ជាតិ
នយោបាយជាតិ
តើមួយណាឆ្ងាញ់? នំបញ្ចុក CPP និងនំបញ្ចុកអតីត CNRP នៅថ្ងៃទី៩ មិថុនា
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ! នៅថ្ងៃទី៩ មិថុនា អាចមានព្រឹត្តិការណ៍ជុំគ្នាបរិភោគនំបញ្ចុកកើតឡើង ដែលរៀបចំដោយឡែកពីគ្នារវាងក្រុមខាងគណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យសមាជិក សមាជិកា និងមន្ត្រីគណបក្សខ្លួនទាំងអស់ រៀបចំកម្មវិធីបរិភោគនិងចែកនំបញ្ចុក ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃទី៩ មិថុនា។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញ នាព្រឹកនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រកាសឲ្យរៀបចំកម្មវិធីនេះ ដោយសារចង់ផ្ចាញ់ផ្ចាលទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានកំណត់ និងអំពាវនាវនាំគ្នាធ្វើយុទ្ធនាការបរិភោគនំបញ្ចុកនៅថ្ងៃទី៩ មិថុនា។
ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖« សូមកុំភ្លេចទទួលទាននំបញ្ចុកទាំងអស់គ្នា នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ មិនមែនជាការហូបនំបញ្ចុកបំបែកបំបាក់ជាតិនោះទេ…។ អញមិនចង់ឲ្យបែកបាក់ជាតិ អញចង់ឯកភាពជាតិ បានជាអញសុខចិត្តយកថ្ងៃ(ទី៩ មិថុនា) ឯងកំណត់(បរិភោគនំបញ្ចុក)ហ្នឹង ។ អញអត់ខ្លាចទេ ឲ្យតែឃើញថាវាមានសេចក្តីសុខអញធ្វើ»។
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល ក៏បានរំឭកពីសមត្ថកិច្ចខ្លួន ដែលប្រើប្រាស់ចិត្តសាស្ត្រ វាយបំបាក់យុទ្ធសាស្ត្រគូបដិបក្ខ តាំងពីសម័យ ប៉ុល ពត ផងដែរ។«យុទ្ធសាស្ត្រច្រែះស៊ីដែក គង់ ហ៊ុន សែន វាយបំបាក់ចោល របស់ ប៉ុល ពត ។ អាបន្លាប៉ុណ្ណឹង ដាក់តែមួយដំបងទៅ។ កុំយកបន្លាជួសបន្លា យកខ្នងពូថៅវៃបន្លាបណ្ដោយទៅ»។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី។
សកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បាននាំគ្នាបង្កើតកម្មវិធីហូបនំបញ្ចុកជាបន្តបន្ទាប់ ដោយពួកគេបានកំណត់យកថ្ងៃទី៩ មិថុនា ធ្វើកម្មវិធីបរិភោគនំបញ្ចុកជាលក្ខណៈទ្រង់ទ្រាយធំផងដែរ។ តាមរយៈការរៀបចំកម្មវិធីនេះ អ្នកគាំទ្រអតីតបក្សប្រឆាំង បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងក្នុង ទាំងក្រៅប្រទេសចូលរួមហូបនំបញ្ចុកជុំគ្នា ។ ពួកគេយល់ថា ការបរិភោគនំបញ្ចុកនេះ គឺជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណី ម្ហូបអាហារខ្មែរ ក៏ដូចជាការរួបរួមគ្នា និងសាមគ្គីគ្នា។
ប៉ុន្តែមេដឹកនាំកម្ពុជា បានហៅការជួបជុំបរិភោគនំបញ្ចុករបស់ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនេះថា ជាក្រុមឧទ្ទាម ប្រឆាំងរដ្ឋាភិបាលទៅវិញ។ តាមរយៈការមិនពេញចិត្តទង្វើរបស់ក្រុមអ្នកប្រឆាំងនេះ គេសង្គេតឃើញថា មានមន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង៣០នាក់ហើយ ដែលត្រូវបានតុលាការកោះហៅសាកសួរជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងយុទ្ធនាការជួបជុំគ្នាបរិភោគនំបញ្ចុក មុនការបោះឆ្នោតឆ្នាំ២០១៨កន្លងមក។
ជុំវិញបញ្ហានេះ មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបង ដែលបានតាមដានបញ្ហានេះ យល់ឃើញថា ការកោះហៅរបស់តុលាការនេះ មិនមែនជាការអនុវត្តច្បាប់ទេ ប៉ុន្តែអាចជាការគំរាមកំហែងការបញ្ចេញមតិទៅវិញ។ មូលហេតុដែលលោក យិន ម៉េងលី លើកឡើងបែបនេះ ដោយសារលោកបានចូលស្ដាប់ការសាកសួររបស់តុលាការ ហើយកត់សម្គាល់ឃើញថា តុលាការបានសាកសួរអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ភាគច្រើនពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ទាក់ទងនឹងការលក់-ទិញនំបញ្ចុក និងអង្គុយបរិភោគនំបញ្ចុកជុំគ្នា ដែលហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធនឹងផ្លូវច្បាប់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com