ជាតិ
សិល្បះ
កាសែតកូរ៉េ៖ តារា K-Pop Tzuyu មកលំហែកាយនៅកម្ពុជា ប៉ុន្តែសិទ្ធិឯកជនត្រូវបានរំខាន
× តារាចម្រៀង Chou Tzuyu នៃក្រុម K-Pop TWICE របស់កូរ៉េខាងត្បូង ស្ថិតក្នុងវិស្សមកាលនៅកម្ពុជា ហើយឆ្លៀតបំពេញការងារសប្បុរសធម៌។ Tzuyu រីករាយយ៉ាងខ្លាំងនៅលើទឹកដីនៃស្នាមញញឹម ប៉ុន្តែទន្ទឹមជាមួយគ្នានោះ កាសែតកូរ៉េ Korea Boo បានលើកឡើងថា សិទ្ធិឯកជនភាពរបស់តារាចម្រៀងដើមកំណើតតៃវ៉ាន់រូបនេះ ហាក់ត្រូវបានរំខានយ៉ាងខ្លាំង ដោយសារតែក្រុមអ្នកគាំទ្រ។
Tzuyu វ័យ១៩ឆ្នាំ ដែលជាប់ចំណាត់ថ្នាក់មុខស្រស់ស្អាតជាងគេលំដាប់លេខ២ប្រចាំឆ្នាំ២០១៨ ក្នុងបញ្ជី TC Candler និង The Independent Critics នោះ ជាសមាជិកម្នាក់ក្នុងចំណោម៩នាក់នៃក្រុម K-Pop TWICE ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥។
TWICE ក្លាយជាក្រុម K-Pop មួយដ៏ល្បីល្បាញនៅកូរ៉េខាងត្បូង ហើយ ក៏មានអ្នកគាំទ្រជាច្រើននៅកម្ពុជាផងដែរ។ Tzuyu ដែលជាសមាជិកក្រុមម្នាក់នោះ បានមកលំហែកាយនៅកម្ពុជា ជាមួយក្រុមគ្រួសារ ជាពិសេសនៅរាជាធានីភ្នំពេញ និងខេត្តសៀមរាប។
អ្នកគាំទ្រនៅកម្ពុជារំភើបយ៉ាងខ្លាំង ដោយបានដឹងថា តារាចម្រៀងដែលខ្លួនស្រឡាញ់មានវត្តមាននៅកម្ពុជា ដោយអ្នកខ្លះ បានតាមថត Selfies សុំហត្ថលេខា និងជូនកាដូមួយចំនួន។ ថ្វីត្បិតតែ Tzuyu បង្ហាញតែស្នាមញញឹមរួសរាយរាក់ទាក់ក៏ដោយ ប៉ុន្តែកាសែតកូរ៉េ និងអ្នកប្រើប្រាស់បណ្តាញសង្គមកូរ៉េមួយចំនួន សំដែងនូវការសោកស្តាយដែលជីវិតឯកជនរបស់តារានៃក្រុម TWICE មួយនេះត្រូវបានរំខាន។
Korea Boo ដែលជាសារព័ត៌មានអនឡាញជាភាសាអង់គ្លេសដ៏ល្បីល្បាញមួយរបស់កូរ៉េ បានឲ្យដឹងថា អ្នកគាំទ្រម្នាក់ បានទៅកក់បន្ទប់សណ្ឋាគារដែល Tzuyu និងគ្រួសារស្នាក់នៅ ហើយគេដឹងរាល់ដំណើររបស់តារា K-Pop រូបនេះ។
«ទំនងទំនងរវាង Idol និងអ្នកគាំទ្រ ជារឿងដ៏អស្ចារ្យមួយ ប៉ុន្តែអ្នកគាំទ្រគួរតែមានការគោរពចំពោះសិទ្ធិឯកជន ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ Idol របស់ខ្លួន»។ នេះជាការលើកឡើងក្នុង Korea Boo ដោយបន្ថែមថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការគោរពឯកជនភាព ព្រោះថា Tzuyu មកកម្ពុជាជាលក្ខណៈឯកជន ដូច្នេះមិនមានការរក្សាសន្តិសុខផ្លូវការជូននាងនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com