ជាតិ
សង្គមជាតិ
ផ្ទះសំណាក់ជនជាតិចិនមួយ ត្រូវបានរុះរើ ដោយសារសរសេរពាក្យខ្មែរខុសន័យឈ្មោះ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ អាជ្ញាធរសៀមរាប បានចុះរុះរើផ្ទះសំណាក់របស់ជនជាតិចិន ដែលបានសរសេរពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវតាមន័យឈ្មោះ ដែលបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម។ផ្ទះសំណាក់របស់ជនជាតិចិន ឈ្មោះថា «តៃ ប៉ូ ផ្ទះយុវជនអន្តរជាតិ» ដែលត្រូវបានអាជ្ញាធររុះរើនេះ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក វ៉េង សុធី ដែលចុះត្រួតពីនិត្យទីតាំងរើស្លាកឈ្មោះនៅផ្ទះសំណាក់ ដែលមានឈ្មោះ«តៃ ប៉ូ ផ្ទះយុវជនអន្តរជាតិ» នេះ បានបញ្ជាក់ថា ការលើកស្លាកអាជីវកម្មដែលប្រើពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ជាពិសេសមិនបានសុំច្បាប់អនុញ្ញាត្តជាមុននេះ ត្រូវតែទម្លាក់ចោលទាំងអស់ ដើម្បីពង្រឹងការអនុវត្តច្បាប់ ។
ហ្វេសប៊ុកក្រសួង បានស្រង់សម្តី លោក វ៉េង សុធី បានសរសេរដូច្នេះថា៖ «ការទម្លាក់ស្លាកអាជីវកម្មផ្ទះសំណាក់ខាងលើ ដោយសារតែជនជាតិចិនជាម្ចាស់បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម»។
ជាមួយគ្នានេះអាជ្ញាធរ បានណែនាំឲ្យជនជាតិចិនដែលជាម្ចាស់ផ្ទះសំណាក់នេះ ឲ្យយល់ពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ក្នុងការស្នើបើកអាជីវកម្ម ឬក្រុមហ៊ុននានា នៅក្នុងប្រទេសកម្ពុជា។
មួយរយៈពេលនេះ អាជ្ញាធរបានចុះរុះរើស្លាកយីហោ ដែលក្រសួងពាណិជ្ជកម្មអះអាងថា សរសេរខុសពាក្យពេចន៍ខ្មែរជាបន្តបន្ទាប់។ ទីតាំងអាជីវកម្មទាំងនោះ ភាគច្រើនគឺជារបស់ជនជាតិចិន ដែលមករស់នៅ និងរកស៊ីនៅកម្ពុជា។
កន្លងមករដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន ស្នើឱ្យមន្ត្រីជំនាញច្បាប់នៃវិស័យទេសចរណ៍ទាំងអស់ ពង្រឹងការផ្សព្វផ្សាយ និងពន្យល់ផ្នែកច្បាប់ ជាភាសាចិនទៅដល់ម្ចាស់អាជីវកម្មចិន ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាជនជាតិចិន ដែលមករកស៊ីនៅកម្ពុជា ហើយអនុវត្តមិនបានត្រឹមត្រូវនេះ។
សូមរម្លឹកថា ជនជាតិចិនដែលបានមកបើកអាជីវកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជា មានចំនួន ២៦២កន្លែង ខណៈមានមគ្គុទ្ទេសក៍និយាយភាសាចិនជាង១០០០នាក់ នៅត្រឹមឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងទេសចរណ៍កន្លងមក៕
Tag:
ពាណិជ្ជកម្ម
សេដ្ឋកិច្ច
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com