កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ត្រូវដណ្តើមពាន FIFA Club World Cup នៅកាតា ចុងឆ្នាំ២០១៩
× Liverpool នឹងធ្វើដំណើរទៅកាន់ប្រទេសកាតានៅខែធ្នូ ចុងឆ្នាំនេះដើម្បីប្រកួតប្រជែងពានរង្វាន់ FIFA Club World Cup ឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋឈូងសមុទ្រមួយនេះទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។
ការប្រកួតពានប្រចាំឆ្នាំមានការចូលរួមពីក្លិបជើងឯកប្រចាំសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបចំនួន៦នេះ ម្ចាស់ជើងឯក Champions League ហង្សក្រហមនឹងត្រូវឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្តង។
កាតាទទួលបានសិទ្ធិរៀបចំការប្រកួត FIFA Club World Cup ពីរលើកជាប់គ្នាតែម្តង ពោលគឺឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ ពួកគេក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup នៅឆ្នាំ ២០២២ ផងដែរ។
Liverpool បង្ហាញខ្លួនលើកចុងក្រោយសម្រាប់ពាន Club World Cup នេះនៅឆ្នាំ២០០៥ ក្នុងប្រទេសជប៉ុន ដែលកាលនោះពួកគេចាញ់ក្រុមជើងឯកអាមេរិកខាងត្បូង Sao Paulo ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
កាលពីឆ្នាំ២០១៨ ក្រុមយក្សអេស្ប៉ាញ Real Madrid ជាម្ចាស់ពានរង្វាន់ Club World Cup នេះ តាមរយៈការយកឈ្នះក្រុម Al-Ain របស់អេមីរ៉ាតអារ៉ាប់រួមក្នុងលទ្ធផល ៤-១។ ក្រុមរហស្សនាមស្តេចសក្លាយជាក្រុមដែលជោគជ័យជាងគេបន្ទាប់ពីពួកគេឈ្នះពាននេះជាកំណត់ត្រារហូតដល់ទៅ៤ដង ពោលគឺនៅឆ្នាំ២០១៤ ឆ្នាំ២០១៦ ឆ្នាំ២០១៧ និង២០១៨។
Barcelona ទទួលបាន៣លើកនៅឆ្នាំ២០០៩ ឆ្នាំ២០១១ និងឆ្នាំ២០១៥ ខណៈក្លិបប្រេស៊ីល Corinthiants បានឈ្នះបាន២លើក។ ក្លិបដែលមានប្រវត្តិលើកពាន FIFA Club World Cup មួយលើករួមមាន Sao Paulo (ប្រេស៊ីល) Internacional (ប្រេស៊ីល), AC Milan (អ៊ីតាលី), Manchester United (អង់គ្លេស), Inter Milan (អ៊ីតាលី) និង Bayern Munich (អាល្លឺម៉ង់)៕
Tag:
បាល់ទាត់
FIFA Club World Cup
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com