ជាតិ
នយោបាយជាតិ
លោក ឈីវ យីស៊ាង ឡើងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស
× លោក ឈីវ យីស៊ាង ត្រូវបានតម្លើងមុខតំណែងពីអនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
លោក ឈីវ យីស៊ាង អាយុ៤៤ឆ្នាំ ដែលមានកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម មានសញ្ញាបត្របណ្ឌិតខាងនីតិសាធារណៈពីសាកលវិទ្យាល័យប៉ារីស-ដូហ្វីន ប្រទេសបារាំង ដោយលោកធ្លាប់ធ្វើជាសាស្ត្រាចារ្យផ្នែកវិធីសាស្ត្រស្រាវជ្រាវ និងវប្បធម៌ទូទៅ (ជាភាសាបារាំង) នៅវិទ្យាស្ថានភាសាបរទេសនៃសាកលភូមិន្ទភ្នំពេញ។
លោកបានត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ចាប់ពីខែមេសា ឆ្នាំ២០១៧។ ក្រៅពីនេះ លោក ឈីវ យីស៊ាង ក៏មានតួនាទីជានាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com