ជាតិ
សុ​ដា​ណេ កាន់តែ​ស្រឡាញ់​ការរស់នៅ​បែប​បៃតង ដោយសារ​ភាពយន្ត​ឯកសារ​«Before the Flood»
05, Jun 2019 , 8:55 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា ហែម សុ​ដា​ណេ ជា​យុវតី​វ័យក្មេង​មួយរូប ដែល​បានចាប់ផ្តើម​រស់នៅ​បែប​បៃតង និង​ស្ទើរតែ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​កសោះ​ជា​រៀងរាល់ថ្ងៃ រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​។  ដា​ណេ ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស​ដ៏​តិចតួច ដែល​មិន​បរិភោគ​សាច់សត្វ​ផងដែរ​។ មាន​វ័យ​២១​ឆ្នាំ ដា​ណេ បាន​ផ្លាស់ប្តូរ​របៀប​រស់នៅរ​បស់​ខ្លួន​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​បាន​មើល​ភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា​«Before the Flood» ដែលមាន​ការចូលរួម​សំដែង​ពី​តារាភាពយន្ត​ហូលីវូត Leonardo DiCaprio​។ ភាពយន្ត​នេះ និយាយ​ពី​ការប្រែប្រួល​អាកាសធាតុ មូលហេតុ និង​ផលប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​សកម្មភាពរ​ប​ស់មនុស្ស​។ មិន​ត្រឹមតែ​បាន​ផ្លាស់ប្តូរ​របៀប​រស់នៅ​ខ្លួនឯង​តែ​ម្នាក់​នោះទេ ដា​ណេ ក៏បាន​ជំរុញ ឲ្យ​អ្នក​នៅ​ជុំវិញខ្លួន គិតគូរ​ដល់​បរិស្ថាន និង​រស់នៅ​បែប​បៃតង់​ដូច​នាង​ដែរ​។​

 
​កញ្ញា ហែម សុ​ដា​ណេ គឺជា​មនុស្ស​ម្នាក់  ដែល​ស្ថិត​ក្នុងចំណោម​អ្នក​បរិស្ថាន​ដ៏​តិចតួច​ស្តួច   ស្តើង​នៅ​កម្ពុជា​។ ដា​ណេ កើត​នៅ​ខេត្តកំពង់ចាម តែ​បានរស់នៅ​រាជធានី​ភ្នំពេញ​តាំងពី​អាយុ​៥​ឆ្នាំ​តាម​ឪពុកម្តាយ ដែលជា​អាជីវករ​។ តាំងតែ​ពី​តូច​មក ដា​ណេ គឺ​រស់នៅ​ដូច​គេ​ដូច​ឯង ពោលគឺ​រីករាយ​នឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ភាវរស់​ដទៃទៀត​នៅលើ​ផែនដី​ឡើយ​។ ប៉ុន្តែ​រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយនេះ ដា​ណេ បាន​បោះបង់ចោល​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ស្ទើរតែ​ស្រុង បន្ទាប់ពី​បាន​មើល​ភាពយន្ត​ឯកសារ រឿង «Before the Flood» ដែលមាន​ការចូលរួម​សំដែង​ពី​សំណាក់​តារាភាពយន្ត​ហូលីវូត Leonardo DiCaprio​។ ភាពយន្ត​នេះ និយាយ​ពី​ការប្រែប្រួល​អាកាសធាតុ មូលហេតុ និង​ផលប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​សកម្មភាពរ​ប​ស់មនុស្ស​។ 


 
​ភាពយន្ត​ឯកសារ​នេះហើយ ដែល​បាន​ផ្លាស់ប្តូរ​របៀបរបបរ​បស់​នៅ របស់​យុវតី ហែម សុ​ដា​ណេ និង​បាន​ជំរុញ​ឲ្យ​នាង​ចូលរួម​ជាមួយ​គម្រោង Eco Life Cambodia​។ ហើយ​នៅក្នុង​គម្រោង​នេះ  នាង​បាន​យល់ដឹង​បន្ថែមទៀត​ពី​សកម្មភាព​របស់​មនុស្ស ដែល​កំពុងតែ​បំផ្លាញ​បរិស្ថាន​។ យុវតី ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក Business Administration វ័យ​២១​ឆ្នាំ​រូបនេះ​រៀបរាប់ថា​៖ «​ក្នុង​រឿង​ហ្នឹង​ខ្ញុំ​បាន​យល់ដឹង​ច្រើន ពី​បញ្ហា​បរិស្ថាន​ជុំវិញ​ពិភពលោក ដែល​ត្រូវបាន​បំផ្លាញ​ដោយ​សកម្មភាព​ធ្វើ​អាជីវកម្ម ដូចជា​ការយក​រ៉ែ​ប្រេងកាត ការបំពុល​បរិយាកាស ការកាប់​ព្រៃឈើ​ដើម្បី​យក​ដី​ដាំ​ដំណាំ​នៅ​ប្រទេស​នានា​លើ​ពិភពលោក​។ នៅក្នុង​រឿង​ដែរ ក៏​ឃើញ​មាន​ផល​អវិជ្ជមាន​បណ្តើរៗ​ហើយ គឺ​ការ​កើន​កម្តៅ​ផែនដី​, ទឹកកក​នៅ​តំបន់​ប៉ូល​រលាយ​លឿន​,​ការ​លិច​ផ្លូវ ផ្ទះ នៅ​តំបន់​ជាប់​សមុទ្រ ហើយ​អាកាសធាតុ​ក៏​ចេះតែ​ក្តៅ​ទៅៗ​»​។ 
 
