អន្តរជាតិ
ម្ចាស់​រូប «Tank Man» ស្នើ​ឲ្យ​ចិន​លាតត្រដាង​ការពិត​លើ​ការបង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន
03, Jun 2019 , 9:59 pm        
រូបភាព
រូបភាព ស្គាល់ថា «Tank man» ថតដោយលោក Jeff Widener  (ប្រភពរូប៖ AP)
រូបភាព ស្គាល់ថា «Tank man» ថតដោយលោក Jeff Widener (ប្រភពរូប៖ AP)
ដោយ: ថ្មីៗ
​សម្រាប់​រឿងហេតុ​នៅ​ទីលាន​ធាន​អាន​មិន ក្រុង​ប៉េកាំង ខ្លាចរអារ​នឹង​លើក​មក​និយាយ និង​ពុំ​ចង់​ឲ្យ​គ្រប់គ្នា​បានដឹង​លឺ​ឡើយ​។ និយាយ​ឲ្យ​ចំ ចិន មានបំណង​លុបបំបាត់​អតីតកាល​អាក្រក់​មួយ​នេះ​ចោល​តែម្តង​។ ជា​អ្នក​នៅក្នុង​ហេតុការណ៍​នេះ​ផ្ទាល់ អ្នក​ថតរូប​កាសែត ជនជាតិ​អាមេរិក​ឈ្មោះថា លោក Jeff Widener  លើកឡើងថា វា​ដល់ពេល​ហើយ​សម្រាប់​រដ្ឋាភិបាល​ចិន ចេញមុខ​រូត​វាំងនន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់ខ្លួន ដែល​បាន​កើតឡើង​កាលពី​៣០​ឆ្នាំមុន​។

 
​ជា​ម្ចាស់​រូបភាព​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​សតវត្សរ៍​ទី​២០ ដែល​បង្ហាញ​ពី​បុរស​ម្នាក់​កំពុង​ឈរ​ទល់មុខ​នឹង​រថក្រោះ​នៅក្នុង​បាតុកម្ម​នៅ​ទីលាន​ធាន​អាន​មិន​ក្នុង​ឆ្នាំ​១៩៨៩ លោក Jeff Widener  ជា​កវីនិពន្ធ​ទទួលបន្ទុក​ផ្នែក​រូបភាព​ឲ្យ​ទីភ្នាក់ងារ AP ប្រចាំការ​នៅ​ទីក្រុង បាងកក ប្រទេស​ថៃ​។  
 
​កាលនោះ លោក Widener ត្រូវបាន​ថ្នាក់លើ​ដាក់​ការងារ​ឲ្យ​ទៅយក​ព័ត៌មាន​ជុំវិញ​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​សិស្ស​និស្សិត​ចិន​នៅ​ទីលាន​ធាន​អាន​មិន​ក្នុង​ទីក្រុង​ប៉េកាំង​។ ហើយ​រូបភាព​នេះដែរ បាន​ថត​ដោយ​លោក Widener មួយថ្ងៃ​ក្រោយពី​យោធា​ចិន បាន​វាយ​បង្ក្រាប​លើ​បាតុកម្ម ចាប់ពី​ថ្ងៃទី ៣ ដល់ទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩ ។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃទី​១ ខែមិថុនា លោក Widener និយាយថា លោក​មិន​យល់​ទេ​ថា ហេតុអ្វី​បាន​បណ្តា​មេដឹកនាំ​ចិន​មិន​ព្រម​សារភាព​ពី​កំហុស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត និង​លាតត្រដាង​ការពិត​ពីក្រោយ​ការ​វាយ​បង្ក្រាប​បែប​ហិង្សា​នេះ​។  ត្រង់ចំណុច​នេះ លោក អះអាង សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឹ​រ៉ុ​ប ក៏​ធ្លាប់​បង្កើត​កំហុស​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ ហើយ​ពួកគេ បាន​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឡើងវិញ​។​
 
​ជា​សារ​មួយ​ផ្ញើ​ទៅកាន់​រដ្ឋាភិបាល​ចិន​បច្ចុប្បន្ន លោក  Widener និយាយ​បែបនេះ​៖«​ខ្ញុំ​គិតថា នេះ​ជា​ពេលវេលា​សម្រាប់​ចិន ដើរទៅ​មុខ និង​និយាយ​ការពិត​ពីអ្វី​ដែល​បានកើត​ឡើង ព្រមទាំង​ប្រាប់​ទៅកាន់​សមាជិកគ្រួសារ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​នេះ ដូច្នេះ​ពួកគេ អាច​ឈប់​នឹក​គិតពី​រឿងនេះ​ទៀត​»​។ ហើយ​លោក យល់ឃើញ​នេះ នេះ​ជា​រឿង​ត្រឹមត្រូវ និង​គប្បី​គួរ​អនុវត្ត​។ 
 
 
​សូមបញ្ជាក់ថា បាតុកម្ម​នៅ​ទីលាន ធាន​អាន​មិន ជាការ​ងើប​បះបោរ​ដែល​ដឹកនាំ​ដោយ​និស្សិត​ចិន ក្នុង​គោលដៅ​ប្រឆាំងនឹង​ការគាប់សង្កត់​ខ្លាំង​ហួសហេតុ​ពេក​ពី​សំណាក់​បក្ស​កុម្មុយនីស្ត​ចិន​។ ការបះបោរ​នេះ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ខែមេសា ដល់ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩ ពោល​គឺមាន​រយៈពេល​ជិត​២​ខែ​។ យោងតាម​ឯកសារ​ជាច្រើន ក្នុង​ហេតុការណ៍​នេះ សិស្ស​និស្សិត និង​កម្មករ​ចិន ចន្លោះ​ពី​រាប់រយ​ទៅ​រាប់ពាន់នាក់ បាន​ស្លាប់​៕
 

Tag:
 ចិន​
  អ្នកសារព័ត៌មាន​
  ទីលាន​ធាន​អាន​មិន
© រក្សាសិទ្ធិដោយ thmeythmey.com