កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ត្រូវ​ដណ្តើមពាន FIFA Club World Cup នៅ​កាតា ចុងឆ្នាំ​២០១៩
04, Jun 2019 , 7:19 pm        
រូបភាព
Liverpool នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កាតា​នៅ​ខែធ្នូ ចុង​ឆ្នាំនេះ​ដើម្បី​ប្រកួតប្រជែង​ពានរង្វាន់ FIFA Club World Cup ឆ្នាំ​២០១៩ បន្ទាប់ពី​រដ្ឋ​ឈូង​សមុទ្រ​មួយ​នេះ​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​។​


 
​ការប្រកួត​ពាន​ប្រចាំឆ្នាំ​មានការ​ចូលរួម​ពី​ក្លិប​ជើងឯក​ប្រចាំ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីប​ចំនួន​៦​នេះ ម្ចាស់​ជើងឯក Champions League ហង្ស​ក្រហម​នឹងត្រូវ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​
 
​កាតា​ទទួលបាន​សិទ្ធិ​រៀបចំ​ការប្រកួត FIFA Club World Cup ពីរលើក​ជាប់​គ្នា​តែម្តង ពោលគឺ​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០​។ ពួកគេ​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត World Cup នៅ​ឆ្នាំ ២០២២ ផងដែរ​។​
 
Liverpool បង្ហាញខ្លួន​លើកចុងក្រោយ​សម្រាប់​ពាន Club World Cup នេះ​នៅ​ឆ្នាំ​២០០៥ ក្នុងប្រទេស​ជប៉ុន ដែល​កាលនោះ​ពួកគេ​ចាញ់​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង Sao Paulo ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​កាលពី​ឆ្នាំ​២០១៨ ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ជា​ម្ចាស់​ពានរង្វាន់ Club World Cup នេះ តាមរយៈ​ការយក​ឈ្នះ​ក្រុម Al-Ain របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក្នុង​លទ្ធផល ៤-១​។ ក្រុម​រហស្សនាម​ស្តេច​ស​ក្លាយជា​ក្រុម​ដែល​ជោគជ័យ​ជាងគេ​បន្ទាប់ពី​ពួកគេ​ឈ្នះ​ពាន​នេះ​ជា​កំណត់ត្រា​រហូតដល់​ទៅ​៤​ដង ពោលគឺ​នៅ​ឆ្នាំ​២០១៤ ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ និង​២០១៨​។ 
 
Barcelona ទទួលបាន​៣​លើក​នៅ​ឆ្នាំ​២០០៩ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៥ ខណៈ​ក្លិប​ប្រេ​ស៊ី​ល Corinthiants បានឈ្នះ​បាន​២​លើក​។ ក្លិប​ដែលមាន​ប្រវត្តិ​លើក​ពាន FIFA Club World Cup មួយ​លើក​រួមមាន Sao Paulo (​ប្រេ​ស៊ី​ល​) Internacional (​ប្រេ​ស៊ី​ល​), AC Milan (​អ៊ីតាលី​), Manchester United (​អង់គ្លេស​), Inter Milan (​អ៊ីតាលី​) និង Bayern Munich (​អាល្លឺម៉ង់​)៕
 

Tag:
 ​បាល់ទាត់​
  FIFA Club World Cup
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com