កីឡាអន្តរជាតិ
អន្តរជាតិ
Maradona អះអាងថា គាត់​អាច​នាំ Man Utd ឲ្យ​ខ្លាំង​ឡើងវិញ​បាន​
05, Jun 2019 , 7:39 pm        
រូបភាព
​វីរបុរស​អា​ហ្ស​ង់​ទីន Diego Maradona បាន​អះអាង​ដោយ​ភាពក្លាហាន​ថា​លោក​អាចជួយ​ដឹកនាំ​ក្រុម Manchester United ឲ្យ​ជោគជ័យ​ដើម្បី​ស្តារ​មុខមាត់ និង​ភាពខ្លាំង​របស់​ក្លិប​នេះ​វិញ​បាន​។​


 
​ក្រុម​បិសាច​ក្រម​ត្រូវបានគេទទួលស្គាល់​ថា​ជា​ក្រុម​ដែលមាន​កិត្យានុភាព​ក្រោម​ការដឹកនាំ​របស់លោក Sir Alex Ferguson​។ ប៉ុន្តែ​ចាប់តាំងពី​អ្នកចាត់ការ​សញ្ជាតិ​ស្កុ​តឡែ​ន​ចាក​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០១៣​មក ក្លិប​ដែល​មាល​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ​ក៏​ចាប់ផ្តើម​ធ្លាក់​ទម្រង់​លេង និង​ប្រជាប្រិយភាព​របស់ខ្លួន​ដែរ​។​
 
​លោក David Moyes, Louis van Gaal និង​លោក Jose Mourinho សុទ្ធតែ​មិនអាច​នាំ Man Utd បង្ហាញ​ភាពខ្លាំង​ឡើងវិញ​បានឡើយ បើទោះជា​ពួកគេ​ទទួលបាន​កញ្ចប់​ទឹកប្រាក់​ដ៏​ច្រើន​ដើម្បី​ទិញ​កីឡាករ​ល្អៗ​ទៅ​រួម​ក្រុម​ក្តី​។ លោក Ole Gunnar Solskjaer ដែល​ឡើងទៅ​ជំនួស​លោក Mourinho កាលពី​ខែធ្នូ ក៏​មិនអាច​នាំ Man Utd បាន​កៅអី​លេង Champions League រដូវ​ក្រោយ​ដែរ បន្ទាប់ពី​ក្រុម​បញ្ចប់ទៅ​ត្រឹម​ចំណាត់ថ្នាក់​ទី​៦ ក្នុង​តារាង Premier League រដូវ​កាល​មុន​។​


 
​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​លោក Maradona បើ​ទោះ​ធ្លាប់ជួយ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លើក​ពាន World Cup ឆ្នាំ​១៩៨៦ ប៉ុន្តែ​ស្ទើរតែ​មិនដែល​ទទួលបាន​ជោគជ័យ​អ្វី​សោះ​ក្នុងនាម​ជា​គ្រូបង្វឹក បែ​ជា​ចេញមុខ​អះអាង​ដោយ​ជឿជាក់ថា​លោក​អាចធ្វើ​ឲ្យ Man Utd ក្លាយជា​ក្រុម​មាន​ឥទ្ធិពល​សារជាថ្មី​វិញ​បាន​។ 
 
​បុរស​វ័យ​៥៨​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម Dorados នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ម៉ិ​ក​ស៊ិ​កបាន​ប្រាប់ FourFourTwo ថា​ប្រសិនបើ Manchester United ត្រូវការ​គ្រូបង្វឹក Maradona ជា​បុរស​តែ​ម្នាក់​គត់​ដែល​អាចធ្វើ​វា​បាន​។​
 
«​ខ្ញុំ​ដឹងថា​ពួកគេ​លក់​អាវ​បាន​ច្រើនណាស់​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​ការ​ឈ្នះ​ពានរង្វាន់​ដែរ ហើយ​ខ្ញុំ​អាច​ធ្វើបាន​សម្រាប់​ពួកគេ​។ Man Utd ជា​ក្រុម​មួយ​នៅ​អង់គ្លេស​ដែល​ខ្ញុំ​ធ្លាប់​ចូលចិត្ត​ជា​យូរ​មកហើយ និង​សម្បូរ​កីឡាករ​ល្អៗ​ទៀតផង ហើយ​ពួកគេ​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​ក្រោម​ការដឹកនាំ​របស់លោក Alex Ferguson»​។ យ៉ាងណាក៏ដោយ Maradona ក៏បាន​បង្ហាញ​អារម្មណ៍​ពិត​ថា​សព្វថ្ងៃ​ក្រុម​នៅ​អង់គ្លេស​ដែល​លោក​ពេញចិត្ត​ជាងគេ​គឺ Manchester City​។​
 
​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Boca Juniors, Napoli, Sevilla និង Barcelona ក៏បានផ្តល់​យោបល់​ផ្ទាល់ខ្លួន​ទៅលើ Paul Pogba នៅ Old Trafford ផងដែរ ខណៈ​ខ្សែបម្រើ​បារាំង​រូបនេះ​កំពុងមាន​ពាក្យ​ច​ចាម​អារាម​ថា​អាច​នឹង​ផ្លាស់​ទៅ Real Madrid ឬ Juventus​។ 
 
«​សម្រាប់​ក្រុម Man Utd ខ្ញុំ​ចូលចិត្ត Ander Herrera​។ Paul Pogba មិនសូវ​ប្រឹងប្រែង​លេង​នោះទេ​។ នេះ​ជាការ​យល់ឃើញ​របស់លោក Maradona៕

Tag:
 បាល់ទាត់​
  Diego Maradona
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com