អន្តរជាតិ
បារាំង ព្រមព្រៀងជួយវៀតណាមកសាងប្រព័ន្ធគ្រប់គ្រង e-government រូបភាព VNA
× រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងគ្នាក្នុងការអភិវឌ្ឍ និងកសាងប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលរបស់វៀតណាមឲ្យកាន់តែទំនើប និងស្របតាមបទដ្ឋាននៃបច្ចេកវិទ្យា ខណៈដែលពិភពលោក កំពុងតែឈានដល់បដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤ ដែលជាយុគសម័យយកបច្ចេកវិទ្យាជាមូលដ្ឋាន។
តាមរយៈអនុស្សារណៈយោគយល់ដែលចុះហត្ថលេខានៅថ្ងៃ៣០ ខែឧសភា ក្នុងក្រុងហាណូយដោយភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ជាមួយនឹងតំណាងរដ្ឋាភិបាលវៀតណាម ភ្នាក់ងារជំនាញបារាំង នឹងជួយវៀតណាមក្នុងការអនុវត្តការគ្រប់គ្រងរដ្ឋាភិបាលតាមបច្ចេកវិទ្យា ឬ e-government តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលជាលក្ខណៈឌីជីថល។ នេះបើយោងតាមការចុះផ្សាយរបស់ Vietnam Plus។
តាមប្រភពព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ដែលបានចូលរួមជាសក្ខីភាពផងនោះ បានអះអាងថា តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ បារាំង ក៏ជាប្រទេសនាំមួយរបស់ពិភលោក ដែលកំពុងតែអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលតាមបច្ចេកវិទ្យា។ លោក ជឿជាក់ថា បារាំងនឹងមានបទពិសោធច្រើនសម្រាប់ចែករំលែកវៀតណាមក្នុងការកសាងប្រព័ន្ធគ្រប់គ្រងថ្មីនេះ។
បន្ថែមពីលើកិច្ចព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការនេះ ប្រមុខដឹកនាំរដ្ឋាភិបាលវៀតណាមរូបនេះ ក៏បានស្នើដល់ស្ថានទូតបារាំងប្រចាំវៀតណាម និងភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាមគាំទ្រលើបញ្ហាចាំបាច់ដើម្បីឲ្យដំណើរការអភិវឌ្ឍនេះប្រកបដោយប្រសិទ្ធភាព ជាពិសេសនោះដើម្បីធានាឲ្យបានការផ្តល់សេវាកម្មសម្រាប់ប្រជាជនឲ្យកាន់តែងាយស្រួល និងសុវត្ថិភាព។
ជុំវិញដំណើរការនៃការកសាងប្រព័ន្ធគ្រប់គ្រង e-government នេះដែរ កន្លងមក អេស្តូនី ដែលជារដ្ឋមួយរបស់អឺរ៉ុបដូចគ្នា ដែលមានបច្ចេកវិទ្យាខ្ពស់ ហើយក៏ជារដ្ឋដំបូងមួយរបស់ពិភពលោក ដែលបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបានជោគជ័យហើយនោះ ក៏បានសន្យាចែករំលែកបទពិសោធន៍គ្រប់គ្រងនេះជាមួយនឹងវៀតណាមផងដែរ។ នៅអេស្តូនី សេវាសាធារណៈ៩៩ភាគរយ ត្រូវបានប្រតិបត្តិតាមប្រព័ន្ធអនឡាញ ២៤ ម៉ោងក្នុងមួយសប្តាហ៍។ សេវាទាំងនេះ ក៏រាប់បញ្ចូលទាំងកិច្ចការ និងប្រតិបត្តិការធ្វើពាណិជ្ជកម្មផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com