អន្តរជាតិ
មនុស្សជំនិតនិងប្អូនស្រីលោកគីម ជុងអ៊ុន បង្ហាញមុខជាថ្មី ក្រោយលេចឮដំណឹងរងពិន័យ
× លោក គីម យ៉ុងឈុល ដៃស្ដាំប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្អូនស្រីសំណព្វលោក គីម គឺលោកស្រី គីម យ៉ូចុង បានលេចជាសាធារណៈវិញ បន្ទាប់ពីមានដំណឹងថា អ្នកទាំងពីររងការដាក់ពិន័យពាក់ព័ន្ធជំនួបបរាជ័យនៅវៀតណាម។ អ្នកទាំងពីរនេះ មិនសូវចេញមុខលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឡើយក្រោយជំនួបលោក គីម និងលោក ដូណាល់ ត្រាំ ក្នុងខែកុម្ភៈ។ លោក គីម យ៉ុងឈុល ក៏ត្រូវគេដឹងថា បាត់បង់តំណែងសំខាន់ក្នុងជួរបក្សផង។
កាលពីចុងខែមេសាកន្លងទៅ កាសែតកូរ៉េខាងត្បូង Cholsun Ilbo ផ្សាយដោយស្រង់ប្រភពកូរ៉េខាងជើងថា លោក គីម យ៉ុងឈុល មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកចរចានុយក្លេអ៊ែរជាមួយអាមេរិក ត្រូវបញ្ជូនទៅកាន់ជំរំលត់ដំនៅខេត្តដាច់ស្រយាលចំពោះកំហុសជុំវិញជំនួបមេដឹកនាំអាមេរិក-កូរ៉េខាងជើងនៅវៀតណាមដែលបរាជ័យ។ ចំណែកលោកស្រី គីម យ៉ូចុង ក៏ត្រូវរាយការណ៍ថា រងការពិន័យដូចគ្នា ហើយបានបាត់មុខពីសាធារណៈអស់រយៈពេល៥២ថ្ងៃមកហើយ។
លោក គីម យ៉ុងឈុល (រូបព្រួញ) បង្ហាញមុខជាសាធារណៈនៅថ្ងៃទី២ ខែមិថុនាក្រោយព័ត៌មានថា រងពិន័យ។ រូបភាព KCNA
យ៉ាងណាក្ដី លោក គីម យ៉ុងឈុល បានបង្ហាញជាថ្មីនៅថ្ងៃទី២ ខែមិថុនាអំឡុងពេលកម្មវិធីសម្ដែងសិល្បៈមួយដែលចូលរួមដោយប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។ លោក គីម អង្គុយកៅអីទី៥រាប់ពីឆ្វេងដៃមេកើយវ័យក្មេងរបស់លោក។ ឯលោកស្រី គីម វិញ ក៏បង្ហាញវត្តមានក្នុងការសម្ដែងសិល្បៈដ៏ធំដែរនៅថ្ងៃទី៣ ខែមិថុនា ដោយអង្គុយក្បែរបងថ្លៃស្រីរបស់ខ្លួន។
លោកស្រី គីម យ៉ូចុង (ឆ្វេងទីពីរ) ប្អូនស្រីសំណព្វលោក គីម ជុងអ៊ុន ចូលរួមកម្មវិធីមួយកាលពីថ្ងៃទី៣ ខែមិថុនា។ រូបភាព KCNA
ការបង្ហាញវត្តមានឡើងវិញរបស់មន្ត្រីសំខាន់ទាំងពីរ បានបញ្ចប់ពាក្យចចាមអារ៉ាមដែលថា អ្នកទាំងពីររងពិន័យ។ ប៉ុន្តែសំណួរនៅតែមានដដែល។ ហេតុអ្វីអ្នកទាំងពីរបាត់មុខក្នុងពេលយូរថ្ងៃបែបនេះ? ឬពិតជាត្រូវលោក គីម ជុងអ៊ុន ដាក់ពិន័យមែន?
អាចមានការសន្និដ្ឋានច្រើនជុំវិញរឿងនេះ។ ទីមួយ ទាំងលោក គីម យ៉ុងឈុល ទាំងលោកស្រី គីម យ៉ូចុង មិនមានបញ្ហាអ្វីឡើយ តែមានបញ្ហាផ្សេងទើបមិនអាចចេញមុខបាន។ កាលពីកិច្ចប្រជុំបក្សខែមេសា លោក គីម យ៉ុងឈុល បាត់បង់តំណែងជាប្រធានរណសិរ្សរួបរួមដែលទទួលបន្ទុកការងារកូរ៉េខាងត្បូង តែក្លាយជាអនុប្រធានបក្ស និងជាសមាជិកគណៈកម្មការកិច្ចការរដ្ឋវិញ ដែលនេះអាចជាមូលហេតុដែលមិនសូវបានបង្ហាញមុខច្រើន។ ចំណែកលោកស្រី គីម យ៉ូចុង វិញអាចមានបញ្ហាសុខភាព។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ។
ទីពីរ អ្នកទាំងពីរពិតជារងពិន័យមែន តែមិនធ្ងន់ ដូចមន្ត្រីផ្សេងទៀតដែលត្រូវប្រហារជីវិត ឬត្រូវលត់ដំរយៈពេលយូរ។ ទទួលទោសស្រាល ព្រោះលោក គីម ជាមនុស្សជំនិតបំផុត ហើយមានស្នាដៃក្នុងការចរចាជាមួយអាមេរិក ពិសេសការនាំឲ្យមានជំនួបលើកទីមួយនៅសិង្ហបុរី។ ឯលោកស្រី គីម យ៉ូចុង ជាសាច់ឯងឈាមឯងផង និងជាជំនួយការដែលលោក គីម មិនអាចខ្វះបានផង។ កន្លងមក ប្អូនស្រីបង្កើតរូបនេះ បានដើរតាមបងប្រុសខ្លួនស្ទើរគ្រប់កម្មវិធី មិនថាក្នុងស្រុក ឬនៅបរទេសឡើយ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
គីម យ៉ុងឈុល
គីម យ៉ូចុង
© រក្សាសិទ្ធិដោយ thmeythmey.com