ជាតិ
សង្គមជាតិ
សម្ដេច ហេង សំរិន ប្រាប់​មេដឹកនាំ​វៀតណាម​ថា ច្បាប់​កម្ពុជា គ្មាន​ករណី​ពិសេស​សម្រាប់​ជនជាតិ​ណា​ឡើយ​
03, Jun 2019 , 11:39 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា
រូបពីហ្វេសប៊ុកសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា
​ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន ប្រាប់​មេដឹកនាំ​វៀតណាម​ថា ច្បាប់​កម្ពុជា គ្មាន​ករណី​ពិសេស​សម្រាប់​ជនជាតិ​ណាមួយ​ឡើយ ។ ការលើកឡើង​របស់​ស​ម្ដេច ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​ប្រមុខរដ្ឋ​វៀតណាម​ដែល​បានស្នើ​ឲ្យ​កម្ពុជា ជួយ​ការពារ​ជនអន្តោប្រវេសន៍​វៀតណាម និង​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគេ​។​នេះ​បើ​យោងតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​០៣ ខែមិថុនា នេះ​។​

 
​ក្រសួង​ព័ត៌មាន ដែល​បាន​ស្រង់​សម្តី​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​បញ្ជាក់ថា ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី ង្វៀង ធី​គឹម​ង៉ាន់ បានស្នើ​សម្ដេច ហេង សំរិន ឲ្យ​ជួយ​គាំពារ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ដែល​កំពុង​រស់នៅ​កម្ពុជា ព្រមទាំង​ជួយ​សម្រួល​ដល់​ពួកគេ​ទាំងនោះ ឲ្យ​ទទួលបាន​ឯកសារ​ស្នាក់នៅ​ស្របច្បាប់ និង​សញ្ជាតិ​កម្ពុជា​ផង​។ ជាពិសេស​ការផ្ទេរ​លំនៅ​ឋាន​ដល់​ពួកគេ ដែល​កំពុង​រស់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប នា​ខេត្តកំពង់ឆ្នាំង ឡើងលើ​ដីគោក​នាពេល​បច្ចុប្បន្ន​ផង​។​
 
​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​នេះ​សម្តេច ហេង សំរិន បាន​បញ្ជាក់ថា កម្ពុជា​នឹង​អនុវត្ត​ទៅតាម​ច្បាប់​អន្តោប្រវេសន៍ ចំពោះ​ជនបរទេស​ទាំងអស់ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា ហើយក៏​មិនមាន​ករណី​ពិសេស​សម្រាប់​ជនជាតិ​ណាមួយ​នោះទេ​។ នេះ​បើតាម​លោក ឈាង វុន​។​
 
​ក្រៅពីនេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​លើ​កិច្ចការ​មួយចំនួនទៀត​ដូចជា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​, កិច្ចសហប្រតិបត្តិការ​តំបន់ និង​កិច្ចសហការ​អន្តរជាតិ និង​ការផ្លាស់ប្ដូរ​មតិយោបល់​វេទិកាសភា​។ បន្ថែម​ពីនេះ​ទៀត ភាគី​ទាំងពីរ​សន្យា​ព​ន្លឿ​ន​ការបោះបង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​ចប់​ផងដែរ​៕ 
 

Tag:
 ហេង សំរិន​
  អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com