​សុខចិត្ត​រស់នៅ​ខុសពី​គេ ដើម្បី​បរិស្ថាន​បៃតង និង​មិន​ចង់​ឲ្យ​អ្នកជំនាន់ក្រោយ​បន្ទោស​
 
​តាំងតែ​ពី​នោះមក ដា​ណេ បាន​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួន​ស្ទើរ​ទាំងស្រុង ពោល​ប្តូរ​ពី​យុវជន​ដែល​ស្រឡាញ់​ពេញ​ចិត្តនឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក មិនតិចជាង​១០ ក្នុង​មួយថ្ងៃ មកជា​អ្នក​គិតគូរ​ពី​បរិស្ថាន គិតពី​រក្សា​ភាព​បៃតង​នៅក្នុង​ការរស់នៅ​។ នាង​រំ​ឮ​កថា​៖«​មុនពេល​ចូលរួម​ជា​សមាជិក Eco Life Cambodia ខ្ញុំ​សប្បាយ​នឹង​ប្រើ​ប្លា​ស្ទិ​ក​។ មួយថ្ងៃ​ទៅ​ទិញ​កាហ្វេ ឬ​ភេសជ្ជៈ ប្រើ​កែវ​ប្លា​ស្ទិ​ក ៤-៥ ប្រើ​ទុយោ ៤-១០ ហើយ​ទឹក​អត់​ច្រក​ខ្លួនឯង​ដែរ ទិញ​ទឹក​គេ​។ បើ​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​វិញ មានតែ​សុំ​ថង់​គេ​ថែម​។ ...​ខ្ញុំ​ដឹង​ទៀតថា រាល់ថ្ងៃ​មាន​ថង់​ប្លា​ស្ទិ​ករាប់​តោន​ត្រូវបាន​គេ​បោះចោល​ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​វា​ប៉ះពាល់​យ៉ាងម៉េច​ខ្លះ​ដល់​សត្វ​សមុទ្រ​? គឺ​វា​រង​ការគំរាមកំហែង​ពី​ប្លា​ស្ទិ​ក​មែនទែន​។ ដូច​សត្វ​អណ្តើក ជាប់​កង​ប្លា​ស្ទិ​ក​ពាក់កណ្តាល​ខ្លួន​។ ស្រមៃ​ថា​ខ្លួន​ជាប់​អីចឹង​ដែរ​។ ហើយ​សត្វ​ភេ ជាប់​សំណាញ់ ឬ​ខ្សែ​អីចឹង​។ ហើយ​មាន​បា​ឡែ​ន ស្លាប់​ដោយសារ​ស៊ី​ប្លា​ស្ទិ​ក ហើយ​ដូច​អណ្តើក​ជាប់​ទុយោ​ក្នុង​ច្រមុះ ហើយ​ពេល​ក៏​ដក​ទុយោ​នោះ​ទៅ​មាន​ឈាម​មានអី​។ ខ្ញុំ​ឈឺចាប់ ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​ដែល​ស្រឡាញ់ ហើយ​គោរព​ជីវិត​សត្វ​។ ខ្ញុំ​អត់​ញ៉ាំ​សាច់សត្វ​ទេ​។ ខ្ញុំ​យល់ថា ខ្ញុំ​អត់​បាន​សម្លាប់សត្វ​ដោយផ្ទាល់​ទេ ប៉ុន្តែ​គ្រាន់តែ​ប្រើ​ប្លា​ស្ទិ​ក​ហ្នឹង ខ្ញុំ​គឺជា​ចំណែក​មួយ​ទៅ​សម្លាប់សត្វ​អស់ហ្នឹង​ដោយ​ប្រយោល​»​។​
 
