អន្តរជាតិ
ជនជាតិ​ចិន ប្រើ​ឈ្មោះ​ប្រជាជន​វៀតណាម​ដើម្បី​ទិញ ឬ​ជួល​ដី
04, Jun 2019 , 8:59 pm        
រូបភាព
ទិដ្ឋភាពពីលើ​អាកាស នៃទីក្រុងជាប់សមុទ្រ ដាណាង នៃប្រទេសវៀតណាម ។ ប្រភពរូប៖ Shutterstock
ទិដ្ឋភាពពីលើ​អាកាស នៃទីក្រុងជាប់សមុទ្រ ដាណាង នៃប្រទេសវៀតណាម ។ ប្រភពរូប៖ Shutterstock
ដោយ:
​នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន និង​ជនជាតិ​ចិន កាន់តែ​ច្រើនឡើងៗ កំពុង​ប្រើប្រាស់​ឈ្មោះ​ប្រជាជន​វៀតណាម ដើម្បី​ចូលកាន់​កាប់​ដីធ្លី​ដោយ​ខុសច្បាប់​។ ខុសច្បាប់​ត្រង់​ថា  វៀតណាម ដាក់​បម្រាម​ជនបរទេស​ពី​ការទិញ ដី ឬ​លំនៅឋាន​ប្រជាជន លើកលែងតែ អា​ផាត​មិន (apartment) តែប៉ុណ្ណោះ​។​

 
​ក្នុង​របាយការណ៍​ដែល​បាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ​អង្គារ​ទី ៤ ខែមិថុនា ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម គូសបញ្ជាក់ថា ក្រុមហ៊ុន និង​ជនជាតិ​ចិន​កំពុង​ទិញ ឬ​ជួល​ដី​ក្នុង​តំបន់​តម្លៃ​ថ្លៃ​កប់​ពពក ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ឆ្នេរ​របស់​វៀតណាម ដោយ​ប្រើ​ឈ្មោះ​ប្រជាជន​វៀតណាម​។ 
 
​តាម​ការចុះផ្សាយ​សារព័ត៌មាន Vietnam Express ដោយ​ដកស្រង់​របាយការណ៍រ​បស់​ក្រសួង​ខាងលើ ចំនួន​ជនជាតិ​ចិន​ដែល​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​គោលបំណង បើក​អាជីវកម្ម ធ្វើដំណើរ​កម្សាន្ត និង​ផ្តល់ ឬ​ទទួល​ការអប់រំ​ជាដើម កំពុង​កើនឡើង​យ៉ាងគំហុក ដែល​ឈានដល់​មាន​តម្រូវការ​ខ្ពស់​សម្រាប់​លំនៅឋាន​។ ជន​ជាតិចិន​ទាំងនោះ បាន​រៀបការ និង​មានកូន​ជាមួយ​ប្រជាជន​វៀតណាម​ដោយ​ពុំ​ផ្តល់ដំណឹង​ជូន​សមត្ថកិច្ច​តំបន់​ឡើយ​។​
 
​គិត​ត្រឹម ៥​ខែ​ដើមឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ប្រមាណ ២,១​លាន​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ។ ជា​ប្រភព​ដ៏​ធំ​បំផុត​នៃ​អ្នកទេសចរ តួលេខ​នេះ ស្មើនឹង​ជិត​៣០​ភាគរយ​នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​ដែល​ទៅដល់​ប្រទេស​វៀតណាម ។ នេះ​បើតាម​ទិន្ន័យ​របស់​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​។ 
 
​ក្រៅពី​កំណើន​នៃ​ភ្ញៀវទេសចរ​ចិន វៀតណាម ក៏​ទទួលបាន​នូវ​មូលធន​ដែល​ទើប​ចុះឈ្មោះ​ថ្មីៗ​ជាច្រើន​ពី​ប្រទេស​ចិន ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ ជាមួយនឹង​ទឹកប្រាក់ ១,៥៦​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ចំនួន ២៣៣​។ ទាក់ទិន​នឹង​រឿងនេះ កន្លងទៅ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ធ្លាប់បាន​ព្រមាន​ឲ្យ​បណ្តា​ក្រសួង និង​រដ្ឋាភិបាល​មូលដ្ឋាន​ពាក់ព័ន្ធ ពង្រឹងគុណភាព​ផ្នែក​គ្រប់គ្រង​របស់​ពួកគេ លើ​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) និង​បង្ការ​ក្រុម​អ្នក​វិនិយោគិន​បរទេស​ពី​ការចូល​កាន់កាប់ និង​ដោះដូរ​គម្រោង​ដោយ​ខុសច្បាប់​។​
 
​សូមបញ្ជាក់ថា របាយការណ៍​នេះ បានធ្វើ​ឡើង​ក្រោយពី​សមាជិកសភា​វៀតណាម​ជាច្រើន បានបង្ហាញ កង្វល់​ជុំវិញ​ប្រជាជន​វៀតណាម ដែល​ចូល​កាន់កាប់​ដីធ្លី ឬ​លំនៅឋាន ដោយ​ប្រើ​ឈ្មោះ​ពួកគេ​សម្រាប់​ជនបរទេស ក្នុង​ទីក្រុង​ជាប់​សមុទ្រ​មួយចំនួន​ដូចជា​ទីក្រុង​ដា​ណា​ង​ជាដើម ។ យោងតាម​ច្បាប់​របស់​វៀ​ត​ណា​ម ជនបរទេស មាន​សិទ្ធិ​ទិញ​អា​ផាត​មិន​ក្នុងប្រទេស​វៀតណាម ប៉ុន្តែ​ត្រូវ​ហាមឃាត់​ពី​ការទិញ​ដី ឬ​លំនៅឋាន​ឯកជន​៕
 

Tag:
 ​ចិន​
  វៀតណាម​
  ឈ្មោះ​កម្មសិទ្ធិ​ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com