អន្តរជាតិ
ខួប​ទី​៣០​ការបង្ក្រាប​នៅ​ធាន​អាន​មិន​៖ អាមេរិក និង​ចិន​ឆ្លើយឆ្លង​គ្នា​រឿង​សិទ្ធិមនុស្ស​
04, Jun 2019 , 2:54 pm        
រូបភាព
​ខួប​ទី​៣០​ឆ្នាំ​នៃ​ការបង្ក្រាប​ហិង្សា​នៅ​ទីលាន​ធាន​អាន​មិន​នៅ​ឆ្នាំ​២០១៩ បាន​ក្លាយជា​ប្រធានបទ​ឆ្លើយឆ្លង​រវាង​អាមេរិក និង​ចិន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​រិះគន់​កំណត់ត្រា​សិទ្ធិមនុស្ស​ដ៏​អាក្រក់​របស់​ទីក្រុង​ប៉េកាំង​ចាប់តាំងពី​ព្រឹ​ត្ត​ការណ៍​៣០​ឆ្នាំមុន ហើយ​ថា អាមេរិក​អស់សង្ឃឹម​លើ​សិទ្ធិមនុស្ស​នៅ​ចិន​ហើយ​។ ការអធិប្បាយ​របស់លោក ប៉ុ​ម​ប៉េ​អូ ត្រូវបាន​ចិន​ចាត់ទុកជា​ការវាយប្រហា​រលើ​ប្រព័ន្ធ​ដឹកនាំ​របស់ខ្លួន និង​ជាស​ម្ដី​ក្រអឺតក្រទម​ផង​។​

 
​ដូច​រាល់​ឆ្នាំ​ដែរ ព្រឹ​ត្ត​ការណ៍​ថ្ងៃទី​៤ ខែមិថុនា បាន​ក្លាយជា​គោលដៅ​សម្រាប់​រិះគន់​ចិន​របស់​អាមេរិក​។ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩ យោធា​ចិន បាន​បើក​ការ​បោសសម្អាត​បាតុករ​សិស្ស​និស្សិត​នៅ​ទីលាន​ធាន​អាន​មិន​កណ្ដាល​ទីក្រុង​ប៉េកាំង​។ ក្រុមបាតុករ បានទាមទារ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរឡើង ប៉ុន្តែ​ក្នុង​ក្រសែភ្នែក​បក្ស​កុម្មុយនីស្ត​ចិន ពួកគេ​ជា​ជន​ប្រឆាំង​បដិវត្ត​។ ទីលាន​ធាន​អាន​មិន ពោរពេញ​ដោយ​ឈាម​បាតុករ​ក្រោម​ស្នាដៃ​យោធា​។​
 
​នាឱកាស​រំឭក​ខួប​ព្រឹ​ត្ត​ការណ៍​ដ៏​សោកសៅ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​ចិន​ដោយ​មិន​ប្រណី​មាត់​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៣ ខែមិថុនា លោក ប៉ុ​ម​ប៉េ​អូ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉េកាំង​ប្រកាស​ទទួលស្គាល់​ជា​សាធារណៈ​ពី​ចំនួន​មនុស្ស​ស្លាប់ ឬ​បាត់​ខ្លួន​ដើម្បី​បំពេញចិត្ត​ជនរងគ្រោះ​។ លោក​បន្តថា អាមេរិក​សង្ឃឹម​ពី​ភាពប្រសើរឡើង​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ក្រោយ​ព្រឹ​ត្ត​ការណ៍​បង្ហូរឈាម​នេះ​។​
 
«​ក្ដីសង្ឃឹម​ទាំង​នោះបាន​រលាយ​អស់ហើយ​។​» នេះ​ជាការ​អះអាង​ទាំង​ខកចិត្ត​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក មុននឹង​បន្តថា រដ្ឋាភិបាល​ឯក​បក្ស​របស់​ចិន​មិនបាន​លើកលែង​សូម្បី​បន្តិច​ដល់​មតិ​ប្រឆាំង ហើយ​បាន​បំពាន​សិទ្ធិមនុស្ស​ដើម្បី​ប្រយោជន៍​របស់ខ្លួន​។ លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​ស្នើ​ឲ្យ​ទីក្រុង​ប៉េកាំង​ដោះលែង​បុគ្គល​ដែល​អនុវត្ត​សិទ្ធិសេរីភាព​របស់ខ្លួន បញ្ឈប់​ការឃុំ​ឃាំង​ដោយ​បង្ខំ និង​កែប្រែ​នយោបាយ​ដែល​យក​ភេរវកម្ម​ទៅ​លាយឡំ​ជាមួយ​សាសនា និង​សេរីភាព​។​
 
​សេចក្ដីថ្លែងការណ៍​រប​ស់​ប្រមុខ​ការទូត​អាមេរិក ធ្វើ​ឲ្យ​តំណាង​ទីក្រុង​ប៉េកាំង​នៅ​អាមេរិក​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​។ ស្ថានទូត​ចិន​ប្រចាំ​អាមេរិក បាន​រិះគន់​លោក ប៉ុ​ម​ប៉េ​អូ ដែល​បង្ហាញ​អត្តចរិត​ច្រឡោងខាម ហើយ​និយាយស្ដី​ទាំង​លំអៀង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បេសកម្ម​ចិន​ចោទ​មន្ត្រី​អាមេរិក​ថា យក​សិទ្ធិមនុស្ស​ដើម្បី​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ចិន វាយប្រហារ​ប្រព័ន្ធ​ដឹកនាំ និង​បង្ខូចឈ្មោះ​គោលនយោបាយ​ចិន​ទៀតផង​។​
 
«​នេះ​ជាការ​មាក់ងាយ​ជនជាតិ​ចិន និង​ជាការ​បំពាន​ដោយ​កំរោល​ច្បាប់​អន្តរជាតិ និង​បញ្ញត្តិ​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​។ ចិន​មិន​ពេញចិត្ត និង​ប្រឆាំង​ដាច់អហង្ការ​។​» នេះ​ជាការ​បន្ថែម​របស់​ស្ថានទូត​ចិន​តប​សេចក្ដីថ្លែងការណ៍​របស់​លោក ប៉ុ​ម​ប៉េ​អូ ។ លើ​រឿង​សិទ្ធិមនុស្ស​វិញ ស្ថាន​តំណាង​ទីក្រុង​ប៉េកាំង​ប្រកាសថា សិទ្ធិមនុស្ស​នៅ​ចិន​ស្ថិត​ដំណាក់​ល្អ​បំផុត​ហើយ​៕ 
 

Tag:
 អាមេរិក​
  ចិន​
  សិទ្ធិមនុស្ស​
  ធាន​អាន​មិន
© រក្សាសិទ្ធិដោយ thmeythmey.com