កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី​ទាមទារ​ឲ្យ FIFA ផ្តល់ប្រាក់​រង្វាន់​ស្មើគ្នា សម្រាប់​ជើងឯក World Cup ស្ត្រី និង​បុរស​
04, Jun 2019 , 1:58 pm        
រូបភាព
​សហភាព​កីឡាបាល់ទាត់​អូស្ត្រាលី​បានចាប់ផ្តើម​យុទ្ធនាការ​ទាមទារ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ផ្តល់ប្រាក់​រង្វាន់​ក្នុងការ​ប្រកួត World Cup ទាំង​ស្ត្រី និង​បុរស​ឲ្យ​បាន​ស្មើគ្នា​។ ក្រុម​កីឡាករ កីឡាការិនី​ប្រទេស​នេះ នឹង​ចាត់វិធានការ​តាមច្បាប់​ដើម្បី​ប្រឆាំងនឹង FIFA​។​


 
​ក្រុម​ដែល​ឈ្នះ​ជើងឯក Women's FIFA World Cup នារី ដែល​បារាំង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤​លាន​ដុល្លារ​អាមេរិក និង​សរុប​ការប្រកួត​ទាំងអស់​បាន ៣០​លាន​ដុល្លារ​អាមេរិក​។​
 
​ចំណែក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​ផ្នែក​បុរស​ទទួលបាន​ប្រាក់រង្វាន់ ៣៨ លាន​ដុល្លារ​អាមេរិក​ឯណោះ ក្រោយ​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ 
 
​ដោយសារ​គម្លាត​នៃ​ប្រាក់រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ខុសគ្នា​ឆ្ងាយ​បែបនេះ នាយក​ប្រតិបត្តិ​ក្រុមកីឡា​បាល់ទាត់​អាជីព​អូស្ត្រាលី (PFA) លោក John Didulica និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​បាន​សរសេរ​លិខិត​ទៅកាន់ FIFA កាលពី​សប្តាហ៍​មុន​ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​បង្កើន​ប្រាក់រង្វាន់​ទ្វេដង​ជាបន្ទាន់​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​ស្ត្រី​។ 
 
​លិខិត​នេះ​បាន​ផ្ញើ​ទៅ​លោកស្រី Sarai Bareman ប្រធាន​ផ្នែក​កីឡាបាល់ទាត់​នារី​របស់ FIFA ដោយ​រៀបរាប់ថា​៖«PFA បាន​រក្សា​សិទ្ធិ​របស់​កីឡាករ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​មធ្យោបាយ​សមស្រប​មួយ រួមទាំង​ការសម្របសម្រួល​ពី​សំណាក់​អាជ្ញាកណ្តាល​»​។​
 
PFA ក៏បាន​បើក​គេហទំព័រ www.ourgoalisnow.com ដែល​បញ្ជាក់​អំពី​គោលបំនង​នៃ​យុទ្ធនាការ​ទាមទារ​នេះ និង​ណែនាំ​ដល់​កីឡាការិនី​ឲ្យ​ចូលរួម​ផងដែរ​។​
 
World Cup នារី​នៅ​បារាំង​គ្រោង​ចំណាយ​ប្រាក់រង្វាន់​សរុប ៣៧០​លាន​ដុល្លារ មានន័យថា​កើនឡើង​លើស​កាលពី​នៅ​កាណាដា​ឆ្នាំ​២០១៥ ដែល​ចំណាយ​អស់ ៣៤៣​លាន​ដុល្លារ​។ ដោយឡែក​សម្រាប់​វិ​ញ្ជា​សា​បុរស​វិញ កាលពី​ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល​ចំណាយ​អស់ ៣៥៨​លាន​ដុល្លារ ហើយ ៤០០​លាន​ដុល្លារ​បាន​ចំណាយ​នៅ​រុស្ស៊ី ឆ្នាំ​២០១៨៕
 

Tag:
 ​បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com