យុវជន តេង ទិត្យវិទូ ប្រាប់វិធីសាស្រ្ត ដើម្បីប្រឡងជាប់សិស្សពូកែរូបវិទ្យាទូទាំងប្រទេស
ជាតិ
បទសម្ភាសន៍
វីដេអូ
យុវជន តេង ទិត្យវិទូ ប្រាប់វិធីសាស្រ្ត ដើម្បីប្រឡងជាប់សិស្សពូកែរូបវិទ្យាទូទាំងប្រទេស
04, Jun 2019 , 12:20 pm        
រូបភាព
ភ្នំពេញ៖ ការប្រឡងសិស្សពូកែ មិនមែនជារឿងសាមញ្ញ សម្រាប់សិស្សានុសិស្សនោះឡើយ ជាពិសេសការដណ្ដើមជ័យលាភីប្រចាំរាជធានីខេត្ត ឬទូទាំងប្រទេស។ សិស្សានុសិស្សដែលមានគោលដៅប្រឡងសិស្សពូកែនៅថ្នាក់ទី ៩ និងថ្នាក់ទី១២ ត្រូវមានគ្រឹះតាំងពីថ្នាក់ក្រោមឲ្យបានច្បាស់លាស់ ទើបអាចប្រកួតប្រជែងយកជ័យលាភីបាន។ ថ្ងៃនេះ យុវជន តេង ទិត្យវិទូ សិស្សពូកែរូបវិទ្យាចំណាត់ថ្នាក់លេខ២ ប្រចាំរាជធានីភ្នំពេញ និងលេខ ៦ នៅទូទាំងប្រទេស ឆ្នាំ២០១៩ បានប្រាប់វិធីសាស្រ្តសំខាន់ៗ ដើម្បីប្រឡងជាប់សិស្សពូកែ។


 
ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យទួលទំពូង ក្នុងរាជធានីភ្នំពេញ យុវជន តេង ទិត្យវិទូ ស្រឡាញ់ និងចូលចិត្តមុខវិជ្ជាវិទ្យាសាស្រ្ត។ យុវសិស្ស ទិត្យវិទូ មានសមត្ថភាពខ្លាំងពូកែស្ទើរគ្រប់មុខវិជ្ជា ជាពិសេសមុខវិជ្ជារូបវិទ្យានិងគណិតវិទ្យា។ កាលពីពេលថ្មីៗនេះ យុវជនវ័យ ១៨ឆ្នាំរូបនេះ បានប្រឡងជាប់សិស្សពូកែរូបវិទ្យាចំណាត់ថ្នាក់លេខ២ ប្រចាំរាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ ៦ នៅទូទាំងប្រទេស។ ក្រៅពីប្រឡងជាប់សិស្សពូកែរូបវិទ្យា យុវជន តេង ទិត្យវិទូ ក៏ជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតរ៉ូបូតក្រោមទឹកក្នុងតំបន់អាស៊ានផងដែរ។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយយុវសិស្ស តេង ទិត្យវិទូ សិស្សពូកែរូបវិទ្យាដូចតទៅ៖ 


ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗយុវសិស្ស តេង ទិត្យវិទូ បញ្ជាក់ថា៖ «ខ្ញុំប្រើពេល២ខែ ដើម្បីរៀនត្រៀមប្រឡងសិស្សពូកែ។ រយៈពេល ២ខែនេះ ខ្ញុំបានប្រមូលមេរៀនចាស់ៗ និងឯកសារប្រឡងសិស្សពូកែឆ្នាំមុនៗ ដើម្បីយកមកអនុវត្តជាប្រចាំ»។ យុវជន ទិត្យវិទូ បន្តថា ការត្រៀមខ្លួនប្រឡងសិស្សពូកែត្រឹមរយៈពេល២ខែនេះ មិនមែនជាការអួតអាងនោះទេ ប៉ុន្តែវាជាការពិត។  អ្វីដែលយុវជន តេង ទិត្យវិទូ អាចធ្វើទៅរួចនេះ ក៏ដោយសារតែរូបគេពូកែតាំងពីថ្នាក់ក្រោមផងដែរ។ 

ទោះបីមុខវិជ្ជាគណិតវិទ្យា យុវជន ទិត្យវិទូ រៀនពូកែដូចមុខវិជ្ជារូបវិទ្យាក៏ដោយ តែទិត្យវិទូ ជ្រើសរើសមុខវិជ្ជារូបវិទ្យាសម្រាប់ការប្រឡងសិស្សពូកែ។ សិស្សពូកែរបស់វិទ្យាល័យទួលទំពូងរូបនេះ  លើកឡើងយ៉ាងដូច្នេះ៖ «មូលហេតុ ដែលខ្ញុំជ្រើសរើសមុខវិជ្ជារូបវិទ្យា គឺមុខវិជ្ជារូបវិទ្យាឆាប់យល់ជាងគណិតវិទ្យា។ ម៉្យាងទៀត រូបវិទ្យា ចំណាយពេលវេលាអនុវត្តតិចជាងគណិតវិទ្យា»។

សូមបញ្ជាក់ថា លទ្ធផលប្រឡងសិស្សពូកែរូបវិទ្យាទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ បានលើយុវតី កុច តុលា មកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង លេខ២ យុវជន ម៉ុក យ៉ុង ពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ដងទង់ ខេត្តកំពត និងលេខ៣ យុវជន សេង លាងហាក់ ពីវិទ្យាល័យព្រះមុនី្នវង្ស ខេត្តបាត់ដំបង៕

Tag:
 សិស្សពូកែ
  រូបវិទ្យា
  វិធីសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម