ជាតិ
​​​ន​យោ​បាយ​ជាតិ​
នំ​បញ្ចុក​! លោក សម រង្ស៊ី​៖ សូម​អញ្ជើញ​ទៅ​ហូប​ជាមួយ​គេ​ដោយ​រីករាយ ព្រោះ​យើង​ជា​មហា​គ្រួសារ​ខ្មែរ​!
03, Jun 2019 , 10:57 pm        
រូបភាព
ដោយ: រួបរួម
នំ​បញ្ចុក​បានក្លាយ​ទៅជា​ប្រធានបទ​នៃ​ការឆ្លើយ​ឆ្លង​គ្នា​រវាង​អ្នកនយោបាយ​! ទំនងជា​ឆ្លើយតប​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ពី​កម្មវិធី​បរិភោគ​នំ​បញ្ចុក​សាមគ្គី​នា​ថ្ងៃទី​៩ ខែមិថុនា លោក សម រង្ស៊ី តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក៏បាន​អំពាវនាវ​ពលរដ្ឋ​ជួបជុំ​ពិសារ​នំ​បញ្ចុក​ជាមួយគ្នា ដោយ​គ្មាន​ការភ័យខ្លាច​។​


អត្ថបទទាក់ទង


​ក្រោម​ចំណងជើង «​ទិវា​នំ​បញ្ចុក​សាមគ្គី / Eating Khmer noodles together nationwide» លោក សម រង្ស៊ី បាន​ស្នើថា​៖ «​សូម​បងប្អូន​និង​កូនក្មួយ អញ្ជើញ​អ្នកជិតខាង​មក​ទទួលទាន​នំ​បញ្ចុក​នេះ ជាមួយ​យើង​ផង ហើយ​បើ​គេ​អញ្ជើញ​យើង​ទៅ​ហូប​ជាមួយ​គេ សូម​អញ្ជើញ​ទៅដោយ​ចិត្ត​រីករាយ ក្នុង​ស្មារតី​ភាតរភាព ពីព្រោះ​យើងទាំងអស់គ្នា ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​»​។​

​សំណេរ​របស់លោក សម រង្ស៊ី បន្ទាប់ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​សមាជិក សមាជិកា និង​មន្ត្រី​គណបក្ស​ខ្លួន​ទាំងអស់ រៀបចំ​កម្មវិធី​បរិភោគ​និង​ចែក​នំ​បញ្ចុក ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន នៅ​ថ្ងៃទី​៩ មិថុនា​។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ នា​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្ដេច​ប្រកាស​ឲ្យ​រៀបចំ​កម្មវិធី​នេះ ដោយសារ​ចង់​ផ្ចាញ់ផ្ចាល​ទៅលើ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានកំណត់ និង​អំពាវនាវ​នាំគ្នា​ធ្វើ​យុទ្ធនាការ​បរិភោគ​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ មិថុនា​។



ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​នេះ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ដូច្នេះ​ថា​៖« សូមកុំ​ភ្លេច​ទទួលទាន​នំ​បញ្ចុក​ទាំងអស់គ្នា នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិ មិនមែនជា​ការហូប​នំ​បញ្ចុក​បំបែកបំបាក់​ជាតិ​នោះទេ​…​។ អញ​មិន​ចង់​ឲ្យ​បែកបាក់​ជាតិ អញចង់​ឯកភាព​ជាតិ បានជា​អញ​សុខចិត្ត​យក​ថ្ងៃ​(​ទី​៩ មិថុនា​) ឯង​កំណត់​(​បរិភោគ​នំ​បញ្ចុក​)​ហ្នឹង ។ អញ​អត់​ខ្លាច​ទេ ឲ្យ​តែ​ឃើញថា​វា​មាន​សេចក្តីសុខ​អញ​ធ្វើ​»៕
 
 



Tag:
 នំបញ្ចុក
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com