 
​ជា​រៀងរាល់ថ្ងៃ រៀងរាល់​ពេល​ដា​ណេ ចាក​ចេញពីផ្ទះ នាង​តែងតែ​យួរ​ប្រអប់​ដែក​ដាក់​បាយ សម្លរ និង​តែង​ច្រក​ទឹក​ដាក់​ដប​ស្ពាយរ​ណេង​រណោង​តាម​ខ្លួន​។ ហើយ វា​នឹង​ក្លាយជា​វត្ថុ​ដែល ដា​ណេ ប្រើប្រាស់​សម្រាប់​ច្រក​ចំណីចំណុក និង​បន្លែបង្ការ​នានា​ជំនួស​ប្រអប់​ស្នោរ និង​ថង់​ប្លា​ស្ទិ​ក​។ ដា​ណេ ប្រើប្រាស់​គ្រឿងសម្អាង និង​គ្រឿង​ថែរក្សា​សម្រស់​ស្ទើរ​សព្វ​មុខ​ដែល​ផ្សំ​ពី​ធម្មជាតិ និង​ដែល​វេច​ខ្ចប់​ពី​ក្រដាស ឬ​ពី​ប្រអប់​ដែល​អាច​ប្រើប្រាស់​បាន​ច្រើនដង​។​
 
​ដា​ណេ ដែល​បានរស់នៅ​របៀបនេះ តាំងតែ​ពី​ចុងឆ្នាំ​២០១៦​មក  ពន្យល់​ទៀតថា នាង​សប្បាយចិត្ត ព្រោះ​នាង​ស​ម្រ​ច​ចិត្ត​ធ្វើ​សកម្មភាព​ដែល​ខុសពី​គេ​នេះ ដើម្បី​មិន​ចូលរួម​បំផ្លាញ​បរិស្ថាន​ឲ្យ​ហិនហោច​បន្ថែម​។ ម្យ៉ាងទៀត​អ្វីដែល​នាង ភ័យខ្លាច​នោះ គឺ​ខ្លាច​កូនចៅ និង​មនុស្ស​ជំនាន់​ក្រោយ​ស្តីបន្ទោស​។ សុ​ដា​ណេ ពន្យល់​៖ «​ខ្ញុំ​ចង់​ថែរក្សា​សម្រស់​អស់ហ្នឹង ឲ្យ​ជំនាន់​ក្រោយ​របស់ខ្ញុំ​បានឃើញ ហើយ​ឲ្យ​គាត់​ឃើញ​ស្អាត​ជាង​ហ្នឹង​ទៀត​។ ឃើញ​បៃតង​ជាង​ហ្នឹង អត់​មាន​សំរាម ហើយ​សត្វ​សមុទ្រ​អីហ្នឹង គឺ​រស់នៅ​សប្បាយ ជាង​អ្វីដែល​ខ្ញុំ​ឃើញ​សព្វថ្ងៃ​ហ្នឹង​ទៀត​។ ខ្ញុំ​ស្រមៃ​ថា បើ​ជំនាន់​ក្រោយ ប្រជាជន​រស់នៅក្នុង​ផ្សែង​ពុល​រាល់ថ្ងៃ ហើយ​អ្នកជំនាន់ក្រោយ ប្រាកដជា​មើល​ត្រឡប់មក​ក្រោយ​វិញ ហើយ​ថា​បុព្វការី​ជន​របស់គាត់ ពិតជា​អត់​បានធ្វើ​អី​មែន​ដើម្បី​ជំនាន់​គាត់​។ ធ្វើ​ឲ្យ​ជំនាន់​គាត់​កើតមក​ពិបាក​រស់នៅ​»​។​
 
