កីឡាអន្តរជាតិ
អន្តរជាតិ
Neymar បដិសេធ​បទ​ចោទ​រំលោភ​នារី​ម្នាក់ ដោយ​អះអាងថា​ជាការ​បង្កើត​រឿង​ធ្វើបាប​ខ្លួន​
03, Jun 2019 , 5:45 pm        
រូបភាព
Neymar Jr. តារា​ឆ្នើម​របស់ Paris Saint-Germain បាន​បដិសេធ​ការចោទប្រកាន់ថា​បាន​រំលោភ​សេពសន្ថវៈ​ស្ត្រី​ម្នា​ក់នៅ​ប៉ារីស ប្រទេស​បារាំង​។ មិន​ត្រឹមតែ​ច្រានចោល​បទ​ចោទ​នេះ​ទេ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ថែមទាំង​អះអាងថា​រឿងហេតុ​នេះ​ជាការ​រៀប​គំរោង​ធ្វើបាប​រូបគេ​។​


 
​យោងតាម​របាយការណ៍​របស់​ប៉ូលីស​ដែល​បានដាក់​ពាក្យ​ប្តឹង​នៅឯ​ក្រុង São Paulo ស្ត្រី​ម្នាក់នេះ​បាន​ចោទប្រកាន់​អតីត​សមាជិក Barcelona ថា​បាន​ចាប់​នាង​រំលោភ​នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ប៉ារីស ជាទី​ដែល Neymar ប្រកប​អាជីព​ជាមួយ​ក្លិប PSG នោះ​។​
 
​បើតាម​ការអះអាង​រប​ស់​ប៉ូលីស​ដដែល នារី​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ​នេះ​បាន​ស្គាល់គ្នា​ជាមួយ Neymar តាមរយៈ​បណ្តាញ​សង្គម Instagram ហើយ​រូបគេ​បានស្នើ​ឲ្យ​នាង​មកជួប​គ្នា​នៅ​ប៉ារីស​។ Neymar ជា​អ្នក​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ពី​ប្រេ​ស៊ី​ល​ទៅ​បារាំង និង​កក់​សណ្ឋាគារ​ប្រណីត​មួយ​នៅ​ទីនោះ​ផង​។​


 
​ក្នុង​ពាក្យបណ្តឹង​របស់​នារី​នោះ​សរសេ​ទៀតថា Neymar បាន​ទៅដល់​សណ្ឋាគារ​នៅ​ថ្ងៃទី​១៥ ខែឧសភា​ជាមួយនឹង​ស្ថានភាព​ស្រវឹង​ទៅហើយ​។ អ្នក​ទាំងពីរ​បាន​សន្ទនា​និង​អោបក្រសោប រហូតដល់ Neymar បាន​ឈ្លានពាន​ដោយ​ប្រើ​ហិង្សា​និង​រំលោភ ខណៈ​ដៃគូ​មិន​យល់ព្រម​។​
 
​យ៉ាងណាក៏ដោយ​ខ្សែប្រយុទ្ធ​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក បាន​ព្យាយាម​បង្ហាញថា​រូបគេ​គ្មាន​កំហុស​អ្វី​ឡើយ​ដោយ​គ្រាន់តែ​បាន​ផ្ដោះផ្ដង​សារ​ទៅវិញទៅមក​តាម Whatsapp ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ Neymar បាន​អះអាងថា​នេះ​ជាការ​បង្កើត​រឿង​ដើម្បី​ធ្វើបាប និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ខ្លួន​ទៅវិញ​។​
 
​សព្វថ្ងៃ​ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ កំពុង​ហ្វឹកហាត់​នៅ​ប្រេ​ស៊ី​ល​ជាមួយ​ក្រុម​ជម្រើសជាតិ​សម្រាប់​ត្រៀម​ប្រកួត​ពានរង្វាន់ Copa América ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  Neymar
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com