ជាតិ
អ្នកឯកទេស​ខាង​ទឹកភ្លៀង​ពី​កូរ៉េខាងត្បូង នឹង​មក​ធ្វើ​បទ​បង្ហាញ​នៅ​កម្ពុជា​
05, Jun 2019 , 3:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក Mooyoung Han អ្នកឯកទេស​ទឹកភ្លៀង​ពី​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​មក​ធ្វើជា​វាគ្មិន​កិត្តិយស​ក្នុង​សិក្ខាសាលា​ស្ដីពី​«​ការប្រមូល​ទឹកភ្លៀង​ជា​ដំណោះស្រាយ​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ​៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ករណី​សិក្សា​» នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រាជបណ្ឌិត្យសភាកម្ពុជា​។​


 
​សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩ វេលា​ម៉ោង​៨ ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅ​សាល​នាងនួន​អគារ F នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​
 
​កម្មវិធី​នេះ រៀបចំឡើង​ដើម្បី​ជាការ​រួមចំណែក​ចែករំលែក​ចំណេះដឹង សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​ទីក្រុង និង​ជនបទ អំពី​បច្ចេកវិទ្យា​ថ្មី​ប្រែក្លាយ​ទឹកភ្លៀង បង្កើន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​នានា ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា និង​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល​។​
 
​លោក​សាស្ត្រាចារ្យ Mooyoung Han ជា​ដឹកនាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទឹកភ្លៀង នៅក្នុង​សកលវិទ្យា​ល័យ​ជាតិ​សេ​អ៊ូ​ល ហើយ​លោក​ក៏​ជា​សមាជិក​របស់​សមាគម​ទឹក​អន្តរជាតិ (IWA) និង​ជា​ប្រធាន​របស់​ក្រុម​អ្នកឯកទេស​ខាង​គ្រប់គ្រង និង​ការប្រមូល​ទឹកភ្លៀង នៃ​សមាគម​ទឹក​អន្តរជាតិ (IWA RWHM)​។​
 
​លោក​សាស្ត្រាចារ្យ បានទទួល​រង្វាន់​នៃ​ការបោះពុម្ពផ្សាយ​ឆ្នើម​ប្រចាំឆ្នាំ​២០០៥ ដោយ​សមាគម​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បរិស្ថាន (AEESP), រង្វាន់ PIA ប្រចាំឆ្នាំ​២០១០ និង ២០១២ ជាមួយ​ការលើកកម្ពស់​ទីក្រុង​ដែល​ប្រើប្រាស់​ទឹកភ្លៀង រង្វាន់​សកលលោក​នៃ​ថាមពល​អន្តរជាតិ​ប្រចាំឆ្នាំ​២០១២ និង​២០១៣ ជាមួយនឹង​គម្រោង​ដំបូល​បៃតង​ប្រកបដោយ​ន​វា​នុ​វត្ត ជា​ទំនាក់ទំនង​រវាង​ទឹក ថាមពល និង​អាហារ​។ 
 
​នៅក្នុង​វេទិកា​ទឹក​ពិភពលោក​ឆ្នាំ​២០១៥ លោក​បានទទួល​រង្វាន់​ពីរ​ទៀត នៅក្នុង​ការប្រកួតប្រជែង​បទ​បង្ហាញ និង​បញ្ហា​ប្រឈម​ទឹក​លើ​ពិភពលោក​។ លោក​ក៏​កំពុងផ្តល់​សេវាកម្ម​ស្ម័គ្រចិត្ត​របស់ RWD (​ទឹកភ្លៀង​សម្រាប់​បរិភោគ​) ដោយ​បង្ហាញ​ពី​គម្រោង​នានា នៅក្នុង​ប្រទេស​កូរ៉េ​និង​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ជាមួយនឹង​គំនិត​ប្រកបដោយ​ន​វា​នុ​វត្ត​ជាច្រើន​៕
 

Tag:
 ទឹកភ្លៀង​
  Mooyoung Han
© រក្សាសិទ្ធិដោយ thmeythmey.com