ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋបង្ការជំងឺគ្រុនឈាម និងជំងឺឆ្លងនៅរដូវវស្សា ផ្ទះប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៨ រូបភាពពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
× ភ្នំពេញ៖ ក្នុងរដូវវស្សាចាប់ពីខែឧសភា ដល់ខែតុលា កម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរគ្រប់រាជធានីខេត្ត-ក្រុង ដែលបង្កឲ្យមានគ្រោះទឹកជំនន់នៅតាមតំបន់មួយចំនួនទៀតផង។ ហេតុដូច្នេះក្រសួងសុខាភិបាលក្រើនរំលឹកឲ្យពលរដ្ឋពង្រឹងការយកចិត្តទុកដាក់ការពារសុខភាពឲ្យមែនទែន ជាពិសេសបង្ការជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេង ដែលមានអត្រាកើតឡើងខ្ពស់សម្រាប់ឆ្នាំ២០១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ៣ដំណាក់កាល សម្រាប់ឲ្យពលរដ្ឋការពារសុខភាព និងបង្ការជំងឺឆ្លងផ្សេងៗ។ ដំណាក់កាលទី១ មុនពេលទឹកជំនន់ ត្រូវត្រៀមរកទីទួលសុវត្ថិភាព,ស្បៀងអាហារ, ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ និងសាងសង់បង្គន់ឲ្យខ្ពស់ដើម្បីការពារទឹកជំនន់។ ដំណាក់កាលទី២ អំឡុងពេលមានទឹកជំនន់ ត្រូវសម្រាន្តក្នុងមុងគ្រប់ទីកន្លែង និងស្លៀកពាក់ខោអាវវែងៗ ដើម្បីជៀសផុតពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។ ប្រុងប្រយ័ត្នចំពោះសត្វពស់ចឹក ឬសត្វអាសិរ្ពិស មុនពេលទៅធ្វើការជិតគំនរអុស ឬគំនរឈើ។ ត្រូវណែនាំ និងការពារកូនកុំឲ្យចុះទឹកផ្តេសផ្តាសដែលបង្កឲ្យលង់ទឹកស្លាប់។ សម្រាប់ដំណាក់កាលទី៣ ក្រោយពេលទឹកជំនន់ ត្រូវរៀបចំបោសសំអាតបរិវេណផ្ទះ ក្រោយពេលទឹកស្រកដែលបន្សល់នូវភាពកខ្វក់ និងបោសសំអាតអណ្តូងទឹក ឬពាងទឹក ដើម្បីកុំឲ្យមានជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លា និងមូសដែកគោលខាំ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានបង្គាប់ឲ្យមន្ទីរសុខាភិបាលគ្រប់រាជធានីខេត្ត-ក្រុងត្រៀមលក្ខណៈរួចជាស្រេចហើយនូវឱសថ បរិក្ខារពេទ្យ ថ្នាំប្រឆាំងពឹសពស់សម្រាប់ជួយអន្តរាគមន៍នៅពេលដែលមានពស់ចឹក ព្រមទាំងរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឲ្យទាន់ពេលវេលា។
គិតត្រឹមដើមខែមិថុនានេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងនៅខេត្តរតនគិរី ដែលកើតមានចំនួន៨៧ករណី តែមិនបន្តឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយខាងមន្ទីរសុខាភិបាលតាមតំបន់បានពិនិត្យ ព្យាបាល និងបាញ់ថ្នាំសម្លាប់ប្រភពមូសខ្លារួចហើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ខែនៃឆ្នាំ២០១៩ មានកុមារកម្ពុជាជាង៣,៥ពាន់នាក់ ដែលកើតជំងឺគ្រុនឈាម និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយនៅក្នុងនោះមានជាង៦០០នាក់ បានស្លាប់ដោយជំងឺគ្រុនឈាម។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបដែលចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា៕
Tag:
សុខភាព
ជំងឺគ្រុនឈាម
ទឹកជំនន់
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com