អន្តរជាតិ
ចោរ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា អត់លុយ​ទិញ​គ្រាប់កាំភ្លើង និង​គ្មាន​របស់​មានតម្លៃ​ឲ្យ​លួច​
03, Jun 2019 , 11:19 pm        
រូបភាព
ប្រភពរូប៖​  AP
ប្រភពរូប៖​ AP
ដោយ:
​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើតឡើង​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា មិន​ត្រឹមតែ​ជះឥទ្ធិពល​អវិជ្ជមាន លើ​ប្រជាជន​សាមញ្ញ ស្លូតត្រង់​ក្នុងប្រទេស​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏បង្ក​ជា​បញ្ហាលំបាក​ដល់​ពួកឧក្រិដ្ឋជន​ផងដែរ​។ ពួកឧក្រិដ្ឋជន ដែល​កំពុង​រស់នៅ ក្នុងប្រទេស​អាមេរិក​ឡា​ទីន​នេះ ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ដោយ​ពុំមាន​លទ្ធភាព​ទិញ​គ្រាប់កាំភ្លើង និង​មិនអាច​ស្វែងរក​របស់របរ​មាន​តម្លៃ​ផ្សេងៗ ដើម្បី​លួច ឬ​ប្លន់​។​

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AP ឧក្រិដ្ឋជន​ម្នាក់ ដែល​រស់នៅក្នុង​តំបន់​ជាយក្រុង Petare នៃ​រដ្ឋធានី​កា​រ៉ា​កា​s អះអាងថា បច្ចុប្បន្ននេះ រូបគេ​មានការ​លំបាក​ក្នុងការ​ប្រកបរ​បរច​ញ្ចឹ​ម​ជីវិត​ដោយ​ការ​លួច ឬ​ប្លន់​អ្នកដទៃ ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន នាពេល​កន្លងមក​។ 
 
​ខណៈ​គ្រាប់កាំភ្លើង ត្រូវបាន​ដាក់លក់​យ៉ាង​ទូលំទូលាយ​លើ​ទីផ្សារងងឹត ឧក្រិដ្ឋជន​ជាច្រើន គ្មាន​លទ្ធភាព​ទិញ​វា​ក្នុងតម្លៃ ១​ដុល្លារ​មួយគ្រា​ប់​ទៀត​ទេ​។ ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ​ក្លែងក្លាយ​ថា El Negrito និង​បិទបាំង​ផ្ទៃមុខ​ជិត បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP កាលពី​ថ្ងៃទី​២៩ ឧសភា ថា​៖ «​ប្រសិនបើ​អ្នកបាញ់​គ្រាប់កាំភ្លើង​អស់​មួយ​បង់ នេះ​មានន័យថា អ្នក​ជះ​លុយ​អស់​១៥​ដុល្លារ​។ ប្រសិនជា​អ្នក​បាត់​កាំភ្លើង ឬ​ត្រូវ​ប៉ូលិស​រឹបអូស​នោះ អ្នក​បាត់​លុយ​អស់​៨០០​ដុល្លារ​»​។​
 
​ជា​មេក្រុម​ឧក្រិដ្ឋជន ហៅថា «Crazy Boys» បុរស​វ័យ​២៤​ឆ្នាំ​រូបនេះ អះអាងថា ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន ធ្វើ​ឲ្យ​រូបគេ​ពិបាក​ក្នុងការ​ស្វែងរក​ប្រាក់​ដើម្បី​ឧបត្ថម្ភ​ដល់​ប្រពន្ធ និង​កូនស្រី ដោយ​ការ​គំរាម​ប្លន់ ឬ​លួច​។ ការបាញ់​គ្រាប់កាំភ្លើង មានតម្លៃ​ថ្លៃ ហើយ​ប្រជាជន​ដែល​កំពុង​រស់នៅ​វេ​ណេ​ស៊ុយ​អេ​ឡា គ្មាន​លុយ ឬ​របស់របរ​មានតម្លៃ​ឲ្យ​លួច​ថែម​ទៀតផង​។ យោងតាម​ប្រភពព័ត៌មាន AP ជា​មធ្យម ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា រកចំណូលបាន ត្រឹម ៦,៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​។ 
 
​ស្រប​ពេលដែល​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើន មានការ​លំបាក​ក្នុងការ​ចំណាយលុយ​លើ​ចំណីអាហារ​ប្រចាំថ្ងៃ ថ្នាំសង្កូវ ឬ​សំលៀកបំពាក់​ក្នុងប្រទេស​នេះ មាន​រថយន្ត ឬ​របស់របរ​មានតម្លៃ​តិចតួច​ប៉ុណ្ណោះ ដែល​ពួកឧក្រិដ្ឋជន​អាច​លួចបាន​។ ម្យ៉ាងវិញទៀត ដោយសារតែ​អតិផរណា​ឡើង​កប់​ពពក មនុស្ស​ភាគច្រើន លែង​ប្រើប្រាស់​លុយ​សុទ្ធ​បន្ត​ទៀតហើយ​។ 
 
​ប្រាប់​កាសែត​អាមេរិក The Washington Post អ្នក​ផលិត​ស្បែកជើង​ម្នាក់ ដែល​រស់នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ឈ្មោះថា Yordin Ruiz បញ្ជាក់​ឲ្យ​ដឹងថា ប្រសិនបើ​ពួកឧក្រិដ្ឋជន លួច​កាបូប​លុយ ក្នុង​កាបូប​នោះ គ្មានអ្វី​សោះឡើយ​។ ម្យ៉ាងវិញទៀត ឃ្លាំង​ស្តុក​លុយ​របស់​ធនាគារ​ទាំ​ង​អស់​ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ស្ទើរតែ​គ្មាន​លុយ​សេន​តែម្តង​។​
 
​ជាមួយគ្នានេះ ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែលមាន​មូលដ្ឋាន​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ឈ្មោះថា Robert Briceño លើកឡើងថា វិបត្តិ​សេដ្ឋកិច្ច កំពុង​ជះឥទ្ធិពល​អាក្រក់​លើ​គ្រប់ផ្នែក​ទាំង​អស់នៃ​សង្គម​។ លោក ថា​៖«​សព្វថ្ងៃនេះ គ្មាន​នរណាម្នាក់​រស់​ស្រួល​ឡើយ មិន​ថា​ប្រជាជន​ស្លូតត្រង់ ដែល​ប្រឹងប្រែង​រក​ទ្រព្យសម្បត្តិ ឬក៏​ឧក្រិដ្ឋជន ដែល​តាម​លួច​ឬ​ប្លន់​ពួកគេ​»៕

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  វិបត្តិ​សេដ្ឋកិច្ច​
  ឧក្រិដ្ឋជន​
© រក្សាសិទ្ធិដោយ thmeythmey.com