ដោយ៖ ស៊ីធី
ក្លិប «អាណាចក្រប្រយុទ្ធ» ឬ Kingdom Fight Gym (KFG) មានទីតាំងស្ថិតនៅខេត្តសៀមរាប។ ក្លិបនេះកំពុងបណ្ដុះបណ្ដាលកីឡាករវ័យក្មេងជាច្រើននាក់ ដើម្បីឲ្យពួកគេមានសមត្ថភាពអាចប្រកួតប្រជែងលើសង្វៀនកម្រិតពិភពលោក ONE និង កម្មវិធីអន្តរជាតិនានា។ ONE បានជួបសម្ភាសន៍លោក Kwok Leung Tsang ដែលជាសហស្ថាបនិកក្លិប «អាណាចក្រប្រយុទ្ធ» ដូចខាងក្រោម៖
ONE: ជម្រាបសួរលោក! តើក្លិប «អាណាចក្រប្រយុទ្ធ» ដំណើរការបានរយៈ ពេល ប៉ុន្មានឆ្នាំហើយ? តើមានកីឡាករអាជីពច្រើនទេនាពេលបច្ចុប្បន្ននេះ?
Kwok Leung Tsang: KFG បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ ពោលទទួលកូនសិស្សហ្វឹកហាត់ជាង ១ ឆ្នាំមកហើយ។ ក្រៅពីកូនសិស្សខ្មែរ ឬ បរទេស ចង់ចេះក្បាច់គុន និង ហាត់ដើម្បីសុខភាព យើងមានកូនសិស្សហាត់អាជីពចំនួន ៤ រូប។ ហើយក៏មានកូនសិស្សចូលរួមចុះឈ្មោះជាហូរហែដែរ។ យើងរំពឹងថា ទទួលបានកូនសិស្សអាជីពជាបន្តទៀត។
ONE: ជើងខ្លាំងក្នុងស្រុក គង់ សំបូរ និង ឫទ្ធ សាស្ត្រាវុធ សុទ្ធតែទទួលការហ្វឹកហាត់នៅទីនោះ។ តើអ្វីជាគម្រោងបន្ទាប់សម្រាប់បណ្ដុះបានកីឡាករថ្មីៗបន្ថែមទៀត?
Kwok Leung Tsang: យើងមានកីឡាករមានទេពកោសល្យម្នាក់អាយុត្រឹម ១៨ ឆ្នាំ ដែលគេកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ហើយយើងក៏មានកីឡាករក្មេងៗពីរបីនាក់ទៀតដែរ ដែលពួកគេហាត់ដើម្បីចង់ប្រកួត។ ជាគំនិត ខ្ញុំចង់បង្កើតឲ្យមានកម្មវិធីបណ្ដុះបណ្ដាលកីឡាករវ័យក្មេងជាច្រើនទៀត ប៉ុន្តែភាពរាំងស្ទះគឺ ដោយសារថវិកាមានកម្រិត។ ប៉ុន្តែយើងបានបង្កើតកម្មវិធីមួយនៅ ហុល្លង់ ដើម្បីទទួលបានការគាំទ្រផ្នែកថវិកា និងយកមកអភិវឌ្ឍកម្មវិធីថ្នាលកីឡាកររបស់យើង។ កីឡាករ និង ក្មេងៗនៅ KFG ទទួលបានការស្នាក់នៅ ញុំាអាហារ ការហ្វឹកហាត់ និង ការសិក្សាភាសាអង់គ្លេសឥតគិតថ្លៃ។ យើងត្រូវការជ្រើសរើសកីឡាករក្មេងៗជាច្រើនទៀត ប៉ុន្តែជំហានដំបូងយើងត្រូវឲ្យមនុស្សស្គាល់កន្លែងហ្វឹកហាត់របស់យើងសិន។
ONE: គុនខ្មែរមានរូបចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្តជាភស្តុតាងនៅខេត្តសៀមរាប ប៉ុន្តែបែរមិនសូវមានសកម្មភាពផុសផុលនៅខេត្តវ័យចំណាស់មួយនេះ។ តើលោកយល់យ៉ាងណា?
