដោយសារ​ការ​អ​ណិ​ត​អាសូរ​របស់លោក​ចំពោះ​ប្រជាជន​ក្រខ្សត់​ខ្សោយ​។​
 
​លោក​និយាយថា​៖
 
«​បងប្អូន​អ្នកស្រុក គាត់​ចេះតែ​ជឿជាក់​ខ្ញុំ ចេះតែ​មករក មក​ពឹង​ឲ្យ​មើលជំងឺ​គេ​អ៊ីចឹង​ទៅណា៎​។ ហើយ​យើង​ក៏​ចេះតែ​សុខ​សប្បាយ​ទៅ​។ ខ្ញុំ​ចេះតែ​ដើរទៅ​ចាក់​ទីនេះ​ទីនោះ ឬ​បង​ប្អូនគេ​មក​ផ្ទះ​អ៊ីចឹងទៅ​។ ហើយ​បើ​អ្នកណា​គេ​មក​មិន​រួច​ក៏​មិនដឹង​ផ្តាច់​មនោសញ្ចេតនា​ថា​ម៉េច បើ​ប្រជាជន​ស្រឡាញ់​យើង​ធ្លាប់​ព្យាបាល​ធ្លាប់​មើលជំងឺ​»​។​
 
​លោក​បន្តថា​៖
 
«​ខ្ញុំ​អត់​មាន​ប្រឆាំង​អី​ទេ ព្រោះនេះ​ជា​ច្បាប់ ហើយ​ខ្ញុំ​ក៏ត្រូវ​តែ​គោរព​ច្បា​ប‍់​»​។​
 
​លោកហាស់ ស៊ុន ចូល​ស្ម័គ្រចិត្ត​បម្រើ​ជា​ពេទ្យ​ទាហាន​នៅ​ឆ្នាំ ១៩៧២ នៅពេល​លោក​មាន​វ័យ​ជាង ២០​ឆ្នាំ​។ ក្រោយ​ឆ្នាំ ១៩៧៩ លោក​ត្រូវបាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​គិលានដ្ឋាន​តាម​ភូមិ ឃុំ ជា​ពេល​ដំបូង​ដែល​លោក​បានទទួល​ការបណ្តុះបណ្តាល​លើ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​នៅ​វិក្រឹត្យការ​ខេត្ត​។​
 
​លោកហាស់ ស៊ុន យល់ស្រប​ចំពោះ​ចំណាត់ការ​តឹងរ៉ឹង​ផ្លូវច្បាប់ ផ្តល់​យុត្តិធម៌​ត្រឹមត្រូវ និង​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​នៅពេល​ខាងមុខ​។ ទោះជា​យ៉ាងណា លោក​សម្តែង​ការ​អាក់អន់ចិត្ត ដោយ​លោក​យល់ថា កន្លងមក​លោក​បម្រើសេវា​សុខាភិបាល​នេះ​ដោយ​បទពិសោធន៍ និង​ឆន្ទៈ​របស់លោក​។​
 
​លោក​បន្ថែមថា លោក​មាន​ត្រឹមតែ​សញ្ញាប័ត្រ​គិលានុបដ្ឋាយិកា​បឋម​កាលពី​អំឡុង​ឆ្នាំ​១៩៨០ ដែល​មិនអាច​សុំ​អាជ្ញាប័ណ្ណ​បានទេ​។​
 
​លោក​និយាយថា​៖
 
«​គោរព​ច្បាប់​ត្រឹមត្រូវ​ហ្នឹង គេ​ធ្វើ​ឲ្យ​មាន​រចនាសម្ព័ន្ធ​បាន​ហើយ ឬ​នៅតាម​មូលដ្ឋាន​? គេ​មិនអាច​ធ្វើទៅកើត​ទេ ព្រោះ​ពេទ្យ​គេ​នេះ គេ​ម៉េច​ហ្នឹង​មក​នៅតាម​មូលដ្ឋាន នៅតាម​ជនបទ​អ៊ីចឹង​។ គេ​នៅ​ប្រមូលផ្តុំ​នៅ​ទីក្រុង​អ៊ីចឹង​ហ្នឹង​។ គេ​មិនអាច​រៀប​សេណា​រី​យ៉ូ​ឲ្យ​មាន​ពេទ្យ​ឲ្យ​គ្រប់គ្រាន់​តាម​មូលដ្ឋាន​បានទេ​»​។​


រូបឯកសារ៖ មណ្ឌលសុខភាពមេសថ្ងក ស្ថិតក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)


រូបឯកសារ៖ ស្រ្តីម្នាក់អង្គុយខាងមុខបន្ទប់សម្រាលកូននៅមណ្ឌលសុខភាពមេសថ្ងក ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
 
