ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខ្មែរ ដកហូត​ឯកសារ ពី​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ជិត​៧​ម៉ឺន​នាក់​
04, Jun 2019 , 9:19 pm        
រូបភាព
​លោក សុខ ផល រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​របស់លោក បាន​ដកហូត​ឯកសារ​រដ្ឋបាល​ខុស​ប្រក្រតី​ពី​ជនបរទេស​បាន​ជាង​៩០​ភាគរយ​ហើយ មកដល់​ពេលបច្ចុប្បន្ន​នេះ​។ ក្នុងចំណោម ជនបរទេស​ប្រមាណ​៧​ម៉ឺន​នាក់ ដែល​ត្រូវបាន​ដកហូត​ឯកសារ​ខុសច្បាប់ លោក​សង្កេតឃើញថា​ជន​ជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ​។

 
​ក្នុង​រយៈពេល​៥ ខែ ឆ្នាំ​២០១៩ អាជ្ញាធរ​កម្ពុជា ដកហូត​ឯកសារ​រស់នៅ​ខុសច្បាប់​លើ​ជនអន្តោប្រវេសន៍​ជិត​៧​ម៉ឺន​នាក់ មាន​៩​សញ្ញា​តិ ខណៈ​មាន​ជន​អន្តោ​ប្រវេ​សស​ន៍​ជាង​១​សែន​នាក់  បានដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​។ នេះ​បើ​យោងតាម​កិច្ចប្រជុំ​បូកសរុប​ការងារ​នៃ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩​។  
 
​របាយការណ៍​ពី​គណៈកម្មការ​គ្រប់​គ្រងជ​ន​បរទេស​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លទ្ធផល​សរុប​ពីដំបូង មកដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​សរុប​៣,៦​ម៉ឺន​ឯកសារ ពី​គ្រួសារ​ជនបរទេស​អន្តោប្រវេសន៍​សរុប​ជិត​២​ម៉ឺន​គ្រួសារ (​ជិត​៧​ម៉ឺន​នាក់​) ដែល​ក្នុងនោះ​មាន​ស្ត្រី​ជាង​៣​ម៉ឺន​នាក់​។ 
 
​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ទាំងនោះ រួមមាន សៀវភៅ​ស្នាក់នៅ​១,៤​ម៉ឺន​ក្បាល​, សៀវភៅ​គ្រួសារ​ជាង​២​ពាន់​ក្បាល​, សំបុត្រកំណើត​ខ្មែរ​ជាង​១​ម៉ឺន​ច្បាប់​, សំបុត្រអាពាហ៍ពិពាហ៍​៣៨០​ច្បាប់​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជិត​៦​ពាន់ និង​លិខិតឆ្លងដែន​ខ្មែរ​៣៣៧​ក្បាល​។ 
 
​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​បន្ថែមថា ជន​អន្ត​ប្រវេសន៍​ដែល​បានដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ មាន​ជាង​១​សែន​នាក់ ដោយ​ក្នុងនោះ ស្ត្រី​មាន ជាង​៥​ម៉ឺន​នាក់ (៣,៦​ម៉ឺន​គ្រួសារ​) ខណៈ​អា​ជ្ញ​ធរ​បានផ្តល់​ប្រកាស​ទទួលស្គាល់​ដល់​ជនបរទេស​ជាង​៥​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ស្រី្ត​មាន​២,៥​ម៉ឺន​នាក់ និង​មាន​ជាង​១,៧​ម៉ឺន​គ្រួសារ​។ 
 
​ជនបរទេស​ដែល​បានដាក់​ពាក្យសុំ​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​ជាង​៥,៣​ម៉ឺន​នាក់​។ ក្នុងនោះ អាជ្ញាធរ បានផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​រយៈពេល​២​ឆ្នាំ ដល់​ជនបរទេស​ជាង​២​ម៉ឺន​នាក់​៕ 

Tag:
 កម្ពុជា​
  ជនបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com