រថយន្ត
អន្តរជាតិ
ការប្រើប្រេងឥន្ធនៈមិនសន្សំសំចៃ អាចធ្វើឲ្យវាបាត់បង់ក្នុងពេល៥០ឆ្នាំខាងមុខ ប្រភពរូប៖ AFP
× ពេលខ្លះ យើងអាចគិតមួយភ្លែតបានថា ប្រេងសាំងហាក់បីជាមិនចេះរីងស្ងួតនោះទេ។ ប្រសិនបើរថយន្ត ឬទោចក្រយានយន្តរបស់លោកអ្នកអស់សាំង ស្ថានីយប្រេងឥន្ធនៈ មានស្ទើរតែគ្រប់ទីកន្លែង នៅក្បែរទីប្រជុំជន ហើយតម្លៃរបស់ប្រេងសាំង ក៏មិនទាន់កើនឡើងខ្លាំងពេកនោះដែរ។ ចុះបើពិភពលោក នៅតែបន្តប្រើប្រាស់ប្រេងឥន្ធនៈក្នុងកម្រិតមួយលឿនយ៉ាងនេះជារៀងរាល់ថ្ងៃ តើឥន្ធនៈទាំងនោះអាចរីងស្ងួតទាំងស្រុងនៅថ្ងៃណាមួយដែរឬទេ?
គេហទំព័រ ecotricity.co.uk បកស្រាយយ៉ាងដូចនេះថា ក្នុងរយៈពេល២០០ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ប្រេងឥន្ធនៈ បានកើនឡើងជាលំដាប់ ក្នុងកម្រិតមួយលឿនគួរសម។ ឥន្ធនៈដែលមនុស្សភាគច្រើនប្រើប្រាស់សព្វថ្ងៃត្រូវបានគេហៅថា «ឥន្ធនៈផូស៊ីល» ហើយវាមិនមែនជាធនធានធម្មជាតិដែលកកើតឡើងវិញនោះទេ។ ឥន្ធនៈផូស៊ីលត្រូវការរយៈពេលរាប់លានឆ្នាំសម្រាប់កកើត។
ប្រេងនៅតាមដែនសមុទ្រខាងជើងចក្រភពអង់គ្លេស បានកកើតឡើងតាំងពី១៥០លានឆ្នាំមុនមកម្ល៉េះ ចំណែកឯធ្យូងថ្ម ដែលមានវត្តមាននៅក្នុងដែនដីចក្រភពអង់គ្លេសដូចគ្នា មានដើមកំណើតតាំងពី៣០០លានឆ្នាំមុន។ ប្រមាណ ៩០%នៃការបំពុលបរិស្ថានដោយការប្រើប្រាស់ឥន្ធនៈផូស៊ីល កើតឡើងពីសកម្មភាពនានារបស់មនុស្ស។
ក្នុងពេលបច្ចុប្បន្ន តំបន់ធម្មជាតិដែលស្តុកឥន្ធនៈផូស៊ីលនៅក្នុងដីកំពុងតែមានចំនួនតិចទៅៗ ហើយការដើររុករកតំបន់ស្តុកទាំងនោះបន្ថែមទៀតក៏កំពុងដែលមានភាពលំបាកផងដែរ។ កន្លែងទាញប្រេងកាតធំៗក្នុងពិភពលោកចំនួន១៦ ក្នុងចំណោម២០ទីតាំង កំពុងដំណើរការក្នុងកម្រិត អតិបរិមា។
ក្នុងមួយឆ្នាំៗ ពិភពលោក ប្រើប្រាស់ប្រេងកាតប្រមាណជាង ១១ពាន់លានតោន។ ប្រសិនបើការប្រើប្រាស់របៀបនេះនៅតែបន្តអនុវត្ត នោះប្រេងកាត នឹងអាចបាត់បង់ក្នុងរយៈពេលប្រមាណ៥៣ឆ្នាំទៀត។ ឧស្ម័នធម្មជាតិ ដែលជាផ្នែកមួយនៃឥន្ធនៈផូស៊ីសដែរ អាចនឹងបាត់បង់ក្នុងរយៈពេល៥២ឆ្នាំ។ ឯធ្យូងថ្មវិញ ភាគច្រើនគេប្រើប្រាស់ក្នុងរោងចក្រផលិតអគ្គីសនីធំៗ អាចបាត់បង់ក្នុងរយៈពេល១៥០ឆ្នាំខាងមុខ។
ហេតុដូចនេះហើយទើបបានជារដ្ឋាភិបាល រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើន បានជំរុញឲ្យប្រជាជន និងអាជីវកម្មងាកទៅប្រើប្រាស់ និងវិនិយោគលើថាមពលបៃតងវិញ ដែលក្នុងនោះមានដូចជាថាមពលដែលបានមកពីខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ថាមពលកម្តៅផែនដី ឬថាមពលវារីអគ្គីសនីជាដើម។ ប្រភេទថាមពលទាំងនេះត្រូវបានគេកំណត់ថា ជាប្រភេទថាមពលដែលកកើតឡើងវិញ ហើយវាក៏មិនសូវបង្កឲ្យមានការខូចខាតដល់បរិស្ថានធម្មជាតិខ្លាំងពេកនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com