ជាតិ
ត្រី​កាហែ​ក្រហម​
05, Jun 2019 , 7:19 pm        
រូបភាព
​ត្រី​កាហែ​ក្រហម​។ រូបភាព​៖ Dinh D. Tran / ffish.asia
​ត្រី​កាហែ​ក្រហម​។ រូបភាព​៖ Dinh D. Tran / ffish.asia
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប វា​រស់នៅ​ពាក់កណ្តាល​ជម្រៅ​ទឹក ក្នុង​ទន្លេធំៗ និង​មធ្យម តំបន់​វាលទំនាប​លិច​ទឹក និង​ទន្លេមេគង្គ​។​

 
​ត្រី​កាហែ​ក្រហម មានឈ្មោះ​វិទ្យាសាស្ត្រ (Barbonymus altus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Red-tail tinfoil barb មាន​ប្រវែង​ដងខ្លួន​អតិបរមា ២៥ ស​.​ម​។ វា​ធ្វើចរាចរ​ផ្លាស់​ទី​ចុះមក​តំបន់​វាលទំនាប​លិច​ទឹក​ក្នុង​ខែតុលា និង​ឡើងទៅ​ទន្លេមេគង្គ​វិញ ចាប់ពី​ខែមករា​-​កុម្ភៈ​។ ត្រី​ប្រភេទ​នេះ ពង​-​កូន​ក្នុង​រដូវរ​ស្សា ចាប់ពី​ខែកក្កដា ដល់​ខែសីហា នៅតាម​តំបន់​វាលទំនាប​លិច​ទឹក និង​ព្រៃ​លិច​ទឹក ទី​ដែល​គ្មាន​ចរន្តទឹក​ហូរ​។ វា​បណ្តែត​ពង​ក្នុង​ទឹក ដោយ​ពង​ទាំងនោះ នឹង​ញាស់​ក្នុង​រយៈពេល ១២​ម៉ោង​ក្រោយមក​។ វា​ស៊ី​វារិ​ជាតិ និង​ផ្ល​ង់​តុង​រុក្ខជាតិ​អាហារ​។​
 
​ត្រី​កាហែ​ក្រហម ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក ការបាត់បង់​ព្រៃ​លិច​ទឹក ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ និង​ប្រភេទ​ផ្សេងទៀត​នាពេល​បច្ចុប្បន្ន​៕

© រក្សាសិទ្ធិដោយ thmeythmey.com