អន្តរជាតិ
មុន​ទស្សនកិច្ច​ផ្លូវរដ្ឋ លោក ត្រាំ ណែនាំ​ឲ្យ​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយ​មិនបាច់​មាន​កិច្ចព្រមព្រៀង​
03, Jun 2019 , 2:18 pm        
រូបភាព
​ចក្រភព​អង់គ្លេស នឹង​រៀបចំ​កម្រាលព្រំ​ក្រហម​ដើម្បី​ស្វាគមន៍​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បី​ថ្ងៃ​។ មិនទាន់​ទាំង​ដាក់​ជើង​លើដី​អង់គ្លេស​នោះ លោក ត្រាំ បានធ្វើ​មានការ​ឃ្នើសចិត្ត​ក្នុងចំណោម​សាធារណមតិ​អង់គ្លេស​ទៅហើយ​លើ​បញ្ហា​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​។ លោក ត្រាំ ប្រាប់​នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​ឲ្យ​ដើរចេញ​ទាំង​គ្មាន​កិច្ចព្រមព្រៀង​ទៅ បើ​អឺរ៉ុប​មិន​ធ្វើតាម​ការចង់បាន​រប​ស់​ខ្លួន​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ទៅដល់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី​៣ ខែមិថុនា​ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បី​ថ្ងៃ​។ នេះ​ជា​ដំណើរ​ទស្ស​កិច្ច​លើក​ទី​ពីរ​របស់លោក ត្រាំ នៅ​ទឹកដី​អង់គ្លេស ដោយ​លើកទីមួយ​ធ្វើឡើង​កាលពី​ឆ្នាំមុន ដែល​ត្រូវ​បានទទួល​ត្រឹម​ជា​លក្ខណៈ​ផ្លូវការ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ទស្សនកិច្ច​លើក​នេះ កំពុង​គ្របដណ្ដប់​ទៅដោយ​ការអធិប្បាយ​របស់លោក​លើ​បញ្ហា​អង់គ្លេស​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប និង​កិច្ចការ​ផ្ទៃក្នុង​អង់គ្លេស​។​
 
​លើ​បញ្ហា​អង់គ្លេស​ដើរ​ចេញពី​សហភាព​អឺរ៉ុប ដែល​សព្វថ្ងៃ​ចេញ​មិនទាន់រួច​ព្រោះ​គ្មាន​កិច្ចព្រមព្រៀង លោក ត្រាំ បាន​ណែនាំ​ឲ្យ​អង់គ្លេស​ចេញ​ទាំង​គ្មាន​កិច្ចព្រមព្រៀង​ទៅ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​អង់គ្លេស Sunday Times លោក ត្រាំ លើក​យោបល់​ថា រដ្ឋាភិបាល​អង់គ្លេស​ថ្មី គួរ​ដើរ​ចេញពី​ការចរចា បើ​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​ល្អ​ទេនោះ ហើយ​អង់គ្លេស​ក៏​មិនត្រូវ​បង់ថ្លៃ​លែងលះ​៥០​ពាន់​លាន​ដុល្លារ​ឲ្យ​អង់គ្លេស​នោះដែរ​។​
 
​ដោយសារ​ការជាប់គាំង​នេះហើយ ទើប​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ សម្រេចចិត្ត​លាលែង​ពី​តំណែង ហើយ​ទុក​ឲ្យ​អ្នកថ្មី​បន្តដំណើរ​ការចរចា​ទៀត​។ ការជាប់គាំង​នេះ​ទៀតសោត មិនមែន​កើតឡើង​រវាង​អង់គ្លេស និង​អឺរ៉ុប​ឡើយ តែ​កើត​នៅ​សភា​អង់គ្លេស​ដែល​ជំទាស់​កិច្ចព្រមព្រៀង​ដែល​លោកស្រី ម៉េ​យ៍ ប្រឹង​ចរចា​ជាមួយ​ទីក្រុង​ព្រុ​ច​សែ​ល​ទៅវិញ​។ 
 
​សម្ដី​មួយទៀត​ដែល​លោក ត្រាំ ធ្វើ​ឲ្យ​អ្នកនយោបាយ​អង់គ្លេស​កា​ន់​តែ​រង្កៀស​ចិត្ត គឺ​ការនិយាយ​ពាក់ព័ន្ធ​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោកស្រី ម៉េ​យ៍ ។ លោក ត្រាំ លើកឡើងថា អតីតរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បូរី​ស ច​ន​សុន ជា​បេក្ខភាព​ដ៏​ល្អ​ម្នាក់​ដើម្បី​ដឹកនាំ​ប្រទេស​។ មេបក្ស​ប្រឆាំង Jeremy Corbyn ហៅ​សម្ដី​ប្រធានាធិបតី​អាម​រិ​ក​រូបនេះ ជាការ​ជ្រៀតជ្រែក​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​អង់គ្លេស​ដែល​មិនអាច​ទទួលយកបាន​។​
 
​ដូច​ទស្សនកិច្ច​លើកទីមួយ​ដែរ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ត្រាំ លើក​នេះ ក៏​នឹងត្រូវ​ស្វាគមន៍​ដោយ​ក្រុមបាតុករ​ផងដែរ​។ គម្រោង​ធ្វើបាតុកម្ម នឹង​កើតមាន​ក្នុង​ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ដទៃទៀត​របស់​អង់គ្លេស​ដើម្បី​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក​។ លើសពីនោះ បា​ឡុង​រូបលោក ត្រាំ ក៏​រំពឹងថា នឹង​ត្រូវបាន​បង្ហោះ​លើ​សាធារណៈ​ជាថ្មី​ផង​៕
 

Tag:
 អាមេរិក​
  អង់គ្លេស​
  អឺរ៉ុប​
  Brexit
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com