​ថ្វីបើ​មានការ​ព្រួយបារម្ភ និង​ការព្យាយាម​លុបបំបាត់​ក្រុម​អ្នកផ្តល់​សេវាកម្ម​សុខភាព​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក៏ដោយ ការស្ម័គ្រចិត្ត​របស់​ពេទ្យ​ដែលមាន​ក្របខ័ណ្ឌ​ទៅ​បម្រើ​ការងារ​សុខភាព​តាម​ខេត្ត និង​តំបន់​ដាច់ស្រយាល​នៅមាន​ចំនួន​តិចតួច​។​ដូច្នេះហើយ​អ្នកភូមិ​នៅតែ​បន្ត​ងាក​ទៅរក​សេវា​សុខភាព​ពី​ក្រុម​អ្នក​ចាក់​ថ្នាំ​តាម​ភូមិ​ដែល​នៅក្បែរ​ផ្ទះ​របស់​ពួកគាត់​។​
 
​លោក​កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ប្រាប់​វី​អូ​អេ​ដែរ​ថា ប្រជាជន​នៅ​និយម​ប្រើប្រាស់​សេវា​ពេទ្យ​តាម​មូលដ្ឋាន ឬ​គេ​ហៅ​ពេទ្យ​ភូមិ​។​
 
​លោក​និយាយថា​៖
 
«​និយាយ​រួម​ទៅ ពេទ្យ​អស់ហ្នឹង​គាត់​ចាក់​ថ្នាំ ចាក់​អី​អាច​ជំពាក់​បាន​អ៊ីចឹងទៅ​! អ្នកខ្លះ​ព្យាបាល​ទៅដល់​រដូវ​ស្រែ រដូវ​ច្រូត​អ៊ីចឹងទៅ បាន​គាត់​សង​ជា​ស្រូវ ជា​អី​អ៊ីចឹងទៅ ឬក៏​លក់​ស្រូវ​យកលុយ​កាក់​យកមក​សង​ថ្លៃ​ព្យាបាល​ហ្នឹ​ង‍​»​។​
 
​លោក​បន្តថា​៖
 
«​អាហ្នឹង​មកពី​ប្រជាពលរដ្ឋ​យើង​ដែរ នៅ​មិនទាន់​យល់ដឹង​ច្បាស់​។ គាត់​ដឹង​តែ​ពេទ្យៗ មិនដឹង​ពេទ្យ​ណា​មាន​សញ្ញាប័ត្រ ពេទ្យ​ណា​មិនមាន​សញ្ញាប័ត្រ​។ ហើយ​ជា​ទម្លាប់​ដែល​គាត់​ធ្លាប់​ព្យាបាល​ពីមុនៗ​មក ចេះតែ​ទម្លាប់​ព្យាបាល​ជាមួយ​ពេទ្យ​អស់ៗ​ហ្នឹង​។ វា​ពិបាក​ដែរ មនុស្ស តែ​ទម្លាប់ វា​ពិបាក​កែ​ទម្លាប់​ដែ​រ‍​»​។​
 
​អ្នកស្រី​ម៉ៅ សា​វី យល់ថា ការងារ​ជា​អ្នកផ្តល់​សេវាកម្ម​សុខភាព​ដូចជា​អ្នកស្រី​គឺជា​ការងារ​ត្រូវការ​ជំនាញ ហើយ​អ្នកស្រី​យល់ថា ជំនាញ​របស់​អ្នកស្រី​ត្រូវការ​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​។ អ្នកស្រី​ថា អ្នកស្រី​មិនអាច​បន្ត​យក​សញ្ញាប័ត្រ​ឲ្យ​ត្រូវ​កម្រិត ដោយសារតែ​កត្តា​ជីវភាព​។​
 
​អ្នកស្រី​យល់ថា នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល ខ្វះ​អ្នកជំនាញ​សុខភាព​ដែលមាន​ក្របខ័ណ្ឌ ដោយសារ​ពេទ្យ​មាន​ជំនាញ​ភាគច្រើន​ប្រមូលផ្តុំ​ធ្វើការ​នៅ​ទីក្រុង​។​
 
«​អូ​! គេ​មិន​ចង់​ទេ អ្នកគ្រូ​។ គេ​មិន​ចង់ទៅ​ជនបទ​ទេ​។ អស់ជម្រើស​ហើយ គ្មាន​អ្នកណា​គេ​មក​ហ្នឹង​ទេ បានជា​ហៅ​ពួក​ខ្ញុំ​ទៅប្រើ​ហ្នឹង​។ ប្រើ​ហើយ​ជិត​ដល់​គោលដៅ គេ​ធ្វើ​អ៊ីចឹង​។ ខ្ញុំ​យល់ថា​អ៊ីចឹង​»​។​
 
​អ្នកស្រី​ម៉ៅ សា​វី បន្ថែម​ដោយ​អស់​សង្ឃឹមថា ការងារ​បម្រើ​សេវាកម្ម​សុខភាព​តាម​ភូមិ​ជាង​២០​ឆ្នាំ​ត្រូវ​បានបញ្ចប់ ដោយ​ឈ្មោះ​របស់​អ្នកស្រី​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។​
 
«​ខ្ញុំ​ធ្វើការ​២១​ឆ្នាំ​ហើយ អត់​មានគុណ​សម្បត្តិ​សោះ ប្រឈម​នឹង​មុខ​ច្បាប់​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com