Platini ដែល​កំពុង​ជាប់​បម្រាម FIFA ពន្លះ Infantino ថា​ជា​អ្នកដឹកនាំ​មិន​ស្របច្បាប់​
កីឡាអន្តរជាតិ
អន្តរជាតិ
Platini ដែល​កំពុង​ជាប់​បម្រាម FIFA ពន្លះ Infantino ថា​ជា​អ្នកដឹកនាំ​មិន​ស្របច្បាប់​
04, Jun 2019 , 9:39 pm        
រូបភាព
លោក Michel Platini (ឆ្វេង) និងអតីតដៃស្តាំរបស់លោក គឺលោក Gianni Infantino ដែលសព្វថ្ងៃជាប្រធាន FIFA
លោក Michel Platini (ឆ្វេង) និងអតីតដៃស្តាំរបស់លោក គឺលោក Gianni Infantino ដែលសព្វថ្ងៃជាប្រធាន FIFA
 អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) លោក Michel Platini បាន​រិះគន់​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ថា​ជា​ប្រធាន​មិន​ស្របច្បាប់​។ Platini និយាយ​បែបនេះ​នៅ​មុនពេល​បោះឆ្នោត​រើស​ប្រធាន FIFA ថ្មី ដោយ​ថែមទាំង​បកអាក្រាត​លោក Infantino ថា​ធ្លាប់​ចំអក​ឲ្យ​កីឡាបាល់ទាត់​នារី​ទៀតផង​។​


 
«​គាត់​មិនមែនជា​ប្រធាន​ដែល​ស្របច្បាប់​នោះទេ គាត់​មិនអាច​ជឿទុកចិត្ត​បានឡើយ​ក្នុងនាម​ជា​អ្នកគ្រប់គ្រង FIFA»​។ Platini ពន្លះ Infantino ដូច្នេះ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​អេ​ស្ប៉ា​ញ L'Equipe និង​កាសែត​អ៊ឺរ៉ុប​ជាច្រើន​ទៀត​។ 
 
​មិនមែនជា​រឿង​ស្រណុកចិត្ត​ឡើយ​សម្រាប់​លោក Platini ដែល​ត្រូវ FIFA ក្រោម​ការដឹកនាំ​របស់ Infantino ដែលជា​អតីត​ដៃស្តាំ​ខ្លួន ហាម​មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​កីឡាបាល់ទាត់ ជុំវិញ​ការផ្តល់ប្រាក់ ២​លាន​ហ្វ្រ​ង់​ស្វ៊ី​ស (២​លាន​ដុល្លារ​អាមេរិក​) នោះ​។​
 
​លោក Platini បាន​អះអាងថា​នៅពេលដែល​លោក Infantino នៅ​កាន់​ការងារ​ជា​អគ្គលេខាធិការ UEFA នោះ មាន​មនុស្ស​ច្រើនណាស់​ដឹងថា​បុរស​សញ្ជាតិ​ស្វី​សរូប​នេះ​តែងតែ​រិះគន់ FIFA មិន​ដាច់​ពី​មាត់​ឡើយ​។ សម្រាប់​ក្រុមកីឡា​បាល់ទាត់​ស្ត្រី​វិញ លោក Infantino ក៏​មិនដែល​គាំទ្រ​ឲ្យ​មានការ​អភិវឌ្ឍ​ដូច​ក្រុម​បុរស​នោះដែរ​។​
 
Platini វ័យ​៦៣​ឆ្នាំ ដែល​ធ្លាប់ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្រុម Juventus កំពុងតែ​ធ្វើ​យុទ្ធនា​ការសុំ​ឲ្យ FIFA បញ្ឈប់​ការដាក់ពិន័យ​លោក​រយៈពេល​៤​ឆ្នាំ​ក្នុង​សកម្មភាព​កីឡា​តទៅទៀត​។​
 
​លោក Infantino វ័យ​៤៩​ឆ្នាំ ដែល​បាន​ក្លាយជា​ប្រធាន FIFA ក្នុង​ឆ្នាំ​២០១៥ ជំនួស​លោក Sepp Blatter ត្រូវបាន​គេ​ជឿជាក់ថា​នឹង​បន្ត​ការដឹកនាំ​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​អាណត្តិ​ទី​ពីរ​របស់លោក​ដោយ​គ្មាន​ការជំទាស់ នៅឯ​សមាជ FIFA ក្នុង​ក្រុងប៉ារីស ប្រទេស​បារាំង ថ្ងៃទី​៥ ខែមិថុនា​៕

Tag:
 FIFA
  បាល់ទាត់​
  Gianni Infantino
  Michel Platini
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម