ជាតិ
អន្តរជាតិ
​សំដី​លោក លី សៀន​ឡុង ក៏​ធ្វើ​ឲ្យ​វៀតណាម​ខកចិត្ត​ផងដែរ​
05, Jun 2019 , 9:01 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang ។​ រូបភាព VNA
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang ។​ រូបភាព VNA
​ការ​លើកឡើងថា​វៀតណាម​ឈ្លានពាន​កម្ពុជា​ពី​សំណាក់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ធ្វើ​ឲ្យ​ទីក្រុង​ហាណូយ​ខកចិត្ត​យ៉ាងខ្លាំង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម នៅ​ថ្ងៃទី​៤ ខែមិថុនា បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការលើកឡើង​របស់​មេដឹកនាំ​សិង្ហ​បុរី​ដែល​ធ្វើឡើង​អំឡុងពេល​កិច្ចសន្ទនា​សន្តិសុខ Shangri-La និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ វៀតណាម ចាត់ទុក​សម្ដី​លោក លី ថា មិនបាន​ឆ្លុះបញ្ចាំង​ការពិត​។​


 
 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​៣១ ខែឧសភា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​សរសេរ​រំលែក​មរណទុក្ខ និង​បង្ហាញ​ការ​ស្ងើចសរសើរ​ភាពជា​អ្នកដឹកនាំ​របស់លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា អតីត​នាយករដ្ឋមន្ត្រី​ថៃ​ក្នុង​ទសវត្សរ៍​១៩៨០ និង​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ថៃ ដែល​ទើបបាន​ទទួលមរណភាព​កាលពី​ថ្ងៃទី​២៦​ខែឧសភា​។ ប៉ុន្តែ​លោក លី ក៏បាន​និយាយ​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​ដែល​កើតឡើង​នៅ​កម្ពុជា​តែ​ពាក់ព័ន្ធ​វៀតណាម​។​

 
 
«​ក្នុងអំឡុង​ពេលដែល​លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​នោះ វា​ក៏​ជា​ពេលដែល​សមាជិក​អាស៊ាន​ទាំង​៥​នៅពេលនោះ បាន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​វៀត​ណា​ម​មកលើ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា (​ពេលនោះ​) ដែល​មក​ជំនួស​របប​ខ្មែរក្រហម​។ ប្រទេស​ថៃ​បាន​ប្រឈម​នឹង​កងទ័ព​វៀតណាម​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយ​កម្ពុជា​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម បានសម្រេច​ចិត្ត​យ៉ាង​មុតមាំ​ដោយ​មិន​ទទួលយក​អ្វីដែល​កំពុង​កើតឡើង​នោះ ហើយ​បានធ្វើការ​ជាមួយ​ដៃគូ​ក្នុង​អាស៊ាន​ដើម្បី​ប្រឆាំង​វៀតណាម​នៅតាម​វេទិកា​អន្តរជាតិ​នានា​»​។ នេះ​ជា​សំណេរ​របស់លោក លី ។ 
​សំណេរ​ខាងលើនេះ បន្ថែម​ពីលើ​ការនិយាយ​លើ​បញ្ហា​ដូចគ្នា​អំឡុងពេល​កិច្ចសន្ទនា Shangri-La កាលពី​សប្ដាហ៍​មុន ធ្វើ​ឲ្យ​វៀតណាម​ចេញមក​ប្រតិកម្ម​។ អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា​៖ «​វៀតណាម​មានការ​សោកស្ដាយ​ចំពោះ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នា​កិច្ចប្រជុំ​Shangri-La និង​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ក្នុងចំណោម​សាធារណមតិ​។​»
 
​មន្ត្រី​ក្រសួងការបរទេស​វៀត​ណា​ម​ដដែល​បន្តថា ក្នុងនាម​ជា​សមាជិក​សកម្ម និង​មានការ​ទទួលខុសត្រូវ​របស់​អាស៊ាន វៀតណាម បាន និង​បន្ត​ធ្វើការ​ជាមួយ​សមាជិក​ដទៃទៀត​ដើម្បី​កសាង​សហគមន៍​អាស៊ាន​ដ៏​រឹងមាំ​ប្រកបដោយ​ការរួបរួម និង​សាមគ្គីភាព ហើយ​ដើរតួនាទី​ស្នូល​នៅក្នុង​តំបន់​៕ 

Tag:
 វៀតណាម​
  សិង្ហ​បុរី​
  កម្ពុជា​
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com