ONE Championship
កីឡាជាតិ
ជាតិ
CTT ជួល​គ្រូ​ផ្នែក​កម្លាំង​និង​កាយសម្បទា​ម្នាក់​ដើម្បី​មក​ពង្រឹង​កីឡាករ​បន្ថែម
05, Jun 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ក្លិប​ប្រដាល់  Cambodian Top Team (CTT) បាន​ជួល​គ្រូបង្វឹក​ផ្នែក​កម្លាំង និង​កាយសម្បទា​ម្នាក់​ដើម្បី​បង្វឹក​កម្លាំង​ស៊ុ​ហ្វ​ដល់​កីឡាករ​ឲ្យ​កាន់តែ​ខ្លាំងក្លា និង ឆ្ពោះទៅរក​កម្រិត​អន្តរជាតិ​។ នេះ​ជាការ​អះអាង​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប CTT​។


 
​ក្លិប​ប្រដាល់​កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព មួយ​នេះ​បាន​ជួល​សេវាកម្ម​របស់លោក Mark Chen ដែលជា​គ្រូបង្វឹក​ជំនាញ​ផ្នែក​កម្លាំង និង កាយសម្បទា ហើយ បច្ចុប្បន្ននេះ​លោក​ក៏​ជា​អ្នកជំនាញ​បង្វឹក​ផ្នែក​កម្លាំង និង កាយសម្បទា​នៅ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ផងដែរ​។ 
 
​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ ៖«​និយាយ​រួម​បង​...​ពេល​កូនសិស្ស​ខ្ញុំ​ហាត់​ជាមួយ​គ្រូ Fitness ហ្នឹង​មាន​អត្ថប្រយោជន៍​ច្រើន ហើយ​មិនថាតែ​កីឡាករ​ខ្ញុំ​ទេ កីឡាករ​ផ្សេង​ស៊ុ​ហ្វ​ក៏​ហាត់​អត់​ដល់ ឆាប់​អស់កម្លាំង ល្បឿន​យឺត ការ​វ៉ៃ​ចេញ​អីហ្នឹង​ក៏​យឺត ។ យើង​មិនត្រូវ​ហ្វឹកហាត់​តែ​វ៉ៃ​សាក់ វ៉ៃ​ស៊ី​ប បច្ចេកទេស​វ៉ៃ និង ឡាំ​គ្នា​នោះទេ តែ​យើង​ត្រូវ​ដើរ​ឲ្យ​ទាន់សម័យ​បច្ចុប្បន្ន​។ គ្រូ Mark Chen ជួយ​ឲ្យ​កីឡាករ​របស់ខ្ញុំ​មាន​ល្បឿន​លឿន ជំហរ​រឹង គេច​រហ័សរហួន និង ស៊ុ​ហ្វ​ល្អ​ជាង​មុន ហើយក៏​អត់​ឆាប់​អស់ដៃ អស់ជើង​ដែរ​។ អ្នកខ្លះ​ឃើញ​វ៉ៃ​ទៅ​ឆាប់​អស់ ព្រោះ​អត់​បាន​ហាត់​កម្លាំង ហើយ​ហាត់​តែ​បច្ចេកទេស​។ ខ្ញុំ​ធានាថា​កីឡាករ​របស់ខ្ញុំ​មាន​ស៊ុ​ហ្វ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់ និង មាន​កម្លាំង​វ៉ៃ​ចេញ​ក៏​លឿន​ជាង​មុន​ដែរ​»​។ 


