អន្តរជាតិ
លោក Thanathorn ត្រូវ​តែងតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប្រជែង​លោក ប្រា​យុទ្ធ​
05, Jun 2019 , 10:33 am        
រូបភាព
លោក Thanathorn Juangroongruangkit ប្រធានបក្សឆ្ពោះទៅមុខ (ឆ្វេង) និង លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ
លោក Thanathorn Juangroongruangkit ប្រធានបក្សឆ្ពោះទៅមុខ (ឆ្វេង) និង លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ
ដោយ:
​សម្ព័ន្ធភាព​ប្រឆាំង​របប​សឹក​ថៃ បានសម្រេច​តែងតាំង​អ្នកនយោបាយ​វ័យក្មេង លោក Thanathorn Juangroongruangkit ប្រធាន​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ប្រជែង​នឹង​នាយករដ្ឋមន្ត្រី​ថៃ​សព្វថ្ងៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុងការ​បោះឆ្នោត​នា​ថ្ងៃ​ពុធ​ទី ៥ មិថុនា ។  អ្វី​ជា​ចម្ងល់​នោះ ការសម្រេច​តែងតាំង​នេះ ធ្វើឡើង​ទោះបីជា​លោក Thanathorn បច្ចុប្បន្ននេះ ត្រូវបាន​ព្យួរ​តួនាទី​ជា​សមាជិកសភា ក្រោម​បណ្តឹង​របស់​តុលាការ​ធម្មនុញ​ថៃ ។​

 
​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​អង្គារ​ទី ៤ មិថុនា លោកស្រី Pannika Wanich  អ្នកនាំពាក្យ​ឲ្យ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ បញ្ជាក់​ឲ្យ​ដឹងថា សម្ព័ន្ធភាព​បក្ស​គាំទ្រ​ប្រជាធិបតេយ្យ​ចំនួន​៧ បានរួម​គ្នា​សម្រេច​តែងតាំង​លោក Thanathorn សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណែង​នាយករដ្ឋមន្ត្រី​ថៃ នា​ថ្ងៃទី ៥ មិថុនា​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍  អគ្គលេខាធិការ​បក្ស​ភឿ​ថៃ លោក Phumtham Wechayachai បាន​លើកឡើងថា គណបក្ស​លោក បាន​យល់ព្រម​គាំទ្រ​លោក Thanathorn ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​សម្ព័ន្ធភាព​បក្ស​ទាំង​៧​។  ជាមួយគ្នានេះ លោក បន្ថែមថា  បក្ស​ភឿ​ថៃ នឹងមិន​តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ប្រជែង​នឹង​បក្ស​អនាគត​ឆ្ពោះទៅមុខ​របស់ លោក Thanathorn នោះឡើយ​។ 
 
​ការសម្រេចចិត្ត​របស់​បក្ស​ភឿ​ថៃ គាំទ្រ​លោក​ថាក់ស៊ីន នេះ ធ្វើឡើង​ដោយ​គោរព​តាម​ជំហរ​របស់​លោកស្រី Sudarat Keyuraphan មន្ត្រីជាន់ខ្ពស់​បក្ស​ភឿ​ថៃ ដែល​បានប្រកាស​មិន​ទទួលយក​តំណែង​កំពូល​នេះ​។ គួរ​កត់ចំណាំ​ផងដែរ​ថា សម្ព័ន្ធភាព​គាំទ្រ​របប​សឹក ដែល​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ នឹង​តែងតាំង​លោក​ប្រា​យុទ្ធ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ​។ 
 
​សូម​បញ្ជាក់ដែរថា អ្នកនយោបាយ​វ័យក្មេង  Thanathorn ដែល​ទើប​លេចមុខ​ក្នុង​ឆាកនយោបាយ​ថៃ កាលពី​ឆ្នាំមុន ហើយ​បក្ស​លោក​ជាប់​លេខ​៣​ក្នុងការ​បោះឆ្នោត​កាលពី​មីនា បាន​អះអាងថា លោក បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​លើកឡើង​ពី​ចក្ខុវិស័យ​ដឹកនាំ​ប្រទេស​របស់លោក ព្រោះថា​ប្រជាជន គួរតែ​យល់ដឹង​ពី​របៀប​ដឹកនាំ​ប្រទេស​របស់​នាយករដ្ឋមន្ត្រី​ថ្មី​៕

Tag:
 ​ថៃ​
  Thanathorn Juangroongruangkit
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com