កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool និង Chelsea ត្រូវ​ប្រជែង​គ្នា​ដណ្តើមពាន Super Cup នៅ​តួ​ក​គី​
04, Jun 2019 , 8:39 am        
រូបភាព
​ជើងឯក Champions League ហង្ស​ក្រហម Liverpool នឹង​ជើងឯក Europa League តោ​ខៀវ Chelsea នឹងត្រូវ​ប៉ះគ្នា​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ UEFA Super Cup នៅ​ថ្ងៃទី​១៤ ខែសីហា នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។​



Liverpool បាន​ផ្តួល​ក្រុម Tottenham Hotspurs ដោយ​លទ្ធផល ២-០ ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​ដើម្បី​លើក​ពាន​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ជា​លើក​ទី​៦ ក្រោយពីរ​ថ្ងៃ​បន្ទាប់ពី Chelsea បាន​ក្លាយជា​ម្ចាស់​ពាន​លំដាប់​ទី​២​អឺរ៉ុប​ជា​លើក​ទី​ពីរ តាមរយៈ​ការយក​ឈ្នះ Arsenal ៤-១​។ សម្រាប់​ពាន Super Cup ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប នេះ​ជាការ​ជួបគ្នា​រវាង​ក្រុម​អង់គ្លេស​ពីរ​ជា​លើកដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ 
 
Liverpool គឺជា​ក្រុម​ពី​ក្របខណ្ឌ Premier League ចុងក្រោយ​គេ​ដែល​ឈ្នះ​ពានរង្វាន់ Super Cup នេះ​កាលពី​ឆ្នាំ ២០០៥​។ កាលពី​ឆ្នាំ​២០១៨ ក្រុម AT-Madrid ជា​អ្នក​គ្រង​ពាន​នេះ​ក្រោយ​យកជ័យ​ជម្នះ​ក្រុម​ពី​អេ​ស្ប៉ា​ញ​ដូចគ្នា Real Madrid (​ម្ចាស់​ពាន Champions League) ក្នុង​លទ្ធផល ៤-២​។​
 
​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp នឹងមាន​ការប្រកួត​ធំៗ​ច្រើន​រហូតដល់​៧​លើក​។ ហង្ស​ក្រហម​ត្រូវ​តំណាង​ឲ្យ​ក្លិប​ពី​អឺរ៉ុប​ដើម្បី​លេង​ពានរង្វាន់ FIFA Club World Cup នៅ​ខែធ្នូ ឆ្នាំ​២០១៩​។​
 
Liverpool ក៏ត្រូវ​តតាំង​ជាមួយ Manchester City ក្នុងការ​ប្រកួត​មុន​បើក​រដូវ​កាល​ថ្មី Community Shield នា​កីឡដ្ឋាន Wembley ដែល​អាច​នឹងធ្វើ​នៅ​ថ្ងៃទី​៣ ឬ​ទី​៤ ខែសីហា​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  UEFA Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com