Kwok Leung Tsang: ដោយមានការរៀបចំសង្វៀនប្រកួតនៅខេត្តសៀមរាប ខ្ញុំសង្ឃឹមថានឹងមានការប្រកួតយ៉ាងផុលផុសឡើងវិញនៅខេត្តនេះ។ ប៉ុន្តែរឿងតែមួយគត់គឺ កម្រិតថវិកា។ មួយទៀត កីឡាករត្រូវតែរស់នៅបានល្អ។ ពួកគេត្រូវការទទួលប្រាក់ឧបត្ថម្ភទៀងទាត់ ទើបពួកគេមិនទៅធ្វើការផ្សេង ក្រៅពីហ្វឹកហាត់ និង ឡើងប្រកួត។ នេះជាចំណុចដែលយើងព្យាយាមធ្វើ ដោយផ្ដល់ឱកាសដល់កីឡាករ វាមិនងាយស្រួលទេ វាជាការងារលំបាក និង ត្រូវហ្វឹកហាត់ឲ្យខ្លាំង។ ធ្វើបែបនេះ ទើបយើងអាចនាំពួកគេទៅយកបទពិសោធន៍កម្រិតពិភពលោកបាន។
ONE: ក្រៅពីការបង្វឹកគុនខ្មែរ តើមានបើកបង្ហាត់ គុនចម្រុះ (MMA) ឬ នៅ? តើរយៈពេលប៉ុន្មានដែលកីឡាករ MMA របស់លោកអាចប្រកួតប្រជែងបាននៅសង្វៀនអន្តរជាតិដូចជា ONE?
Kwok Leung Tsang: យើងអត់ទាន់មានការបង្ហាត់កីឡាករ MMA នៅឡើយទេនៅក្លិបរបស់យើង ប៉ុន្តែយើងកំពុងតែស្វែងរកគ្រូបង្វឹកដែលមានជំនាញ ជីជិតស៊ូ និង គុនចម្រុះ។ ពេលមានគ្រូបង្វឹកត្រឹមត្រូវក្លិបនឹងរៀបចំឲ្យមានកូនសិស្សផ្នែកនេះ។
ONE: តើមានចំណុចអ្វីបន្ថែមទៀតចំពោះសំណួរខ្ញុំមិនបានសាកសួរពីខាងលើ?
Kwok Leung Tsang: យើងកំពុងពង្រឹងកីឡាករគុនខ្មែរឲ្យដល់ចំណុចខ្លាំងមួយទៀត ដែលគេឲ្យឈ្មោះថា Kun Khmer 2.0។ យើងបង្ហាត់លាយជាមួយស្ទិលប្រដាល់ K1 Kickboxing ដើម្បីឲ្យពួកគេអាចប្រកួតប្រជែងនៅកម្រិតអន្តរជាតិ។ យើងអាចឃើញការអភិវឌ្ឍន៍ឆាប់រហ័សរបស់ «មួយថៃ»ប្រមាណមួយទសវត្សចុងក្រោយនេះ ហើយដ្បិតគុនខ្មែរជាក្បាច់គុនយូរយាររបស់ដូនតាខ្មែរ ប៉ុន្តែនៅដើរពីក្រោយ មួយថៃ។ យ៉ាងណាក្ដី យើងអាចរៀនអំពីបទពិសោធន៍ថ្មីៗដែលជោគជ័យរបស់គេ លើកឆាកអន្តរជាតិ ខណៈដែលយើងមានក្បាច់គ្រឹះរួចស្រាប់ទៅហើយ។ ដោយសារតែភាពវឹកវរ និង ប្រវត្តិសាស្ត្រខ្មៅងងឹតរបស់កម្ពុជា ទើបធ្វើឲ្យ យើងដើរក្រោយគេប្រើប្រៀបធៀបប្រទេសផ្សេង។ បែបណាក៏ដោយ ខ្ញុំនៅតែជឿជាក់ថា ព្រលឹងរបស់ខ្មែរ យើងរួមទាំងឆន្ទៈផង នឹងអាចនាំកីឡាករកំពូលៗ របស់កម្ពុជាទៅប្រកួតកម្រិតពិភពលោកបាន៕