ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​ស្វី​ស​បន្ត​ផ្តល់​ថវិកា ៦​លាន​ដុល្លារ លើ​គម្រោង​បោសសម្អាត​មីន​នៅ​កម្ពុជា​
05, Jun 2019 , 9:59 am        
រូបភាព
​រដ្ឋាភិបាល​ស្វី​ស​បន្ត​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញ​វ​ត្តុ​ប្រមាណ ៦​លាន​ដុល្លារ ដែលមាន​រយៈពេល ៥​ឆ្នាំ ដល់​កម្ពុជា លើ​គម្រោង​បោសសម្អាត​មិន​។ នេះ​បើ​យោងតាម​ជំនួប​ពិភាក្សា​ការងារ​រវាង លោក លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន និង​លោកស្រី Carin Salerno នាយក​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

 
​លោកស្រី Carin Salerno បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​ស្វី​សនឹង​បន្ត​ផ្តល់​ថវិកា​ប្រមាណ ៦​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០២៥ បន្តទៀត​។​
​ជាការ​ឆ្លើយតប ប្រធាន​ទី​១​អាជ្ញាធរ​មីន លោក លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ស្វី​ស បាន​ចូលរួមចំណែក​ផ្តល់ជំនួយ​ថវិកា​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ដែល​កំពុង​អនុវត្ត​ដោយ​អាជ្ញាធរ​មីន ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គការ UNDP​។​
 
​យោងតាម​របាយការណ៍​របស់ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (CMAC) បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ខែ ក្នុង​ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ស្លាប់ និង​រងរបួស ដោយសារ​គ្រាប់មីន មាន​ចំនួន ៤៤​នាក់​។​
 
​គួររម្លឹកថា គិត​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៩​នេះ ប្រទេស​ស្វី​ស​បានផ្តល់​ថវិកា​គាំទ្រ​ដល់​គម្រោង​បោសសម្អាត​មីន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕
 

Tag:
 អជ្ញាធរ​មិន​
  កម្ពុជា​
  ស្វី​ស
© រក្សាសិទ្ធិដោយ thmeythmey.com