ពេលលក់ ម្ចាស់កម្មសិទ្ធិ អាចសុំរក្សាលេខយានជំនិះរបស់ខ្លួន
ជាតិ
រថយន្ត
សង្គមជាតិ
ពេលលក់ ម្ចាស់កម្មសិទ្ធិ អាចសុំរក្សាលេខយានជំនិះរបស់ខ្លួន
04, Jun 2019 , 6:39 pm        
រូបភាព
ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩។មាត្រា២១ និងមាត្រា២២នៃអនុក្រឹត្យនេះបានកំណត់ទាក់ទិនករណីផ្ទេរកម្មសិទ្ធិយានជំនិះ ដែលម្ចាស់កម្មសិទ្ធិអាចសុំរក្សាលេខចុះបញ្ជីដើម ពោលគឺផ្ទេរតែយានជំនិះ តែមិនផ្ទេរលេខចុះបញ្ជី។



មាត្រា២១ ចែងថា៖«ករណីផ្ទេរកម្មសិទ្ធិយានជំនិះ៖ ក-ម្ចាស់កម្មសិទ្ធិយានជំនិះដើមមានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីយានជំនិះ សម្រាប់ចុះបញ្ជីយានជំនិះថ្មីរបស់ខ្លួន។ ក្នុងករណីនេះ ម្ចាស់កម្មសិទ្ធិយានជំនិះដើមត្រូវយកលេខយានជំនិះដែលរក្សាទុកនោះមកសុំចុះបញ្ជីនៅទីតាំងផ្ដល់សេវាសាធារណៈដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ទើបអាចចរាចរណ៍បាន។

មាត្រាដដែលចំណុចខកំណត់ថា ម្ចាស់កម្មសិទ្ធិយានជំនិះថ្មី មានសិទ្ធិជ្រើសរើសលេខចុះបញ្ជីយានជំនិះថ្មីបាន។

មាត្រា២២ ចែងថា«ម្ចាស់កម្មសិទ្ធិយានជំនិះ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីយានជំនិះដែលកំពុងប្រើប្រាស់សម្រាប់ចុះបញ្ជីលើយានជំនិះថ្មីរបស់ខ្លួនបាន ស្របតាមបែបបទនិងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្ដល់ផ្លាកលេខសម្គាល់យានជំនិះ និងការលុបចេញពីបញ្ជីយានជំនិះ និងត្រូវបង់កម្រៃសេវាសាធារណៈ ដែលកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន»។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បន្ថែមប្រាប់សារព័ត៌មានថ្មីៗថា ការអនុញ្ញាតឲ្យម្ចាស់យានជំនិះដើម រក្សាលេខចុះបញ្ជីចាស់នេះ គឺជាការអនុវត្តថ្មីថ្មោងនៅកម្ពុជា។ លោកឲ្យដឹងដូច្នេះថា៖«នេះជារឿងថ្មី ដូចថាប្រជាពលរដ្ឋ គិតថា លេខយានជំនិះរបស់ខ្លួនមានរាសីជាដើម គាត់ចង់រក្សាលេខចាស់»។

គួរបញ្ជាក់ថា អន្តរក្រសួងគ្រោងចេញប្រកាសដែលកំណត់ពីការផ្ទេរកម្មសិទ្ធិយានយន្ត (កាត់ឈ្មោះ) និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ដើម្បីសម្រួលដល់ម្ចាស់កម្មសិទ្ធិ៕

Tag:
 ផ្លាកលេខ
© រក្សាសិទ្ធិដោយ thmeythmey.com