 
​ម្ចាស់​ក្លិប CTT បាន​បន្តថា ការជួល​គ្រូបង្វឹក​ខាងលើនេះ​គឺ​មិនមាន​កិច្ចសន្យា​អ្វី​នោះទេ ពោល បង់ថ្លៃ​សេវា​ប្រចាំខែ​តែប៉ុណ្ណោះ ហើយ​បើ​គិត​រហូតដល់​ពេលនេះ កូនសិស្ស​របស់ CTT ទទួល​ការ​បង្វឹក​រយៈពេល​ប្រមាណ​ជា ៣ ខែ​មកហើយ​។ លោក​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ជួល​គាត់ [Chen] តាម​លទ្ធភាព​អាច​ចំណាយ​ខ្លួនឯងបាន ហើយ​បើ​ខ្ញុំ​នៅតែមាន​លទ្ធភាព ខ្ញុំ​នៅតែ​ជួល​រហូតដល់​ធ្វើ​ឲ្យ​កីឡាករ​របស់ខ្ញុំ​ខ្លាំង​ស៊ុ​ហ្វ​។ ទាល់តែ​ខ្ញុំ​អស់​លុយ​ជួល ឬ ទៅ​លែងរួច​បាន​ឈប់​។ ក្រៅពី​បន្ទុក​នេះ​ខ្ញុំ​មានកូន​សិស្ស​ស្នាក់នៅ​ហូបចុក និង ត្រូវ​ជួល​គ្រូ​ផ្សេងៗ​ផងដែរ និង ជួល​គ្រូ​មកពី​ក្រៅប្រទេស​ផ្នែក MMA ទៀតផង​។ តាមពិតទៅ​បើ​ខ្ញុំ​រកលុយ​ទិញ​ដី​ទិញ​ផ្ទះ​អីហ្នឹង​ក៏​រស់នៅ​ស្រួល​ដែរ ប៉ុន្តែ​គោលបំណង​គឺ​ជួយ​កីឡាករ​ខ្មែរ​យើង​មួយចំណែក​ឲ្យ​ខ្លាំង និង មាន​អាជីព​ប្រាកដ​»​។​



​គ្រូបង្វឹក​ដដែល​រៀបរាប់ថា លោក​ហ៊ាន​ចំណាយ​បែបនេះ​ព្រោះ​លោក​ចង់​បណ្ដុះបណ្ដាល​ឲ្យ​កីឡាករ​ខ្មែរ​មាន​លក្ខណៈ​ល្អប្រសើរ​ទាំង​ស៊ុ​ហ្វ​រួមទាំង​បច្ចេកទេស​មិន​ចាញ់​បរទេស និង ការ​វ៉ៃ​មាន​កម្រិត​កាន់តែ​ខ្ពស់​ទៅៗ ហើយ​ក្លិប​នៅក្នុង​ស្រុក​ភាគច្រើន​មិនសូវ​បាន​យកចិត្តទុកដាក់​លើ​គ្រូ​ផ្នែក​កាយសម្បទា​នេះឡើយ​។ 
 
​ក្លិប Cambodian Top Team ត្រូវបាន​បង្កើតឡើង​យ​ដោយ​លោក ហ៊ុន ច័ន្ទ​រាជ្យ នៅ​ឆ្នាំ ២០១៣ នៅ​ម្ដុំ​ទួល​ទំពូង ហើយ​ប្ដូរ​មក​ម្ដុំ អូរឫស្សី វិញ​មុន​ផ្លាស់​មក​ម្ដុំ​ទួល​ទំពូង​ម្ដងទៀត​នៅផ្ទះ​លេខ #2s ផ្លូវ​លេខ ៤៦៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ ចំការមន​រាជធានី​ភ្នំពេញ​។ ក្លិប​នេះ​បង្កើតបាន​កីឡាករ​គុន​ចម្រុះ (MMA) មានឈ្មោះ​បោះ​សំឡេង​ជាច្រើន​ប្រឡូក​នៅ​សង្វៀន ONE Championship ដូចជា ស សី​, មាស ម៉ើ​, ថៃ រិ​ទ្ធ​,  ចាន់ សំអាត​, រិ​ន សា​រ័ត្ន​, និង ស៊ឹម ប៊ុន​ស្រ៊ន់ ជាដើម​។ ក្រៅពី​បង្ហាត់​កីឡាករ​អាជីព ក្លិប​ក៏​ទទួល​បង្ហាត់​សិស្ស​ដើម្បី​សុខភាព​ដែរ​។ បើ​ចាប់អារម្មណ៍​ហាត់​ដើម្បី​សុខភាព ឬ ចង់​ចេះ​ក្បាច់​ប្រដាល់ អាចទាក់ទង​បាន​តាមរយៈ​លេខ​ទូរ​សព្ទ​ជា​ភាសា​ខ្មែរ 012 282 282 និង និយាយ​ជា​ភាសា​អង់គ្លេស​តាមរយៈ​លេខ 089 333 705៕ 
 

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com