ជាតិ
សង្គមជាតិ
មោទកភាព​ជាតិ​! ចុងភៅ​ខ្មែរ​ឈ្នះ​ពានមាស និង​មេដាយ​ជាច្រើន​ពី​ការប្រកួត​ម្ហូបអាហារ​នៅ​អាស៊ី​
03, Jun 2019 , 6:44 pm        
រូបភាព
សមាគម​ចុងភៅ​កម្ពុជា (Cambodia Chefs' Association) ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​អាហារ​អាស៊ី (Best Asian Gourmet Challenge) ប្រចាំឆ្នាំ​២០១៩ ដែល​រៀបចំ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែឧសភា​។ លទ្ធផល​ដែល​ប្រកាស​កាលពី​ថ្ងៃទី​១ ខែមិថុនា បាន​បង្ហាញថា ក្រុម​ចុងភៅ​កម្ពុជា ទទួលបាន​ពានមាស​១  រួមទាំង​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ចំនួន​២៧ បន្ថែមទៀត​។​





Best Asian Gourmet Challenge ជា​ព្រឹត្តិការណ៍​ប្រកួត​ម្ហូបអាហារ​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី ដោយ​ឆ្នាំ​២០១៩​នេះ មាន​ក្រុម​ចុងភៅ​ចូលរួម​ប្រមាណ​៩០០​នាក់ មកពី​ប្រទេស​/​តំបន់​ចំនួន​១៣ ក្នុងនោះ​រួមមាន​ម្ចាស់ផ្ទះ​ថៃ កម្ពុជា ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង ម៉ា​កាវ ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហ​បុរី និង​ប៉ា​គី​ស្ថាន​។ ថៃ​មាន​ចុងភៅ​ខ្លាំងៗ មាន​បណ្តា​ខេត្ត​ចំនួន​៣០​។​

​សម្រាប់​ការប្រកួតប្រជែង​នេះ កម្ពុជា​មានមុខ​ម្ហូប​ពិ​សេ​សេ​ចំនួន​១០ ដែល​រួមមាន ញាំ​ក្រូចថ្លុង​បង្គារ សាច់គោ​អាំង​ទឹកប្រហុក សម្លប្រហើរ អា​ម៉ុក​ត្រី ការី​សាច់មាន់ ឆា​កង្កែប​ម្រេច​កំពត ខ​ប៉េងប៉ោង គ្រំ​បំពង​ជ្រក់ស្វាយ បាយ​សម្រូប​សណ្ដែក​ខ្មែរ និង​សង់ខ្យាល្ពៅ​។​



លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា បាន​មានប្រសាសន៍ថា ផ្តើមចេញពី​រសជាតិ​ម្ហូប​ខ្មែរ​ចំនួន​១០​មុខ សមាគម​ចុងភៅ​កម្ពុជា​ដែលមាន​ចុងភៅ​ជំនាញ​៣២​នាក់ បាន​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ទេពកោសល្យ​នៃ​ការ​ផ្សំ​គ្រឿង​ចំអិនម្ហូប វា​គ្រាន់តែ​ជា​តម្លៃ​មួយ​បង្ហាញ​អំពី​បំ​ណិ​ន​នៅក្នុង​វិជ្ជាជីវៈ​ជា​ចុងភៅ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​អ្វី​ដែលជា​មោក​នភា​ព​សម្រាប់​ការលើក​ពាន​ជ័យលាភី​នេះ គឺ​រសជាតិ​ម្ហូប​ខ្មែរ​។​

​សម្រាប់ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេ​ចរណ៍​ខេត្តសៀមរាប ជ័យលាភី​ទាំងនេះ បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ។ លោក​បាន​លើកឡើងថា​៖ «​ពិតណាស់ថា តាមរយៈ​នៃ​ការចូលរួម​ប្រ​គួ​ត​ប្រជែង​នោះ បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូវបាន​ចាប់អារម្មណ៍​ចំពោះ​រសជាតិ​ម្ហូប​ខ្មែរ​» ។



​សមាគម​ចុងភៅ​កម្ពុជា បាន​បង្កើតឡើង​នៅ​ក្រុង​សៀមរាប​ក្នុង​ឆ្នាំ​២០១៣ ។ ឆ្នាំ​២០១៩​នេះ គឺជា​លើក​ទី​៧​ហើយ ដែល​សមាគម​ចុងភៅ​កម្ពុជា បាន​បញ្ជូន​ក្រុម​ចុងភៅ​ឆ្នើមៗ​របស់ខ្លួន​ចេញទៅ​ប្រកួតប្រជែង​ធ្វើ​ម្ហូប ក្នុង​កម្មវិធី​ធំៗ​ខ្នាត​អន្តរជាតិ​នៅក្រៅ​ប្រទេស ហើយ​ទទួលបាន​មេដាយ​ជាច្រើន​។​



សមាគម​ចុងភៅ​កម្ពុជា​ធ្លាប់​បានទទួល​ជ័យលាភី​ពានមាស ចំនួន​២​លើក គឺ​ឆ្នាំ​២០១៤ ទទួលបាន​ពានមាស​ក្នុង​កម្មវិធី​ប្រ​គួ​ត​ធ្វើ​ម្ហូប ( រសជាតិ​អាហារ​ទន្លេមេគង្គ ) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​លើក​ទី​២ គឺ​ពាន​ជ័យលាភី​ប្រកួត​ធ្វើ​ម្ហូប​អាស៊ី ឆ្នាំ​២០១៩​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com