អន្តរជាតិ
ឥណ្ឌូណេស៊ី ជឿជាក់ថា វៀតណាម នឹង​ទទួលបាន​កៅអី​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ
03, Jun 2019 , 11:23 am        
រូបភាព
ដោយ:
​តំណាង​អចិន្ត្រៃយ៍​ឥណ្ឌូណេស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ លោក Dian Triansyah Djani បាន​មើលឃើញ​ពី​ឱកាស និង​សក្តានុពល​របស់​វៀតណាម ក្នុងការ​បោះឆ្នោត​ប្រជែង​អាសនៈ​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នាពេល​ដ៏​ខ្លី​ខាងមុខ​។ តំណាង​ជាន់ខ្ពស់​ឥណ្ឌូណេស៊ី​រូបនេះ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចែករំលែក​បទ​ពិសោធ​សម្រាម់​វៀតណាម​ទៀតផង​។​


 
​តាម​ផែនការ​គ្រោងទុក​នៅ​ថ្ងៃ​៧ មិថុនា ខាងមុខនេះ មហាសន្និបាត​អង្គការសហប្រជាជាតិ នឹងមាន​ការបោះឆ្នោត​មួយ​សម្រាប់​ជ្រើសរើស​ប្រទេស​ចំនួន​៥ ដើម្បី​ជា​តំណាង​ឲ្យ​តំបន់​នីមួយៗ​សម្រាប់​អាសនៈ​សមាជិក​មិន​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​អាណត្តិ​ពីរ​ឆ្នាំ ២០២០-២០២១​។ វៀតណាម ក៏​នឹងត្រូវ​ប្រជែង​សម្រាប់​តំណាង​ឲ្យ​ក្រុម​មកពី​ប្រទេស​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​ផងដែរ​។ 
 
​ជុំវិញ​បញ្ហា​នេះ អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី លោក Dian Triansyah Djani ដែល​កំពុងតែ​បំពេញ​អាណត្តិ​ការងារ​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្រាប់​នោះ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Vietnam Plus បាន​យល់ឃើញថា វៀតណាម បាន​មានការ​ត្រៀមខ្លួន​ទុកជាមុន​យ៉ាង​ល្អ​ក្នុងការ​ប្រជែង​អាសនៈ​នេះ​។ លោក ថែម​ជឿជាក់ថា វៀតណាម នឹង​មិនមាន​ឧបសគ្គ​អ្វី​នៅក្នុង​ការបោះឆ្នោត​នោះទេ​។ 
 
​លោក​អគ្គរដ្ឋទូត​ដដែល​នោះ បាន​បន្តទៀតថា ក្រុម​សមាជិក​អាស៊ាន បាន​ឯកភាពគ្នា​រួចហើយ​ក្នុងការ​បោះឆ្នោត​គាំទ្រ​វៀតណាម ដ្បិត​អាស៊ាន ក៏​ចង់​ឲ្យ​រដ្ឋ​សមាជិក​របស់ខ្លួន នាំយក​សំឡេង​អាស៊ាន​ទៅកាន់​ឆាក​អន្តរជាតិ​ឲ្យ​កាន់តែ​ទូលាយ​ផងដែរ​។ លោក សង្កត់ធ្ងន់ថា​ទៀតថា បើ​វៀតណាម ពិតជា​ជាប់ឆ្នោត​មែន​នោះ វៀតណាម នឹង​អាចបំពេញ​ការងារ និង​ការទទួលខុសត្រូវ​បាន​កាន់តែ​ល្អប្រសើរ​។​
 
​យ៉ាងណាក៏ដោយ លោក​អគ្គរដ្ឋទូត ក៏បាន​ក្រើនរម្លឹក​ដល់​វៀតណាម​ក្នុង​ការត្រៀម​របៀបវារៈ​សម្រាប់​ក្រោយ​នៃ​ការជាប់ឆ្នោត​ផងដែរ​។ នីតិវិធី និង​បទបញ្ជាផ្ទៃក្នុង គឺ​សុទ្ធសឹងតែ​ជា​ចំណុច​សំខាន់ និង​ចាំបាច់ ដែល​លោក​អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ចង់​ឲ្យ​វៀតណាម ត្រៀមខ្លួន​ដោយ​ប្រុងប្រយ័ត្ន​។ 
 
​គួរ​ជម្រាប​បន្តិច​ថា សមាជិក​សរុប​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មាន ១៥ ប្រទេស ដែល​ក្នុងនោះ​មាន​៥ ប្រទេស រួមមាន ចិន បារាំង អង់គ្លេស អាមេរិក និង​រុស្ស៊ី ជា​សមាជិក​អចិន្ត្រៃយ៍ និង​១០​ប្រទេស ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ឆ្លាស់គ្នា​ពី​តាម​តំបន់​ភូមិសាស្ត្រ ជា​សមាជិក​មិន​អចិន្ត្រៃយ៍​។ បច្ចុប្បន្ន​បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី កំពុងតែ​បំពេញ​មុខងារ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២០​។ 
 
​ជា​ទម្លាប់ ប្រទេស​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​សម្រាប់​តំណាង​ក្នុង​តំបន់ ជា​ប្រទេស ដែលមាន​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​ច្រើន​នៅក្នុង​ឆាក​អន្តរជាតិ​។ វៀតណាម ធ្លាប់​ត្រូវបាន​ជ្រើសរើស​ឲ្យ​បំពេញ​មុខងារ​នេះ​ពីមុន​មកហើយ​គឺ​ក្នុង​ឆ្នាំ​២០០៨-២០០៩ ៕ 

Tag:
 ឥណ្ឌូណេស៊ី​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com