លោក ឈាង វណ្ណា​រិ​ទ្ធ​៖ កម្ពុជា​មិនអាច​ទាញ​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ត្រូវ​ពង្រឹង​ខ្លួន​កុំ​ឲ្យ​ជាប់អន្ទាក់​ពួក​មហាអំណាច​
ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណា​រិ​ទ្ធ​៖ កម្ពុជា​មិនអាច​ទាញ​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ត្រូវ​ពង្រឹង​ខ្លួន​កុំ​ឲ្យ​ជាប់អន្ទាក់​ពួក​មហាអំណាច​
04, Jun 2019 , 11:23 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី
​ភ្នំពេញ​៖ ទំនាស់​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន មិនបាន​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ណាមួយ​ឡើយ រួមទាំង​កម្ពុជា​ផងដែរ​។ ហើយ​វារឹតតែ​ជា​ឥទ្ធិពល​អវិជ្ជមាន​ថែមទៀត ដល់​ប្រទេស​តូច ដែល​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី​។​

 
​ត្រង់ចំណុច​នេះ​លោក ឈាង វណ្ណា​រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា កម្ពុជា​ពុំទាន់​មានលទ្ធភាព​ទាញយក​ផលប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​-​ចិន​នោះទេ ខណៈដែល​បញ្ហា​ឈ្លោះ​គ្នា​រវាង​មហា​យក្ស​នេះ វា​មានតែ​ផល​អាក្រក់​ច្រើនជាង​ផលចំណេញ​។ និយាយ​បែបនេះហើយ លោក វណ្ណា​រិ​ទ្ធ បាន​រំឭក​ឲ្យ​កម្ពុជា​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន លើ​បញ្ហា​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ដើម្បី​បញ្ចៀស​ការជាប់​អន្ទាក់​ប​ញ្ហា​ជាមួយ​ពួក​មហាអំណាច ដែល​នាំ​ឲ្យ​ខាត​ប្រយោជន៍​សេដ្ឋកិច្ចជាតិ​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី ដូចតទៅ​៖



 
​បើសិនជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​នេះ នៅតែ​អូសបន្លាយ​យូរ​នោះ វា​នឹង​អាច​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ពិភពលោក​វិល​ទៅកាន់​ប្រវត្តិសាស្ត្រ​វិញ គឺមាន​ការបែងចែក​ជា​ពីរ​ប្លុក គឺ​ប្លុក​សេដ្ឋកិច្ច​ពួក​សេរី ខាង​សហរដ្ឋអាមេរិក និង​ពួក​កុម្មុយនីស្ត​ខាង​ភាគី​ចិន​។ ប៉ុន្តែ​វា​មិន​បណ្ដាល​ឲ្យ​ឈានទៅរក​សង្គ្រាមលោកលើកទី​៣​ឡើយ​។ នេះ​ជាការ​យល់ឃើញ​របស់ ឈាង វណ្ណា​រិ​ទ្ធ​។​
 
​ដោយសារតែ​មើលឃើញ​ពី​បញ្ហា​នេះហើយ ទើប​លោក ឈាង វណ្ណា​រិ​ទ្ធ ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា គិតគូ​លើ​បញ្ហា​នេះ ដោយ​ពង្រឹង​លើ​គោលជំហរ កុំ​ឲ្យ​ទន់​ទោ​ខ្លាំង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ចជាតិ​។ ព្រោះ​បើ​មានការ​បែងចែក​ប្លុក​តំបន់​មែន​នោះ វា​នឹង​ផ្ដល់​ផ្ដល់​អវិជ្ជមាន​ដល់​កម្ពុជា ក្នុងការ​សម្រេចចិត្ត ខណៈដែល​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ទាំងសងខាង​លើ​ផ្នែក​សេដ្ឋកិច្ច​នេះ​។ ដូច្នេះ​ជំហរ​ប្រវត្តិសាស្ត្រ ដែល​ឈរលើ​គោលនយោបាយ​អ​ព្យា​ក្រឹត្យ​ដ៏​រឹងមាំ គឺជា​ជម្រើស​ល្អ​បំផុត​។​
 
​បើតាម​ប្រធាន​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី កម្ពុជា​ត្រូវ​ពង្រឹង​ធនធានមនុស្ស តាមរយៈ​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ឲ្យ​ស្របតាម​សម័យកាល​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ផ្នែក​ឌីជីថល​នេះ ដែល​វា​នឹង​ជះឥទ្ធិពល​កាន់តែខ្លាំង​នៅ​ទូទាំង​ពិភពលោក និង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ កម្ពុជា​ត្រូវ​ពង្រឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នេះ ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។​
 
​សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធ បច្ចេកវិទ្យា​ផ្នែក​ឌីជីថល​នេះ វា​ផ្ដល់​ផល​វិជ្ជមាន​ច្រើន ដល់​ពិភពលោក ប៉ុន្តែ​វា​ក៏​អាច​បំផ្លាញ​ពិភពលោក​បានដែរ បើសិនជា​ពួក​មហាអំណាច​ប្រើ​ខុសផ្លូវ និង​ឆន្ទៈ​របស់​ពួកគេ​៕  

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  អាមេរិក​
  ចិន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម