កីឡាអន្តរជាតិ
អន្តរជាតិ
Platini ដែលកំពុងជាប់បម្រាម FIFA ពន្លះ Infantino ថាជាអ្នកដឹកនាំមិនស្របច្បាប់ លោក Michel Platini (ឆ្វេង) និងអតីតដៃស្តាំរបស់លោក គឺលោក Gianni Infantino ដែលសព្វថ្ងៃជាប្រធាន FIFA
× អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Michel Platini បានរិះគន់លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថាជាប្រធានមិនស្របច្បាប់។ Platini និយាយបែបនេះនៅមុនពេលបោះឆ្នោតរើសប្រធាន FIFA ថ្មី ដោយថែមទាំងបកអាក្រាតលោក Infantino ថាធ្លាប់ចំអកឲ្យកីឡាបាល់ទាត់នារីទៀតផង។
«គាត់មិនមែនជាប្រធានដែលស្របច្បាប់នោះទេ គាត់មិនអាចជឿទុកចិត្តបានឡើយក្នុងនាមជាអ្នកគ្រប់គ្រង FIFA»។ Platini ពន្លះ Infantino ដូច្នេះក្នុងបទសម្ភាសន៍មួយជាមួយកាសែតអេស្ប៉ាញ L'Equipe និងកាសែតអ៊ឺរ៉ុបជាច្រើនទៀត។
មិនមែនជារឿងស្រណុកចិត្តឡើយសម្រាប់លោក Platini ដែលត្រូវ FIFA ក្រោមការដឹកនាំរបស់ Infantino ដែលជាអតីតដៃស្តាំខ្លួន ហាមមិនឲ្យមានសកម្មភាពក្នុងកីឡាបាល់ទាត់ ជុំវិញការផ្តល់ប្រាក់ ២លានហ្វ្រង់ស្វ៊ីស (២លានដុល្លារអាមេរិក) នោះ។
លោក Platini បានអះអាងថានៅពេលដែលលោក Infantino នៅកាន់ការងារជាអគ្គលេខាធិការ UEFA នោះ មានមនុស្សច្រើនណាស់ដឹងថាបុរសសញ្ជាតិស្វីសរូបនេះតែងតែរិះគន់ FIFA មិនដាច់ពីមាត់ឡើយ។ សម្រាប់ក្រុមកីឡាបាល់ទាត់ស្ត្រីវិញ លោក Infantino ក៏មិនដែលគាំទ្រឲ្យមានការអភិវឌ្ឍដូចក្រុមបុរសនោះដែរ។
Platini វ័យ៦៣ឆ្នាំ ដែលធ្លាប់ជាប្រធានក្រុមជម្រើសជាតិបារាំង និងក្រុម Juventus កំពុងតែធ្វើយុទ្ធនាការសុំឲ្យ FIFA បញ្ឈប់ការដាក់ពិន័យលោករយៈពេល៤ឆ្នាំក្នុងសកម្មភាពកីឡាតទៅទៀត។
លោក Infantino វ័យ៤៩ឆ្នាំ ដែលបានក្លាយជាប្រធាន FIFA ក្នុងឆ្នាំ២០១៥ ជំនួសលោក Sepp Blatter ត្រូវបានគេជឿជាក់ថានឹងបន្តការដឹកនាំក្បាលម៉ាស៊ីនកីឡាបាល់ទាត់ពិភពលោកសម្រាប់អាណត្តិទីពីររបស់លោកដោយគ្មានការជំទាស់ នៅឯសមាជ FIFA ក្នុងក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី៥ ខែមិថុនា៕
Tag:
FIFA
បាល់ទាត់
Gianni Infantino
Michel Platini
© រក្សាសិទ្ធិដោយ thmeythmey.com