ជើងហោះហើរ​ពី​ណាន​ឆាង​ប្រទេស​ចិន មក​ខេត្ត​ព្រះសីហនុ បើក​ជា​ផ្លូវការ​
ជាតិ
សង្គមជាតិ
ជើងហោះហើរ​ពី​ណាន​ឆាង​ប្រទេស​ចិន មក​ខេត្ត​ព្រះសីហនុ បើក​ជា​ផ្លូវការ​
04, Jun 2019 , 10:39 pm        
រូបភាព
ប្រភពរូប៖ AKP
ប្រភពរូប៖ AKP
​ភ្នំពេញ​៖   ជើងហោះហើរ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ទីក្រុង​ណាន​ឆាង​ប្រទេស​ចិន របស់​ក្រុមហ៊ុន​Imperial International  បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១​មិថុនា ឆ្នាំ​២០១៩​។ នេះ​ជា​ជើងហោះហើរ​លើក​ទី​បី​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​ទៅ​ក្រុង​ជា​យាំង និង​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​។

 
​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​បាន​ស្រង់​សម្តី​របស់លោក ជូ លាង​ហ៊ុយ អគ្គនាយក​ក្រុមហ៊ុន Imperial International ថា ការបើក​ជើងហោះហើរ​នេះ ក្នុង​គោលបំណង​ទាក់ទាញ​អ្នកវិនិយោគ ពាណិជ្ជករ អាជីវករ ដឹកជញ្ជូន និង​អ្នកទេសចរ ពី​ខេត្ត​ណាន​ឆាង ដែលជា​ខេត្ត​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​ចិន មក​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​
 
​ក្នុង​ពិធី​បើក​ការហោះហើរ កាលពី​ថ្ងៃទី​១​មិថុនា  លោក ជូ លាង​ហ៊ុយ បាន​បញ្ជាក់ថា គម្រោង​នេះ ជា​ផ្នែក​មួយ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​អ្នកវិនិយោគ​កម្ពុជា​-​ចិន​ទៀតផង​។ ជាពិសេស​កា​វិនិយោគ​ក្នុង​តំបន់​ខេត្ត​ព្រះសីហនុ​ផ្ទាល់​។​
 
​ជាមួយគ្នានេះ​លោក ហេង ប៊ុន​ទី មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​និយាយថា តាមរយៈ​ជើងហោះហើរ​នេះ អ្នកវិនិយោគ​ចិន​និង​កម្ពុជា អាច​ឈ្វេងយល់​ពីគ្នា និង​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយគ្នា ជាពិសេស​អ្នកវិនិយោគ​ចិន ដែល​ចង់​មករក​ស៊ី​នៅ​កម្ពុជា​។​
 
​ក្រុមហ៊ុន Imperial International  បាន​បើក​ការ​ជើងហោះហើរ​របស់ខ្លួន​ពី​ទីក្រុង​ព្រះសីហនុ ទៅកាន់​ទីក្រុង​ណាន​ឆាង  ៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃ​ចន្ទ ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​។​
 
​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមហ៊ុន Imperial International ក៏បាន​បើក​ដំណើរការ​ជើងហោះហើរ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ទីក្រុង​ជា​យាំង  និង​ជើងហោះហើរ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន នៅ​ថ្ងៃទី​១១​កុម្ភៈ ឆ្នាំ​២០១៩ ផងដែរ​៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com