ម្ចាស់​ខ្សែក្រវាត់​បី ផល សោ​ភ័​ណ្ឌ ចង់​ប្រកួត​នៅ​សង្វៀន ONE
ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ខ្សែក្រវាត់​បី ផល សោ​ភ័​ណ្ឌ ចង់​ប្រកួត​នៅ​សង្វៀន ONE
04, Jun 2019 , 6:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ម្ចាស់​ខ្សែក្រវាត់​ចំនួន​៣ និង​ជា​ម្ចាស់​មេដាយមាស​ថ្នាក់ជាតិ​ទាំង​ប្រដាល់សេរី និង​សកល ផល សោ​ភ័​ណ្ឌ បង្ហាញ​បំណង​ចង់​ឡើង​សង្វៀន​កម្រិត​ពិភពលោក ONE Championship នៅ​ថ្ងៃ​អនាគត​។ ការបង្ហាញ​ជំហរ​បែបនេះ​ព្រោះ​ចង់​សាកល្បង​សមត្ថភាព បច្ចេកទេស​ថ្មីៗ និង​ចង់យក​ពិសោធន៍​បន្ថែម​ពី​ការរៀបចំ​កម្រិត​ពិភពលោក​និង​អន្តរជាតិ បន្ទាប់ពី​ប្រឡូក​នៅ​សង្វៀន​ក្នុងស្រុក​ជាច្រើន​ឆ្នាំ​។


 
​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ពីរ​ឆ្នាំ​ជាប់​គ្នា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ចង់បង្ហាញ​សមត្ថភាព​នៅ​សង្វៀន ONE នា​ថ្ងៃ​ណាមួយ​ទោះ​លទ្ធផល​យ៉ាងណា ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​អំពី​សមត្ថភាព​បើសិនជា​គេ​ផ្ដល់ឱកាស​ឲ្យ​។ ពេល​កីឡាករ​ខ្មែរ​យើង​ចេញទៅ​ប្រកួត ខ្ញុំ​តែងតែ​តាមដាន​មិន​បង ចាន់ រតនា​, កា​កា និង ឡៅ ចិ​ត្រា នាពេល​កន្លងមក​ទេ​។​ពេល​ខ្ញុំ​បាន​តាមដាន ខ្ញុំ​ឃើញ​នៅ​សង្វៀន ONE កីឡាករ​គូប្រជែង​នឹង​កីឡាករ​ខ្មែរ គេ​ជំហរ​រឹងៗ ហើយ​រហ័សៗ ណាស់​ដូច Rodtang និង Superlek Kiatmoo9 ជាដើម​។ កីឡាករ​ថៃ​ទាំងពីរ​នេះ​រហ័សរហួន​លើ​បម្លាស់​ទី និង ការ​វ៉ៃ​ចេញ​របស់គេ​ក៏​ល្អ​ដែរ​រួមទាំង​ការ​ទាត់​ផង​»​។​


