អន្តរជាតិ
នយោបាយអន្តរជាតិ
លោក អាប់ភីស៊ីត បោះបង់កៅអីសភា ក្រោយបក្សប្រជាធិបតេយ្យរួមដៃជាមួយបក្សលោក ប្រាយុទ្ធ អតីតមេដឹកនាំបក្សប្រជាធិតេយ្យ លោក អាប់ភីស៊ីត វ៉េចាជីវ៉ា (Abhisit Vejjajiva) បានសម្រេចចុះចេញពីតំណែងជាសមាជិកសភា នៅព្រឹកថ្ងៃទីពុធទី ៥ មិថុនា
× អតីតមេដឹកនាំបក្សប្រជាធិតេយ្យ លោក អាប់ភីស៊ីត វ៉េចាជីវ៉ា (Abhisit Vejjajiva) បានសម្រេចចុះចេញពីតំណែងជាសមាជិកសភា នៅព្រឹកថ្ងៃទីពុធទី ៥ មិថុនា ។ ការដើរចេញនេះ ធ្វើឡើងមួយថ្ងៃក្រោយពីសមាជិកជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ បានបោះឆ្នោតចូលរួមជាមួយសម្ព័ន្ធភាពគាំទ្ររបបសឹក។
ក្នុងលទ្ធផលបោះឆ្នោត ៦១ ទល់នឹង ១៦ កាលពីយប់ថ្ងៃអង្គារទី ៤ មិថុនា បក្សប្រជាធិបតេយ្យ បានសម្រេចចូលរួមដៃជាមួយសម្ព័ន្ធភាពគាំទ្ររបបយោធាថៃ ដែលដឹកនាំដោយបក្សកម្លាំងប្រជារាស្ត្រ។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ៥ មិថុនានេះ ដែលសភានឹងជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរនោះ លោក អាប់ភីស៊ីត បានសម្រេចលាលែងពីតំណែងជាសមាជិកសភាតែម្ដង។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English ក្រៅពីលោក អាប់ភីស៊ីត សមាជិកនៃបក្សប្រជាធិតេយ្យ៤នាក់ផ្សេងទៀត ក៏បានប្រកាសលាលែងតំណែង ដែលក្នុងនោះមាន ក្មួយប្រុសបង្កើតរបស់លោកអាប់ភីស៊ីត លោក Parit Wacharasindhu និងអតីតប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ លោក Somchai Srisutthiyakorn ជាដើម។
ទាក់ទិននឹងការដើរចេញពីកៅអីសភានេះ លោក អាប់ភីស៊ី តាមរយៈបណ្តាញសង្គមហ្វេសបុក គូសបញ្ជាក់ថា លោកពុំអាចដើរចូលទៅក្នុងសភា និងបោះឆ្នោតប្រឆាំងទៅនឹងការតាំងចិត្តយ៉ាងមុតមាំរបស់បក្សលោកឡើយ។ នេះជាការសន្យាដែលលោកបានបង្កើតឡើងទៅកាន់ប្រជាជនថៃនៅទូទាំងប្រទេស។
លើសពីនេះ លោក អាប់ភីស៊ីត ចាត់ទុកការលាលែងពីតំណែងនេះ ជាការចាំបាច់បំផុតសម្រាប់លោក ដ្បិតលោកធ្លាប់បានប្តេជ្ញាថា លោកនឹងមិនគាំទ្រមេដឹកនាំរបបសឹក លោក ប្រាយុទ្ធ ចន្ទអូចា ធ្វើជានាយករដ្ឋមន្ត្រីថៃឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com