អន្តរជាតិ
អាមេរិកប្រកាសបន្តស្វាគមន៍និស្សិតចិន ក្រោយប៉េកាំងចេញសារព្រមាន និស្សិតចិនសិក្សានៅអាមេរិក។ រូបភាព AFP
× សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែមិថុនា បានប្រកាសស្វាគមន៍និស្សិតចិនដែលចង់បន្តការសិក្សាដោយស្របច្បាប់នៅទឹកដីអាមេរិក។ ការប្រកាសរបស់អាមេរិក ធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងចេញសារព្រមានជនជាតិខ្លួនពីហានិភ័យក្នុងការសុំទិដ្ឋាការទៅកាន់ទឹកដីអាមេរិក ស្របពេលដែលមហាយក្សទាំងពីរកំពុងប្រឈមមុខគ្នាក្នុងសមរភូមិពាណិជ្ជកម្ម។ ការចំណាយថ្លៃសិក្សារបស់សិស្សនិស្សិតចិន ជាប្រភពចំណូលដ៏ធំសម្រាប់អាមេរិក។
ជម្លោះពាណិជ្ជកម្ម និងការបារម្ភពីការលួចយកព័ត៌មាន បានក្លាយជាបញ្ហារាំងស្ទះសម្រាប់ជនជាតិចិនក្នុងការទទួលបានទិដ្ឋាការចូលទឹកដីអាមេរិកដើម្បីបន្តការសិក្សារបស់ខ្លួន។ ក្រសួងអប់រំចិននៅថ្ងៃទី៣ ខែមិថុនា បានចេញសារព្រមានសិស្សនិស្សិតរបស់ខ្លួនដែលចង់ទៅរៀនសូត្រនៅអាមេរិកឲ្យប្រុងប្រយ័ត្ន និងត្រូវគិតគូរពីហានិភ័យឲ្យបានម៉ត់ចត់ ព្រោះអាចនឹងមិនទទួលបានទិដ្ឋាការ ឬក៏ត្រូវពន្យារពេលទទួលជាដើម។
ទូរទស្សន៍រដ្ឋចិន CCTV ផ្សាយថា និស្សិតចិនដែលអាចធ្វើដំណើរទៅកាន់អាមេរិកហើយនោះ ប្រឈមមុខបញ្ហាដូចជាសុពលភាពទិដ្ឋាការមានកំណត់ ហើយអ្នកខ្លះបែរជាមិនអាចទទួលបានទិដ្ឋាការផង។ ការណ៍នេះ បានបង្កផលប៉ះពាល់ខ្លាំងដល់និស្សិតចិនដែលចង់ទៅការសិក្សានៅអាមេរិក ឬបញ្ចប់ការសិក្សារបស់ខ្លួន។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិនវិញ អះអាងថា អាមេរិកបានបង្កើតឧបសគ្គដែលមិនចាំបាច់រាំងស្ទះដល់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសអាមេរិកពន្យល់ថា ខ្លួនបានបង្កើនការត្រួតពិនិត្យសំណើសុំទិដ្ឋាការ បន្ទាប់ពីរកឃើញពីការកើនឡើងករណីក្រុមចារកម្មសម្ងាត់បរទេសប្រើប្រាស់សិស្សនិស្សិតជនជាតិខ្លួនឲ្យប្រមូលព័ត៌មានពេលកំពុងសិក្សានៅទឹកដីអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា ទោះជាយ៉ាងណា អាមេរិកនៅតែបន្តផ្ដល់សេវាកម្មខ្ពស់បំផុតទៅកាន់អ្នកធ្វើដំណើរដែលស្របច្បាប់ ដូចនេះពួកគេអាចដឹងពីដំណើរការសុំទិដ្ឋាការរបស់ខ្លួន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យដដែលក៏ប្រកាសស្វាគមន៍សិស្សនិស្សិត និងបញ្ញវន្តចិនដែលធ្វើសកម្មភាពស្របច្បាប់នៅទឹកដីអាមេរិក ខណៈពួកគេក៏ទទួលបានទិដ្ឋាការ៥ឆ្នាំសឹងគ្រប់គ្នាទៅហើយដែរ។
តាមពិតទៅ ការរឹតត្បិតការផ្ដល់ទិដ្ឋាការឲ្យជនជាតិចិន គឺជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់ការលួចយកព័ត៌មាន។ នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Christopher Wray ធ្លាប់និយាយកាលពីខែមេសា ថា ទីក្រុងប៉េកាំងបានប្រើប្រាស់និស្សិតដែលបញ្ចប់ការសិក្សា និងអ្នកស្រាវជ្រាវរបស់ខ្លួនឲ្យធ្វើសកម្មភាពស៊ើបការណ៍ពីអាមេរិក ហើយពេលខ្លះក៏លួចយកបច្ចកវិទ្យារបស់អាមេរិកទៅប្រើនៅចិនទៀតផង។
យ៉ាងណាមិញ ចំណាត់ការលើនិស្សិតចិនក៏អាចធ្វើឲ្យអាមេរិកផ្ទាល់រងការខូចខាតដែរ។ សព្វថ្ងៃ សិស្សនិស្សិតចិន គឺជាប្រភពនិស្សិតបរទេសធំជាងគេរបស់អាមេរិក។ កាលពីឆ្នាំ២០១៨ និស្សិតចិនប្រមាណ៣០ម៉ឺននាក់រៀននៅសាលានានារបស់អាមេរិក ហើយភាគច្រើនបានសិក្សាដោយបង់ពេញថ្លៃតែម្ដង។ កាលពីឆ្នាំ២០១៧ ការចំណាយថ្លៃសិក្សារបស់និស្សិតចិនបានចាក់បញ្ចូលលុយចំនួន១៤ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចអាមេរិក ដែលនេះជាចំនួនដ៏ច្រើនមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com