​រង​ការ​ចំអក មុន​ក្លាយជា​គំរូ​អ្នក​ជុំវិញខ្លួន​ឲ្យ​រស់នៅ​បែប​បៃតង​ 
 
​ក្លាយជា​មនុស្ស​ដែល​ខុសពី​គេ នៅក្នុង​សង្គម មិនមែនជា​រឿង​ងាយស្រួល​ឡើយ សម្រាប់​សុ​ដា​ណេ​។ នៅពេលដែល​ដា​ណេ ស្ពាយ​របស់រ​ណេង​រណោង​តាម​ខ្លួន នាង​ធ្លា​ប់រង​ការ​សើចចំអក​ពី​មិត្តភក្តិ​។ ទន្ទឹមនឹងនេះ សាច់ញាតិ​ចាស់ទុំ ក៏​មិន​យល់ស្រប ចំពោះ​ការមិន​បរិភោគ​សាច់សត្វ​របស់​នាង​ដែរ​។ ប៉ុន្តែ សុ​ដា​ណេ ថា​ការរិះគន់​ដ៏​តិចតួច​នេះ មិនអាច​ប្តូរ​ការគោរព ស្រឡាញ់​ជីវិត​សត្វ និង​ភពផែនដី​របស់ខ្លួន​ឡើយ​។ សុ​ដា​ណេ​រៀបរាប់​ដូច្នេះ​៖«​មិត្តភក្តិ ពីដំបូង​គាត់​ឃើញ​ខ្ញុំ​ប្រើ​ទុយោ​ឫស្សី គាត់​សើច ឃើញ​ខ្ញុំ​ស្ពាយ​អស់ហ្នឹង​តាម​ខ្លួន គាត់​សើច​ទៀត ហើយ​កាលពី​ឆ្នាំ​២០១៧​ហ្នឹង ខ្ញុំ​ជិះ​កង់​ទៅ​រៀន​ទៀត​។ អ៊ីចឹង​ស្ពាយ​របស់​អស់ហ្នឹងរ​ណេង​រណោង​តាម​ខ្លួន គាត់​សើច​មែនទែន​។ ប៉ុន្តែ​ក្រោយមក​គាត់​ចាប់ផ្តើម ធ្វើតាម​ខ្ញុំ​»​។​
 
​សម្រាប់​សុ​ដា​ណេ បើទោះជា​នាង មិនបាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ច្រើន នៅក្នុង​សង្គម ប៉ុន្តែ​យ៉ាងហោចណាស់ នាង​បាន​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​អ្នក​នៅ​ជុំវិញខ្លួន ក្នុងការ​កាត់បន្ថយ​សំរាម ជាពិសេស​ប្លា​ស្ទិ​ក​តែម្តង ពោលគឺ​រស់នៅ បៃតង​(Eco-Friendly)​ដូចដែល​នាង​កំពុង​រស់នៅ​ដែរ​។​
 
 
​សុ​ដា​ណេ យល់ឃើញថា បច្ចុប្បន្ន​មាន​មនុស្ស បានចាប់ផ្តើម​រស់នៅ បែប​បៃតង​(go green) ហើយ​នាង​សង្ឃឹមថា ទៅ​អនាគត នឹងមាន​មនុស្ស​កាន់តែច្រើន គិត និង​រស់នៅ​ដូចនេះ​ដែរ​។ លើសពីនេះ សុ​ដា​ណេ បាន​ជំរុញ​ឲ្យ​យុវជន ចាប់ផ្តើម​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ទៅកាន់​តំបន់​ព្រៃភ្នំ ទៅ​រស់នៅ​ជាមួយ​ធម្មជាតិ ស្រាប់​សំឡេង​សត្វ​យំ ឬ ស្តាប់​ទឹកជ្រោះ  ឲ្យ​បាន​មួយ​យប់​ពីរ​យប់ នោះគេ​នឹង​បានដឹងថា នៅក្នុង​ព្រៃ​ស្ងប់​សុខ​ជាង​នៅ​ទីក្រុង ហើយ​ដកដង្ហើម​នៅក្នុង​ព្រៃភ្នំ ស្រស់ស្រាយ​ជាង​ដកដង្ហើម​នៅ​ទីក្រុង​ដែរ​។​
 
​សុ​ដា​ណេ អះអាងថា ការធ្វើ​ដូច្នេះ ក៏​ជំរុញ​ឲ្យ​ពួកគេ​ចាប់ផ្តើម​យល់​ពី​សារៈប្រយោជន៍​ជាក់ស្តែង​របស់​បរិស្ថាន នៅក្នុង​ជីវិត​រស់នៅ ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ស្រឡាញ់ ថែរក្សា​បរិស្ថាន​វិញ​។ ដា​ណេ រៀបរាប់​បន្ថែម​៖ «​ពេលដែល​យើង​អត់ ទាន់​ស្រឡាញ់​ពិតប្រាកដ យើង​អត់​អាច​បោះបង់​ប្លា​ស្ទិ​ក ដើម្បី​បរិស្ថាន​ហ្នឹង​ទេ​។ ទាល់តែ​យើង​ដូរ​ចិត្ត ហើយ​យើង​ស្រឡាញ់​។ ពេលដែល​យើង​ស្រឡាញ់​អ្វីមួយ​មែនទែន យើង​ច្បាស់​ជា​អាច​ផ្លាស់ប្តូរ​សកម្មភាព​ប្រចាំថ្ងៃ ដើម្បី​ថែរក្សា​របស់​ដែល​យើង​ស្រឡាញ់​ហ្នឹង​បាន​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com