កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
អ្នកគាំទ្រ Liverpool រៀបរាប់​ពី​ដំណើរ​ទៅ​ម៉ា​ឌ្រី​ត​ជាមួយ​រថយន្ត​ដែល​ទិញ​ក្នុងតម្លៃ​តែ​ជាង​៥០​ដុល្លារ​
03, Jun 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Simon Wilson ជា​អ្នកគាំទ្រ​ក្លិប Liverpool ដ៏​ស្មោះស្ម័គ្រ ហើយ​លោក​ក៏​ជា​ជន​ល្បី​ម្នាក់​នៅលើ​បណ្តាញ​សង្គម Youtube ផងដែរ​។ នេះ​ជា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ Champions League លោក Simon និង​មិត្តភក្តិ​ពីរ​នាក់​ទៀត បានធ្វើ​ដំណើរ​ផ្សងព្រេង​ទៅកាន់​ក្រុង​ម៉ា​ឌ្រី​ត ដើម្បី​គាំទ្រ​ហង្ស​ក្រហម ដោយ​ជិះ​រថយន្ត​ដែល​ខ្លួន​បាន​ទិញ​ក្នុងតម្លៃ​ត្រឹមតែ​៤០​ផោន [​ជាង​៥០​ដុល្លារ​អាមេរិក​] ប៉ុណ្ណោះ​។​



​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន Liverpool ECHO លោក Simon បាន​អះអាងថា ការ​ផ្សងព្រេង​ជាមួយ​រថយន្ត​ដែល​គេ​ស្ទើរតែ​បោះចោល​ហើយ​នោះ មិនមែន​ដើម្បី​តែ​ដើម្បី​បង្ហោះ Youtube នោះឡើយ ប៉ុន្តែ​កើតចេញពី​ការស្រឡាញ់​ក្រុម​យ៉ាងពិត​ប្រាកដ​។​
 
​លោក Simon ទទួលបាន​សំបុត្រ​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រវាង​ក្រុម​សំណព្វ Liverpool របស់លោក ជាមួយ Tottenham Hotspur​។ លោក​ពិនិត្យឃើញថា តម្លៃ​យន្តហោះ​ទៅកាន់​ក្រុង​ម៉ា​ឌ្រី​ត មានតម្លៃ​ខ្ពស់​យ៉ាងខ្លាំង ហើយ​ប្រឈម​ខក​ជើងយន្តហោះ​ថែមទៀត​។​
 
 
«​ខ្ញុំ​បាន​សួរ​ទៅ Ben Wilson ដែលជា​ប្អូនប្រុស​ដើម្បី​រក​ទិញ​រថយន្ត​ដែលមាន​តម្លៃថោក​។  បន្ទាប់​ពួកយើង​បានឃើញ​រថយន្ត​មួយ​ម៉ាក Skoda Favorit GLXI ដាក់លក់​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុងតម្លៃ​តែ​៤០​ផោន​ប៉ុណ្ណោះ​»​។ នេះ​ជាការ​រៀបរាប់​លោក Simon​។​
 
​ក្នុង​ដំណើរ​ផ្សងព្រេង​នេះ លោក Simon បាន​បបួល​មិត្ត Youtube (Subscriber) របស់លោក​ម្នាក់​ធ្វើដំណើរ​ទៅជា​មួយ​លោក និង​ប្អូនប្រុស ប៉ុន្តែ​បុរស​ម្នាក់​នោះ ជា​អ្នកគាំទ្រ Spurs​។ អ្នក​ទាំងបី​បានចេញ​ដំណើរ​ពី​កីឡដ្ឋាន Anfield ក្រុង​លី​វើ​ភូ​ល តាមផ្លូវ​គោក និង​ឆ្លងតាម​ផែ ដោយ​ឆ្លងកាត់​ព្រំដែន​ប្រទេស​បារាំង​។​


 
​ពួកលោក​បាន​ជួប​ការរាំងស្ទះ​ចរាចរណ៍​ញឹកញាប់​ផងដែរ ជាពិសេស​នៅ​តំបន់ Calais ប្រទេស​បារាំង​។ ក្រោយ​ធ្វើដំណើរ​លើ​ចម្ងាយ​ផ្លូវ​ជាង​២០០០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​៣​ប្រទេស លោក Simon ប្អូនប្រុស​របស់លោក និង​អ្នកគាំទ្រ Spurs ម្នាក់ បាន​ទៅដល់​កីឡដ្ឋាន Wanda Metropolitano ក្រុង​ម៉ា​ឌ្រី​ត ដោយ​ជោគជ័យ ប៉ុន្តែ​រថយន្ត​បាន​បន្ត​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។​
 
​លោក Simon បាន​រៀបរាប់​ដំណើរ​ត្រឡប់​ទៅកាន់​ក្រុង​ឡុង​ដ៍​វិញ ក្រោយ Liverpool ឈ្នះ​ពាន​នោះឡើយ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ជា​ដំណើរ​ផ្សងព្រេង​ដ៏​យ៉ាប់យ៉ឺន​មួយ ដោយ​ពួកលោក​ស្ទើរតែ​ខកខាន​មើល​ការប្រកួត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com