កីឡាអន្តរជាតិ
អន្តរជាតិ
Maradona អះអាងថា គាត់អាចនាំ Man Utd ឲ្យខ្លាំងឡើងវិញបាន
× វីរបុរសអាហ្សង់ទីន Diego Maradona បានអះអាងដោយភាពក្លាហានថាលោកអាចជួយដឹកនាំក្រុម Manchester United ឲ្យជោគជ័យដើម្បីស្តារមុខមាត់ និងភាពខ្លាំងរបស់ក្លិបនេះវិញបាន។
ក្រុមបិសាចក្រមត្រូវបានគេទទួលស្គាល់ថាជាក្រុមដែលមានកិត្យានុភាពក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។ ប៉ុន្តែចាប់តាំងពីអ្នកចាត់ការសញ្ជាតិស្កុតឡែនចាកចេញពីតំណែងក្នុងឆ្នាំ២០១៣មក ក្លិបដែលមាលមូលដ្ឋានក្នុងក្រុង Manchester មួយនេះក៏ចាប់ផ្តើមធ្លាក់ទម្រង់លេង និងប្រជាប្រិយភាពរបស់ខ្លួនដែរ។
លោក David Moyes, Louis van Gaal និងលោក Jose Mourinho សុទ្ធតែមិនអាចនាំ Man Utd បង្ហាញភាពខ្លាំងឡើងវិញបានឡើយ បើទោះជាពួកគេទទួលបានកញ្ចប់ទឹកប្រាក់ដ៏ច្រើនដើម្បីទិញកីឡាករល្អៗទៅរួមក្រុមក្តី។ លោក Ole Gunnar Solskjaer ដែលឡើងទៅជំនួសលោក Mourinho កាលពីខែធ្នូ ក៏មិនអាចនាំ Man Utd បានកៅអីលេង Champions League រដូវក្រោយដែរ បន្ទាប់ពីក្រុមបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់ទី៦ ក្នុងតារាង Premier League រដូវកាលមុន។
ជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់លោក Maradona បើទោះធ្លាប់ជួយជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup ឆ្នាំ១៩៨៦ ប៉ុន្តែស្ទើរតែមិនដែលទទួលបានជោគជ័យអ្វីសោះក្នុងនាមជាគ្រូបង្វឹក បែជាចេញមុខអះអាងដោយជឿជាក់ថាលោកអាចធ្វើឲ្យ Man Utd ក្លាយជាក្រុមមានឥទ្ធិពលសារជាថ្មីវិញបាន។
បុរសវ័យ៥៨ឆ្នាំ ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Dorados នៃលីគកីឡាបាល់ទាត់កំពូលម៉ិកស៊ិកបានប្រាប់ FourFourTwo ថាប្រសិនបើ Manchester United ត្រូវការគ្រូបង្វឹក Maradona ជាបុរសតែម្នាក់គត់ដែលអាចធ្វើវាបាន។
«ខ្ញុំដឹងថាពួកគេលក់អាវបានច្រើនណាស់នៅជុំវិញពិភពលោក ប៉ុន្តែពួកគេក៏ត្រូវការឈ្នះពានរង្វាន់ដែរ ហើយខ្ញុំអាចធ្វើបានសម្រាប់ពួកគេ។ Man Utd ជាក្រុមមួយនៅអង់គ្លេសដែលខ្ញុំធ្លាប់ចូលចិត្តជាយូរមកហើយ និងសម្បូរកីឡាករល្អៗទៀតផង ហើយពួកគេជាក្រុមដ៏អស្ចារ្យមួយក្រោមការដឹកនាំរបស់លោក Alex Ferguson»។ យ៉ាងណាក៏ដោយ Maradona ក៏បានបង្ហាញអារម្មណ៍ពិតថាសព្វថ្ងៃក្រុមនៅអង់គ្លេសដែលលោកពេញចិត្តជាងគេគឺ Manchester City។
អតីតខ្សែប្រយុទ្ធឆ្នើម Boca Juniors, Napoli, Sevilla និង Barcelona ក៏បានផ្តល់យោបល់ផ្ទាល់ខ្លួនទៅលើ Paul Pogba នៅ Old Trafford ផងដែរ ខណៈខ្សែបម្រើបារាំងរូបនេះកំពុងមានពាក្យចចាមអារាមថាអាចនឹងផ្លាស់ទៅ Real Madrid ឬ Juventus។
«សម្រាប់ក្រុម Man Utd ខ្ញុំចូលចិត្ត Ander Herrera។ Paul Pogba មិនសូវប្រឹងប្រែងលេងនោះទេ។ នេះជាការយល់ឃើញរបស់លោក Maradona៕
Tag:
បាល់ទាត់
Diego Maradona
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com