 
​ដ្បិត​មើលឃើញ​គូប្រកួត​របស់​ខ្មែរ​កន្លងមក​ខ្លាំងៗ កីឡាករ​មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​រូបនេះ​រៀបរាប់​ទៀតថា ពេលខ្លះ​ត្រូវ​ស្វែងរក​អ្វី​ដែលជា​បទពិសោធន៍​ថ្មី និង រៀន​យល់ដឹង​អំពី​ការរៀបចំ​នៅ​មជ្ឈដ្ឋាន​អន្តរជាតិ ហើយ វា​ក៏​ជា​ការវាស់ស្ទង់​មួយ​ដែរ​ដើម្បី​យកមក​អភិវឌ្ឍ​ខ្លួន​។ កីឡាករ​ដែល​ហាត់​ប្រដាល់​តាំងពី​អាយុ ១៣ ឆ្នាំ​បាន​ខំប្រឹងប្រែង​ហ្វឹកហាត់​ជាប្រចាំ​ព្រោះ​ទីផ្សារ​ប្រកួត​នៅក្នុង​ស្រុក​ក៏​ច្រើន​ដែរ ហើយ​វា​ជា​ស្ពាន​មួយ​ដើម្បី​ចម្លង​ទៅ​ប្រកួត​កម្រិត​អន្តរជាតិ​។ ប្អូនប្រុស​របស់ ផល សុផាត បាន​ត្រៀមខ្លួន​ជា​ហូរហែ ព្រោះ​រូបគេ​ក៏​កំពុង​វាយ​ដណ្ដើម​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់ ៦៣,៥ គីឡូក្រាម នៅ​សង្វៀន​បាយ័ន ដែលមាន​សមាសភាព​កីឡាករ ថៃ និង ខ្មែរ​ចំនួន ៨ រូប​។ កន្លងមក​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ខ្សែក្រវាត់​នេះដែរ ប៉ុន្តែ​បាន​ត្រឹម​លេខ​២ ដោយសារ​ចាញ់​ជើង​ខ្លាំង​មកពី​ក្លិប​ប្រដាល់​ទ័ព​ឆត្រយោង​៩១១ ឡៅ ចន្ទ្រា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល ៣ ឆ្នាំមុន​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា ដែល​ដណ្ដើមបាន​ពី វង្ស ណ​យ ទទួលស្គាល់ថា​៖«​កម្លាំង​ស៊ុ​ហ្វ ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​កីឡាករ​ខ្មែរ​នៅ​សង្វៀន ONE ក្រៅពី​បច្ចេកទេស​។ ជាក់ស្ដែង​ខ្ញុំ​ខ្លួនឯង​ក៏​ស៊ុ​ហ្វ​ធ្លាក់ចុះ​ខ្លះ​ដែរ​មួយរយៈ​នេះ ប៉ុន្តែ​នៅ​ខំប្រឹង​រាល់ថ្ងៃ​ដើម្បី​កុំ​ឲ្យ​ចាញ់​ស៊ុ​ហ្វ​គេ និង វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់​នៅ​កម្ពុជា​។ ខ្ញុំ​ជឿថា កម្លាំង​ស៊ុ​ហ្វ​របស់ខ្ញុំ​នឹង​ល្អ​ប្រសើរឡើង​»​។ 
 
​គួរ​ដឹងថា ផល សោ​ភ័​ណ្ឌ កើត​នៅ​ឆ្នាំ ១៩៩២​។ គេ​ជា​ម្ចាស់​ខ្សែក្រវាត់ ខា​រ៉ា​បាវ ពីរ​ឆ្នាំ​ជាប់​គ្នា នៅ​ឆ្នាំ ២០១២ និង ២០១៣ ហើយ ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​បាន​ពី វង្ស ណ​យ នៅ​ឆ្នាំ ២០១១​។ ក្រៅពីនោះ​កូនសិស្ស​លោកតា​ញ៉ូ​វ ម៉ាក និង លោក ម៉ាក សា​ខន ធ្លាប់​ឈ្នះ​មេដាយមាស​ទូទាំងប្រទេស​ក្នុង​វិញ្ញាសា​ប្រកួត​សាកល និង ឈ្នះ​មេដាយមាស​ថ្នាក់ជាតិ​ក្នុង​វិញ្ញាសា​ប្រកួត​ប្រដាល់សេរី​ជាច្រើន​ទៀតផង​។ កំណត់​ប្រកួត​របស់ សោ​ភ័​ណ្ឌ ប្រហែល​ឡើង​សង្វៀន​បាន​ជាង ១២០ ដង​មកហើយ បើ​រាប់បញ្ចូល​ទាំង ប្រដាល់​គុន​ខ្មែរ និង សកល​។ រឿង​ដែល​គួរ​ឲ្យ​ចងចាំ​មួយទៀត គឺ ឡើង​រេញ​លើកដំបូង​នៅ​ប៉ុស្តិ៍​លេខ​៥ ក្នុង​ប្រភេទ​ទម្ងន់ ៣០ ទៅ ៣៥ គីឡូ ដែល​ពេលនោះ​ប៉ះ ផន ប៊ុន​ម៉ៅ ដោយ​ទទួលបាន​តម្លៃ​ខ្លួន ប្រហែល ៨ ម៉ឺន​រៀល​៕ 
 

Tag:
 MMA
  ផល សោ​ភ័​ណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com