សិល្បះ
អន្តរជាតិ
លោក Colin អតីតយុទ្ធជន វ័យ​៨៩​ឆ្នាំ ឈ្នះ​ពាន Britain’s Got Talent
04, Jun 2019 , 11:45 am        
រូបភាព
ដោយ: រួបរួម
​លោក Colin Thackery  បាន​ក្លាយជា​បេក្ខជន​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ដែល​បានឈ្នះ​ពាន Britain’s Got Talent ជាមួយនឹង​ប្រាក់រង្វាន់​២៥​ម៉ឺន​ផោន [​ជាង​៣១​ម៉ឺន​ដុល្លារ​អាមេរិក​]​។ លោក Colin ជា​អតីតយុទ្ធជន​ម្នាក់​ដែល​បច្ចុប្បន្ន​មាន​វ័យ​៨៩​ឆ្នាំ និង​រស់នៅ​ក្រុង​ឆែ​ល​ស៊ី ប្រទេស​អង់គ្លេស​។​



 
 
​លោក Colin បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ចាប់តាំងពី​អាយុ​១៥​ឆ្នាំ ហើយ​បាន​ជួប​ភរិយា​ខ្លួន​ឈ្មោះ Joan នៅ​ជំរុំ​យោធា​ក្នុង​តំបន់ County Durham​។ យោងតាម​ការផ្សាយ​រប​ស់ The Sun ពួកគាត់​បាន​រៀបការ​នៅ​ឆ្នាំ​១៩៥០ ប៉ុន្តែ​ពីរ​សប្តាហ៍​ក្រោយមក លោក Colin ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅ​កូរ៉េ​។​
 
​បន្ទាប់មក លោក​បាន​បន្តទៅ​ហុងកុង ដោយ​អ្នកស្រី Joan បាន​ទៅ​រួមរស់​ជាមួយគ្នា​។ ក្រោយមកទៀត​ទៀត ពួកគាត់​បាន​ត្រឡប់​ទៅ​អង់គ្លេស​វិញ ហើយ​អ្នកស្រី Joan បានទទួល​មរណភាព​ដោយសារ​មហារីក​នៅ​ខែធ្នូ ឆ្នាំ​២០១៦​។​
 
​ពួកគាត់​មានកូន​២​នាក់ និង​ចៅ​៤​នាក់​ដែល​រស់នៅ​ក្រុង Norwich តែ​ក្រោយ​មរណភាព​របស់​ភរិយា លោក Colin រស់នៅក្នុង​មណ្ឌល​និវត្តជន Chelsea Pensioners​។​
 
​លោក Colin ដែលមាន​សមត្ថភាព​ផ្នែក​ចម្រៀង បាន​ចូល​ប្រឡង​សមត្ថភាព​ក្នុង​កម្មវិធី Britain’s Got Talent រដូវ​កាល​ទី​១៣​។ នៅ​វគ្គ​ដំបូង លោក Colin បាន​ច្រៀង​បទ «Wind Beneath My Wings» ដើម្បី​ឧទ្ទិស​ដល់​ភរិយា​ខ្លួន ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​២០១៦ ក្រោយ​ចំណងអាពាហ៍ពិពាហ៍​ជាង​៦០​ឆ្នាំ​។​

 
 
​គណៈកម្មការ និង​អ្នកចូលរួម​ទស្សនា ស្ងើចសរសើរ​សមត្ថភាព​របស់លោក Colin យ៉ាងខ្លាំង ហើយ​លោក Simon Cowell នាង Amanda Holden នាង Alesha Dixon និង​លោក David Walliams បានផ្តល់​ចម្លើយ «Yes» ទាំងអស់គ្នា ដែល​នាំ​ឲ្យ​លោក Colin ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ លោក Colin បាន​ច្រៀង​បទ «We’ll Meet Again» ហើយ​ទទួលបាន​សំឡេង​បោះឆ្នោត​គាំទ្រ​ច្រើនជាងគេ ដោយ​នាំ​លោក​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ ។​

 
 
​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ លោក Colin បាន​ច្រៀង​បទ «Love Changes Everything» របស់ Michael Ball​។ ក្នុងចំណោម​ការ​ប្រជែង​សមត្ថភាព​ទាំង​១២​ចុងក្រោយ លោក Colin ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ ជាពិសេស​នាំមុខ អ្នកវិភាគ​ចិត្តសាស្ត្រ (Mentalist) ដែលមាន​រហស្សនាម X (Marc Spelmann) និង អ្នក​សំដែង​រហស្សកម្ម Ben Hart ។​
 
 
​ប្រាក់រង្វាន់​ដែល​លោក Colin ទទួលបាន​ក្រោយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ លោក​នឹង​បែក​ចែក​ខ្លះ​ទៅដល់ Royal Chelsea Hospital ជាទី​កន្លែង​ដល់​លោក​រស់នៅ​។ ជាមួយគ្នានេះ លោក​នឹង​ឡើង​ច្រៀង​ជា​កិត្តិយស​នៅមុខ​រាជវង្សានុវង្ស​នា​ព្រឹត្តិការណ៍ Royal Variety Performance ផងដែរ​៕
 

Tag:
 Britain’s Got Talent
© រក្សាសិទ្ធិដោយ thmeythmey.com