ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ ៤​យ៉ាង​ដែល​ល្អ​បំផុត​ក្នុងការ​ជំរុញ​ដល់​ថាមពល​ខួរក្បាល​
06, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ប្រហែលជា​កើតមាន​ក្នុង​របប​អាហារ​អ្នក​បើសិនជា​អ្នក​យល់ថា​ខួរក្បាល​ដូចជា​មិនសូវ​ធ្វើ​ការល្អ​។ វា​អាច​ដោយសារតែ​អ្នក​មិន​ទទួលបាន​វីតាមីន​គ្រប់គ្រាន់​សម្រាប់​បំប៉ន​ខួរក្បាល និង​ជីវជាតិ​គ្រប់គ្រាន់​ពីរ​បប​អាហារ​រាល់ថ្ងៃ​។ អ្នក​អាច​ផ្លាស់ប្តូរ របប​អាហារ និង​ញ៉ាំ​វីតាមីន​ឱ្យបាន​ច្រើន​វិញ ជាពិសេស​វីតាមីន​ណា​ដែលមាន​ប្រយោជន៍​ចំពោះ​ខួរក្បាល​តែម្តង​។


 
​ខាងក្រោម​នេះ​គឺជា​វីតាមីន​បួន​ប្រភេទ​ដែល​អាចជួយ​បង្កើន​ភាព​វ័យឆ្លាត​ទូទៅ ការចងចាំ​រយៈពេល​ខ្លី និង​ពង្រឹង​ដល់​ថាមពល​ខួរក្បាល​។ 
 
​វីតាមីន E
 
​នេះ​គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ដែល​អាច​ការពារ​កោសិកា​សរសៃប្រសាទ​ពី​ការខូចខាត​ធ្ងន់ធ្ងរ និង​ការពារ​ខួរក្បាល​ដែរ​។ របប​អាហារ​ដែល​ផ្គត់ផ្គង់​វីតាមីន E នឹង​ជួយ​ពន្យា​ពេល​ការកើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា (Alzheimer’s Disease)​។ ការប្រើប្រាស់​អង់​ទី​អុកស៊ីដ​ង់​មួយ​ដើម្បី​ការពារ​ខួរក្បាល​អាច​បង្ការ​កុំឱ្យ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ជ្រៀតជ្រែក​ខួរក្បាល​ថែមទៀត​ផង​។ ដំឡូង​ផ្អែម គ្រាប់​ធញ្ញជាតិ សណ្តែកដី និង​បន្លែ​ពណ៌​បៃតង​សុទ្ធតែ​សម្បូរ​វីតាមីន E ទាំងអស់​។ 
 
​វីតាមីន C
 
​រ៉ាឌីកាល​សេរី​គឺជា​អាតូម និង​ម៉ូលេគុល​ដែល​អាច​បំផ្លាញ​កោសិកា​ខួរក្បាល​បាន​។ ជា​ញឹកញាប់​នោះ​គឺថា វា​គឺជា​ផលិតផល​នៃ​ប្រតិកម្ម​គីមី​ក្នុង​រាងកាយ​ដែលមាន​អុកស៊ីសែន​។ បញ្ហា​នេះ​អាច​ដោះស្រាយបាន​នៅពេល​មាន​ចំនួន​អង់​ទី​អុកស៊ីដ​ង់​គ្រប់គ្រាន់​។ ការទទួលបាន​វីតាមីន C គ្រប់គ្រាន់​ក្នុង​របប​អាហារ វា​នឹង​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ខួរក្បាល​ពី​ការបំពេញ​មុខងារ​ផ្សេងៗ​។ បន្លែ​និង​ផ្លែឈើ​ជាច្រើន​ដូចជា ក្រូច និង​សណ្តែក​សុទ្ធតែ​សម្បូរ​វីតាមីន C ទាំងអស់​។ 
 
​វីតាមីន B12
 
​វីតាមីន​ប្រភេទ​នេះ​ជា​អ្នកថែរក្សា​សុខភាព​កោសិកា​សរសៃប្រសាទ បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន ពង្រឹង​ដល់​ការ​មាន​អារម្មណ៍ល្អ បង្ការ​ការ​ភ្លេចភ្លាំង ជំរុញ​ដល់​ថាមពល​ខួរក្បាល និង​បង្កើន​សម្បក​ការពារ​សរសៃប្រសាទ​។ បញ្ហា​ផ្លូវចិត្ត​ជាច្រើន​បានកើត​ឡើង​ដោយសារ​ការ​កង្វះ​នៃ​សម្បក​ការពារ​សរសៃប្រសាទ​នេះឯង​។ សាច់គោ សាច់ជ្រូក ត្រី សាច់​បក្សី និង​សាច់សត្វ​សុទ្ធតែ​សម្បូរ​វីតាមីន B12 ទាំងអស់​។ 
 
​អាស៊ីត​ហ្វូ​លិ​ក​
 
​ចំនួន​សារធាតុ Homocysteine ក្នុង​ឈាម​ត្រូវបាន​គ្រប់គ្រង​ដោយ​អាស៊ីត​ហ្វូ​លិ​ក​។ មនុស្ស​យើង​គួរតែ​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​ឱ្យបាន​ច្រើន ព្រោះ​សារធាតុ Homocysteine ត្រូវបាន​គេ​រកឃើញថា នឹង​ទៅ​បំផ្លាញ​កោសិកា​របស់​ខួរក្បាល​នៅពេល​វា​មាន​ចំនួន​ច្រើន​។ ទោះបីជា​យ៉ាងណាក៏ដោយ រឿងនេះ​កើតឡើង​ពេលដែល​កង្វះ​ថាមពល​ក្នុង​ខួរក្បាល​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត អាស៊ីត​ហ្វូ​លិ​ក​នឹង​ជួយ​ពង្រឹង​ដល់​ការតាំង​ស្មារតី និង​ការ​ភ្លេចភ្លាំង​រយៈពេល​ខ្លី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com